លោក ប៉ែន កុសល មន្ត្រីនៃអង្គការសម្រាប់ភាពញញឹមរបស់កុមារ (For the Smile of a Child) ដែលជាអង្គការក្រៅរដ្ឋាភិបាលបារាំង បានប្រាប់ទីភ្នាក់ងារព័ត៌មានអេ.ភី. ថា លោកស្រី Cindy McCain ដែលចូលរួមយ៉ាងសកម្ម ជាយូរមកហើយ ជាមួយអង្គការជំនួយមនុស្សធម៌ គឺជាមនុស្សសាមញ្ញ និងចូលចិត្តក្មេងៗទាំងនោះណាស់ ។
លោកថា នៅពេលជួបសំណេះសំណាល ជាមួយកុមាររើសសំរាម ដែលអង្គការរបស់លោកបានផ្តល់អាហារពេលព្រឹកសម្រាប់ពួកគេនោះ លោកស្រី Cindy McCain បានឱបកុមារទាំងនោះ ដោយមិនខ្ពើមរអើមឡើយ បើទោះជាពួកគេមានសម្លៀកបំពាក់កខ្វក់ ក៏ដោយ ។
លោក ចេហ្វ ដៃហ្គល (Jeff Daigle) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Cindy McCain ភរិយាបេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ លោក John McCain នៅកម្ពុជាឡើយ ដោយគ្រាន់តែថ្លែងថា នេះជាដំណើរទស្សនកិច្ចឯកជនតែប៉ុណ្ណោះ ដែលរៀបចំឡើងដោយអង្គការស្បៀងអាហារពិភពលោក ។
សូមជម្រាបថា អង្គការ For the Smile of a Child បានទទួលជំនួយជាអង្ករ ពីអង្គការស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ដើម្បីឧបត្ថម្ភដល់កុមារានិងកុមារី ប្រមាណជា ៦០០០នាក់ ដែលភាគច្រើនរស់នៅជាមួយក្រុមគ្រួសារ នៅក្បែរកន្លែងចាក់សំរាម ហើយនាំគ្នារុករកកកាយរើសកំប៉ុង សម្បកដប និងថង់ផ្លាស្ទីក ពីគំនរសំរាម ដើម្បីលក់យកកម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃ ៕
