មេ​ភូមិ​នៅ​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​យក​ដី​រួម​ធ្វើ​ជា​សម្បត្តិ​ឯកជន

ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ជាច្រើន​គ្រួសារ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ភូមិ​នេះ​បាន​រំលោភ​យក​ដី​បេឡា​រួម​ភូមិ​ទៅ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន។

0:00 / 0:00

អ្នកស្រី ហ៊ុំ សុទ្ធិ តំណាង​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​នៅ​ឯ​សាលា​ឃុំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ មីនា​ថា មេ​ភូមិ​ត្រពាំងត្រាច គឺ​លោក មាស ស៊ាប បាន​ប្រើ​អំណាច​ជា​ប្រធាន​ភូមិ​យក​ដី​សម្បត្តិ​រួម​ភូមិ ឬ​ហៅ​ថា​បេឡា​រួម​ភូមិ​ធ្វើ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន។ អ្នកស្រី​បន្ត​ថា ដី​នេះ​ជា​ដី​បេឡា​រួម​ភូមិ​តាំង​ពី​សម័យ​រដ្ឋ​កម្ពុជា​មក​ម្ល៉េះ។ អ្នកស្រី​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មិន​សុខ​ចិត្ត​ឲ្យ​យក​សម្បត្តិ​រួម​ទៅ​ធ្វើ​ជា​សម្បត្តិ​ឯកជន​នោះ​ទេ។

អ្នកស្រី ហ៊ុំ សុទ្ធិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «រឿង​ដែល​ទៅ​ប្ដឹង​ហ្នឹង គឺ​មេ​ភូមិ មាស ស៊ាប, ប៉ែន ហ៊ាង ហ្នឹង​គាត់​យក​ដី​រួម​ភូមិ​ហ្នឹង​យក​មក​ធ្វើ​ជា​ដី​កម្មសិទ្ធិ​របស់​គាត់។ ទាមទារ​យក​មក​ដាក់​ជា​កម្មសិទ្ធិ​រួម​ភូមិ​ដដែល​ដូច​ពី​សម័យ​រដ្ឋ​កម្ពុជា​វិញ»

មេ​ភូមិ​ត្រពាំងត្រាច គឺ​លោក មាស ស៊ាប បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ខាង​លើ ដោយ​លោក​ពន្យល់​ថា ដី​បេឡា​រួម​របស់​ភូមិ​នៅ​ឯ​បឹង​បារាយណ៍​ពុំ​មែន​នៅ​ទី​នេះ​ទេ។ ដី​នេះ​ជា​ចំណែក​ដី​ដែល​អតីត​មេ​ឃុំ​សម័យ​រដ្ឋ​កម្ពុជា​បាន​ចែក​ឲ្យ​លោក។

លោក មាស ស៊ាប ពន្យល់​ថា ៖ «ដី​វាស់​វែង​រួច​អស់​ទៅ​ហើយ វា​មាន​ពាក់ព័ន្ធ​អី​ទៀត។ រឿង​ប្ដឹង​ពី​ខ្ញុំ​ចេះ​តែ​ប្ដឹង​តែ​អ៊ីចឹង។ រឿង​ដី​បេឡា​សេនាជន ដី​បេឡា​នារី បេឡា​យុវជន​អី​ខ្ញុំ​ឲ្យ​ទៅ​អស់​ហើយ។ បេឡា​ភូមិ​នៅ​ភូមិ​សព្វថ្ងៃ​ហ្នឹង ៤​ហិកតា។ ដី​របប​ខ្ញុំ​ផ្សេង​ទេ​តើ!»

ប្រភព​បាន​ឲ្យ​ដឹង​ថា ដី​ដែល​កំពុង​មាន​ទំនាស់​នេះ​គឺ​ជា​ប្រភេទ​ដី​ស្រែ​ទំហំ​១,៦០​ហិកតា ស្ថិត​ក្នុង​ភូមិ​ត្រពាំងត្រាច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ មេ​ភូមិ​ត្រពាំង​ត្រាច គឺ​លោក មាស ស៊ាប បាន​ចុះ​បញ្ជី​ក្នុង​ការ​ធ្វើ​ប្លង់​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ភូមិ​នេះ​ថា ជា​ដី​ឯកជន​របស់​ខ្លួន។

ជំទប់​ទី​១​ឃុំ​រលាប្អៀរ គឺ​លោក អ៊ឹម សេងហន បញ្ជាក់​ចំពោះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ថា ជា​ការ​ត្រឹមត្រូវ ៖ «ពី​ដើម​មក​ក៏​ខ្ញុំ​ធ្លាប់​ធ្វើ​ការងារ​មេ​ឃុំ​នៅ​សម័យ​រដ្ឋ​កម្ពុជា។ កាល​សម័យ​រដ្ឋ​កម្ពុជា​មាន​ដី​បេឡា​ភូមិ មាន​ដី​បេឡា​ក្រុម មាន​រហូត​ដល់​ដី​បេឡា​ឃុំ។ ដល់​ឥឡូវ​នេះ​គេ​កែប្រែ​ទៅ​ទៀត ដោយ​គេ​យក​បេឡា​ភូមិ​នេះ​ដាក់​ជា​សម្បត្តិ​ឯកជន​របស់​ពួក​មេ​ភូមិ ហើយ​យក​ដី​បេឡា​ក្រុម​នៅ​តំបន់​បឹង​បារាយណ៍​ដាក់​ទៅ​ជា​ដី​បេឡា​ភូមិ​ទៅ​វិញ គេ​ផ្លាស់​ប្ដូរ​អ៊ី​ចេះ»

មេ​ឃុំ​រលាប្អៀរ​បច្ចុប្បន្ន គឺ​លោក សោម ហុង មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​ប្រវត្តិ​ដី​ជម្លោះ​នេះ​ទេ ដោយ​លោក​ទើប​តែ​ជាប់​ឆ្នោត​ជា​មេ​ឃុំ​ក្នុង​អាណត្តិ​ថ្មី​នេះ ៖ «ខ្ញុំ​ទើប​ជាប់​ឆ្នោត​ថ្មី​ឆ្នាំ​២០០៧​នេះ​ទេ។ រឿង​នេះ​ជា​រឿង​ចាស់​របស់​គេ បើ​ចង់​ជួប ជួប​មេ​ឃុំ​ចាស់។ ពាក់ព័ន្ធ​ខាង​បេឡា​នេះ​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ទេ»

ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​រលាប្អៀរ គឺ​លោក កែវ សុភណ្ឌ មាន​ប្រសាសន៍​ថា ជា​គោលការណ៍​ដី​ណា​ដែល​មាន​ជម្លោះ ការិយាល័យ​សុរិយោដី​មិន​ចេញ​ប្លង់​ឲ្យ​ទេ​ប្រសិន​បើ​ដំណោះស្រាយ​នៅ​ពុំ​ទាន់​ចប់​សព្វគ្រ​ប់នោះ៕