អ្នក​ភូមិ​នៅ​រតនគិរី​អះអាង​ថា​មេ​ភូមិ​មេ​ឃុំ​បង្ខំ​ពួក​គេ​ឲ្យ​ទម្លាក់​កំហុស​លើ​អាដហុក

2009-08-13

អ្នក​ភូមិ​ប៉ាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី ចំនួន​ពីរ​នាក់ បាន​ចោទ​ប្រកាន់​ទៅ​លើ​មេ​ភូមិ​និង​មេឃុំ​របស់​ខ្លួន​ថា ជា​អ្នក​ផ្តើម​គំនិត​ឲ្យ​អ្នក​ភូមិ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ឌី.អឹម. ហ្រ្គុប ឆ្លើយ​ទម្លាក់​កំហុស​ទៅ​លើ​សកម្មជន​សមាគម​អាដហុក​ថា ជា​អ្នក​ញុះញង់​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​ពួក​គេ​តាម​ផ្លូវ​តុលាការ។

ការ​រៀបរាប់​របស់​អ្នក​ភូមិ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តល់​សម្ភាសន៍​តាម​ទូរស័ព្ទ​និង​ការ​ជួប​ផ្តល់​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ សីហា ឆ្នាំ​២០០៩។

អ្នក​ភូមិ​ឈ្មោះ ទាម វណ្ណា ដែល​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បញ្ជាក់ ៖ «ខាង​មេ​ភូមិ​សរសេរ មេ​ឃុំ​ហ្នឹង​ទះ​តុ​អត់​ឲ្យ​ប្រជា​ពលរដ្ឋ​ថា​ទម្លាក់​កំហុស​លើ​មេ​ភូមិ​ទេ។ គេ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ទម្លាក់​កំហុស​ឲ្យ​អង្គការ​អាដហុក»

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បញ្ជាក់​តាម​ទូរស័ព្ទ​ដែរ​ថា ៖ «ឲ្យ​ខ្ញុំ​ឆ្លើយ​ទម្លាក់​កំហុស​ឲ្យ​អាដហុក ព្រោះ​រឿង​ហ្នឹង​គេ​សរសេរ​សំបុត្រ ឲ្យ​ថា​តាម​សំបុត្រ​គេ​តែ​ម្ដង»

មេ​ភូមិ​ដែល​រង​ការ​ចោទ​ឈ្មោះ ផែង ម៉ាំង ចំណែក​មេឃុំ​ឈ្មោះ គិត ចេន។ លោក​ទាំង​ពីរ​បដិសេធ​ថា មិន​បាន​ធ្វើ​អ្វី ដូច​អ្នក​ភូមិ​អះអាង​នោះ​ទេ គឺ​អ្នក​ភូមិ​ជា​អ្នក​សារភាព​ដោយ​ខ្លួន​ឯង ៖ «ហ្នឹង​ជា​រឿង​របស់​ប្រជា​ពលរដ្ឋ​ទេ​តើ! មិន​មែន​ខ្ញុំ​ឯ​ណា។ ដល់​វា​ថា​អ៊ីចឹង គឺ​វា​បំផ្លើស»

សូម​បញ្ជាក់​ថា តុលាការ​ខេត្ត​រតនគិរី កាល​ពី​ដើម​ខែ​សីហា បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​សមាគម​អាដហុក​ពីរ​នាក់ គឺ​លោក ប៉ែន ប៊ុណ្ណារិ៍ និង​លោក ឆាយធី មក​សាកសួរ​ពី​ការ​វិវាទ​រឿង​ក្តី​អ្នក​ភូមិ​ប៉ាតាង បន្ទាប់​ពី​ចៅក្រម​ស៊ើប​អង្កេត លោក ថោ សារ៉ន រក​ឃើញ​ថា អ្នក​ទាំង​ពីរ​មាន​ជាប់​ជំពាក់​នឹង​ចម្លើយ​អ្នក​ភូមិ​ក្នុង​រឿង​ញុះញង់​អ្នក​ភូមិ។

មេធាវី​ការពារ​ក្តី លោក ប៉ែន ប៊ុណ្ណារិ៍ លោក ឡុង លន់ មាន​ប្រសាសន៍​ថា ជា​ការ​ល្អ​ប្រសើរ ប្រសិន​បើ​ករណី​កូន​ក្តី​លោក​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់។ លោក​ថា អ្នក​ភូមិ​អាច​ជា​សាក្សី​សំខាន់​ដើម្បី​បំភ្លឺ​ករណី​នេះ។

លោក​មេធាវី ឡុង លន់ ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​សួរ​ដើម្បី​ឲ្យ​គាត់​បញ្ជាក់​អំពី​មូលហេតុ​ដែល​ពួក​គាត់​អះអាង​ថា កូន​ក្ដី​ខ្ញុំ​មាន​ការ​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ និង​ខែ​មករា ឆ្នាំ​២០០៩ ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ខេត្ត​រតនគិរី បាន​ចាប់​ខ្លួន​តំណាង​អ្នក​ភូមិ​ប៉ាតាង​បន្ត​បន្ទាប់​គ្នា​ចំនួន​៤​នាក់ និង​ចេញ​ដីកា​ស្វែងរក​ចាប់​ខ្លួន​អ្នក​ភូមិ​៨​នាក់​ផ្សេង​ទៀត ក្នុង​បទ​ចោទ​ប្រកាន់​ថា បាន​រំលោភ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ឌី.អឹម. ហ្រ្គុប ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​បុរស​មេ​គ្រួសារ​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​រត់​ទៅ​លាក់​ខ្លួន​តាម​ចម្ការ​ជ្រៅៗ​នៅ​ក្នុង​ព្រៃ។

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ថា ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​ភូមិ ក៏​ធ្វើ​គោល​នយោបាយ​ឲ្យ​អ្នក​ភូមិ​វិល​ត្រឡប់​មក​កាន់​លំនៅ​ដើម្បី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​និង​បាន​ចូល​រួម​ដាំ​ដុះ​នា​រដូវ​ធ្វើ​ស្រែ​ចម្ការ​វិញ ហើយ​អាជ្ញាធរ​ខេត្ត​នឹង​ធ្វើការ​សម្រប​សម្រួល​ជាមួយ​តុលាការ​ឲ្យ​អ្នក​ភូមិ​បាន​រួច​ពី​ការ​ចាប់​ខ្លួន។

លោក​ថា លោក​នឹង​អញ្ជើញ​មន្ត្រី​មូលដ្ឋាន​ទាំង​ពីរ​មក​បំភ្លឺ​ជុំវិញ​ការ​ចោទ​របស់​អ្នក​ភូមិ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ លោក ប៉ែន ប៊ុណ្ណារិ៍ និង​លោក ឆាយ ធី បាន​ត្រូវ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ផ្ទេរ​ការងារ​ឲ្យ​ចាក​ចេញ​ពី​ខេត្ត​រតនគិរី​ហើយ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៤​នាក់​បន្ថែម​ទៀត​ក្នុង​រឿង​ជម្លោះ​ដី

ជន​ជាតិ​ភាគ​តិច​នៅ​មណ្ឌលគិរី​បារម្ភ​ថា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បាត់​ដី​ចម្ការ​វិល​ជុំ

ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ឧត្ដរមានជ័យ​បន្ត​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី

ស្ថានភាព​បញ្ហា​ជម្លោះ​ដី​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ

សង្គម​ស៊ីវិល​ស៊ើប​អង្កេត​ករណី​ក្រុមហ៊ុន​រំលោភ​បំពាន​លើ​ជនជាតិ​ភាគ​តិច

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​ចាប់​ខ្លួន​ពលរដ្ឋ​៣​នាក់​​ក្នុង​រឿង​ជម្លោះ​ដី

សមត្ថកិច្ច​ខែត្រ​កំពង់ធំ​បាញ់​បង្រ្កាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី

អាជ្ញាធរ​វៀតណាម​ហាម​ឃាត់​ខ្មែរ​ក្រោម​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​ដូនតា

ក្រឡា​បញ្ជី​តុលាការ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​គំរាម​ពលរដ្ឋ​ក្នុង​រឿង​ទំនាស់​ដី

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​គ្រោង​កោះ​ប្រជុំ​ក្រុមហ៊ុន​ដែល​មិន​វិនិយោគ​ចំ​គោលដៅ