ទីភ្នាក់ងារ​អាមេរិក​ប្រកាស​ផ្ដល់​គម្រោង​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​មេគង្គ​ក្រោម

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​ទីភ្នាក់ងារ​អវកាស​ជាតិ​សហរដ្ឋអាមេរិក (NASA) កាលពី​ថ្ងៃ​ទី​៦ តុលា បាន​ប្រកាស​គម្រោង​រយៈពេល ៥​ឆ្នាំ ដែល​ជំរុញ​ការ​ប្រើប្រាស់​រូបភាព​ពី​ផ្កាយរណប ដើម្បី​ជួយ​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម ធ្វើ​ការ​ទស្សន៍ទាយ និង​ដោះស្រាយ​បាន​ល្អ​ចំពោះ​ទឹក​ជំនន់ និង​គ្រោះ​​ធម្មជាតិ​ដទៃ​ទៀត ព្រមទាំង​បង្កើន​សមត្ថភាព​ទប់ទល់​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ តុលា ឲ្យ​ដឹង​ថា គម្រោង ៥​ឆ្នាំ​នេះ មាន​ឈ្មោះ​ថា សឺរវៀរ មេគង្គ (SERVIR MEKONG) ឧបត្ថម្ភ​ថវិកា​ដោយ​ទីភ្នាក់ងារ USAID និង NASA និង​អនុវត្ត​ដោយ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះធម្មជាតិ​អាស៊ី។ គម្រោង​នេះ នឹង​ជួយ​ដល់​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា ភូមា ឡាវ ថៃ និង​វៀតណាម ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​រូបភាព​តាម​ផ្កាយរណប ទិន្នន័យ​នៃ​ទីតាំង​នៅ​លើ​ផែនដី ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ លើ​បញ្ហា​គ្រប់គ្រង​ទឹក ផែនការ​ក្នុង​ការ​ប្រើប្រាស់​ដី ការ​បន្ថយ​ហានិភ័យ​នៃ​គ្រោះធម្មជាតិ ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ជាដើម។

លោក​បណ្ឌិត ម៉ៃខល យ៉េត (Michael Yates) ប្រធាន​បេសកកម្ម​អភិវឌ្ឍន៍​ប្រចាំ​តំបន់​អាស៊ី​របស់​ទីភ្នាក់ងារ USAID គូស​បញ្ជាក់​ថា ការ​ប្រើ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ល្អៗ គឺ​មាន​សារសំខាន់​ច្រើន​ក្នុង​កិច្ច​ការពារ​ប្រព័ន្ធ​បរិស្ថាន អេកូឡូស៊ី​នៅ​ក្នុង​តំបន់ និង​ទំនិញ ព្រមទាំង​ផ្ដល់​សេវា​ឲ្យ​សង្គម។ ក្រោម​គម្រោង​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​អាស៊ី អ្នក​វិទ្យាសាស្ត្រ​របស់​ទីភ្នាក់ងារ NASA និង​អ្នក​ដទៃ​ទៀត នឹង​ធ្វើការ​ជាមួយ​គ្នា ដើម្បី​រៀបចំ​មធ្យោបាយ​ក្នុង​ការ​កសាង​សមត្ថភាព​ទប់ទល់​នឹង​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​​នៅ​ក្នុង​តំបន់។

​ពាក់ព័ន្ធ​នឹង​គម្រោង​របស់​ទីភ្នាក់ងារ NASA នេះ អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា លោក​អបអរសាទរ ដោយសារ​ប្រទេស​កម្ពុជា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជួប​បញ្ហា​គ្រោះ​មហន្តរាយ​ជា​ច្រើន រួម​មាន​ភាព​រាំង​ស្ងួត និង​ទឹក​ជំនន់។

លោក ញឹម វណ្ណដា មាន​ប្រសាសន៍​បន្ត​ថា បញ្ហា​រាំងស្ងួត​កំពុង​កើត​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ដែល​នឹង​អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​និង​ដំណាំ​រួមផ្សំ។

លោក ញឹម វណ្ណដា អះអាង​ថា ក្នុង​ជំនួប​កាល​ពី​សប្ដាហ៍​មុន ជាមួយ​អគ្គរាជទូត​ជប៉ុន គឺ​រដ្ឋាភិបាល​ជប៉ុន មាន​គម្រោង​ជួយ​ដល់​ប្រទេស​កម្ពុជា ផង​ដែរ ដើម្បី​ផ្ដល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​មហន្តរាយ​នានា បណ្ដាល​មក​ពី​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។