អាមេរិក​សរសើរ​កម្ពុជា​ថា បំពេញ​តួនាទី​ប្រធាន​អាស៊ាន​បាន​ល្អ

ភារធារី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ជេហ្វ ដៃហ្គល (Jeff Daigle)។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃសៅរ៍ ទី​៧ ខែ​មេសា គឺ​បន្ទាប់​ពី​ពិធី​បើក​ពិព័រណ៍​អប់រំ​កម្ពុជា-អាមេរិក នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ថា សហ​រដ្ឋ​អាមេរិក​គាំទ្រ​ចំពោះ​កិច្ច​ប្រជុំ​អាស៊ាន ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ ជា​ពិសេស​ចំពោះ​ប្រធាន​បទ​ដែល​ផ្ដោត​ទៅ​លើ​ការ​កាត់​បន្ថយ​គំលាត​សេដ្ឋកិច្ច​ក្នុង​តំបន់។

ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ជេហ្វ ដៃហ្គល ក៏​បាន​បញ្ជាក់​ដែរ​ថា សហ​រដ្ឋ​អាមេរិក​បន្ត​គាំ​ទ្រ​អាស៊ាន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​ដោយ​សន្តិវិធី និង​ថា សហ​រដ្ឋ​អាមេរិក​ពុំ​មាន​និន្នាការ​គាំទ្រ​ភាគី​ណា​មួយ​នៃ​ជម្លោះ​ដណ្ដើម​ដែន​កោះ​នោះ​ទេ។

ប្រទេស​កម្ពុជា​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ក្រោយ​ពី​បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​នេះ​ចាប់​ពី​ថ្ងៃ​ទី​២ ខែ​មេសា ក្រោម​កិច្ច​ការពារ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​យ៉ាង​តឹងរ៉ឹង​បំផុត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។