លោក កូវ យ៉ែម មេឃុំកំពាន់ បានបញ្ជាក់ថា បញ្ហានោះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋនៅភូមិឆ្លូងពីរ ឃុំកំពាន់ ប្រមាណជាង២០នាក់បានផ្តិតមេដៃចោទប្រកាន់អាជ្ញាធរភូមិនោះថា បានជម្រិតទារប្រាក់ពីអ្នកស្រុកក្នុងម្នាក់មួយម៉ឺនរៀលជាថ្នូរទៅនឹងការផ្តល់អត្តសញ្ញាណប័ណ្ណជនក្រីក្រ ឬហៅថា ប័ណ្ណសមធម៌សម្រាប់ជនក្រីក្រដែលធ្វើដោយអង្គការក្រៅរដ្ឋាភិបាលសហការជាមួយក្រសួងផែនការផ្តល់ជូនជនក្រីក្រដោយមិនគិតថ្លៃ។
លោក កូវ យ៉ែម បានបញ្ជាក់ដូច្នេះ ៖ «ខ្ញុំបានរាយការណ៍អស់ហើយ ហើយថវិកាដែលយកមកហ្នឹងបានឲ្យទៅម្ចាស់គេវិញអស់ហើយ។ គាត់ផ្ទាល់ខ្លួនគាត់។ គាត់បានធ្វើកិច្ចសន្យា បានធ្វើកំណត់ហេតុធ្វើអីរួចអស់ហើយ ខ្ញុំផ្ញើទៅឲ្យស្រុកអស់ហើយ»។
លោក កូវ យ៉ែម បានឲ្យដឹងបន្ថែមថា ពុំមានដាក់ពិន័យអ្វីបន្ថែមទៅលើប្រធានភូមិដែលបានប្រព្រឹត្តអំពើមិនគប្បីទៅលើប្រជាពលរដ្ឋនោះទៀតឡើយ ឯប្រជាពលរដ្ឋក៏ពុំមានទាមទារឲ្យគេដាក់ពិន័យទៅលើប្រធានភូមិនោះបន្ថែមទៀតដែរ។
លោក កូវ យ៉ែម ឲ្យដឹងដូច្នេះ ៖ «សូមឲ្យគាត់ធ្វើម៉េចឲ្យយល់ពីជីវភាពអ្នកក្រីក្រប៉ុណ្ណឹង គឺថា កុំឲ្យគាត់មកទារអីៗយ៉ាងហ្នឹង ដូចលើកមុនវាមិនសមទេ។ ជនក្រីក្រខ្វះខាតណាស់ អស់ប៉ុណ្ណឹងទៅមិនងាយទេ។ ដូចរូបខ្ញុំផ្ទាល់គឺថា ក្រណាស់សព្វថ្ងៃ។ បណ្ដោយឲ្យធ្វើអ៊ីចឹងទៅ ការរស់នៅរបស់ប្រជារាស្រ្ដមិនសមស្របជាពលរដ្ឋប្រជាធិបតេយ្យទេ។ ចិត្តមិនចង់ឲ្យគាត់ធ្លាក់ពីតំណែងអ្នកដឹកនាំភូមិទេ ឲ្យគាត់លះបង់ក្នុងការធ្វើជាលក្ខណៈមិនសមរម្យមកលើពលរដ្ឋក្រីក្រនេះទៅបានហើយ...»។
ប្រជាពលរដ្ឋម្នាក់ទៀតបានបញ្ជាក់បន្ថែមថា ៖ «ប្ដឹងទៅអាជ្ញាធរឃុំ ហើយឃុំក៏បានធ្វើការព្រមាន អ៊ីចឹងគាត់ក៏ទទួលនូវកំហុសរបស់គាត់ហើយ ហើយគាត់ក៏បានយកលុយហ្នឹងជូនដល់ប្រជាពលរដ្ឋវិញ។ អ៊ីចឹងយល់ថា ប្រហែលជាប្រធានភូមិលែងធ្វើអ្វីមួយឲ្យខុសពីប្រក្រតីទៀត»។
អ្នកស្រី ប្រាក់ សារ៉េត ប្រធានភូមិឆ្លូងពីរ បានចេញប្រកបរបរចម្ការ ហើយក៏ពុំមានមធ្យោបាយទំនាក់ទំនងសុំការបំភ្លឺបានឡើយ។
លោក នាង សាវ៉ាត មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានបញ្ជាក់ថា ប្រធានភូមិពុំមែនជាមន្ត្រីផ្លូវការរបស់រដ្ឋទេ គឺកើតឡើងដោយការចាត់តាំងពីក្រុមប្រឹក្សាឃុំ និងមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ដូច្នេះការសម្រេចផ្សេងៗសំខាន់ណាស់នៅលើក្រុមប្រឹក្សាឃុំនិងប្រជាពលរដ្ឋ។
លោក នាង សាវ៉ាត មានប្រសាសន៍ដូច្នេះ ៖ «កំហុសរបស់គាត់ធ្វើហ្នឹង គឺគាត់យកលុយពីប្រជាពលរដ្ឋដែលគាត់ធ្វើប័ណ្ណអ្នកក្រីក្រ។ ធ្ងន់ធ្ងរដែរ ព្រោះតែក្រីក្រហើយបានរដ្ឋលោកខិតខំធ្វើប័ណ្ណឲ្យគាត់ ដើម្បីធានាលើសេវាកម្មផ្សេងៗកុំឲ្យគាត់អស់លុយ។ តាមវិន័យរដ្ឋបាលហ្នឹងត្រូវបានគេបញ្ឈប់គាត់ហើយ។ យើងប្រាប់ទៅ ប្រជាពលរដ្ឋគាត់យល់ព្រមហើយ គាត់ក៏មិនដែលធ្វើអីខុសដែរទេ ហើយគាត់ក៏យល់ព្រមប្រគល់លុយឲ្យប្រជាពលរដ្ឋវិញវាជារឿងល្អហើយ ព្រោះគាត់ជាមនុស្សសំខាន់ចំពោះប្រជាពលរដ្ឋ។ ចំពោះការពិន័យអីផ្សេងៗហ្នឹង វាអាស្រ័យទៅលើប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំ គាត់ឯកភាពគ្នាទៅថា បើសម្រួលបានក៏សម្រួលទៅ ព្រោះនេះមិនមែនជាកំហុសព្រហ្មទណ្ឌទេ គ្រាន់តែជាកំហុសរដ្ឋបាលបន្តិចបន្តួច»។
តែទោះជាយ៉ាងនេះក៏ដោយ លោក អ៊ុំ ភារម្យ ជំទប់ឃុំកពាន់ បានរិះគន់ថា ការមិនដាក់ពិន័យចំពោះកំហុសឆ្គងបែបនេះគឺជាការទុកឱកាសឲ្យកូនរកចិញ្ចឹមមេ៕
