ពលរដ្ឋចម្រុះ មានជនជាតិភាគតិច និស្សិត កម្មករ កសិករ ព្រះសង្ឃ បានប្រជុំគ្នាបង្កើតជាក្រុមមួយឈ្មោះថា "បណ្តាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម" ហៅថា "ខ្មែរដើម្បីខ្មែរ"។
បណ្តាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម ហៅថា ខ្មែរដើម្បីខ្មែរ គ្រោងនឹងឈានទៅបង្កើតជាគណបក្សនយោបាយនៅពេលដែលសមាជិកពួកគេយល់ពីការងារ និងចេះតស៊ូមតិរឹងមាំ។
បណ្តាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម បានជួបជុំគ្នាលើកដំបូងនៅរថ្ងៃទី២៧ ធ្នូ ដើម្បីពិភាក្សាចងក្រងជាគំនិតរួមផ្ដល់ជូនដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងគណបក្យនយោបាយ ឲ្យអនុវត្តត្រឹមត្រូវតាមច្បាប់ និងគោរពការសន្យាកាលពីមុនការបោះឆ្នោត។ ការជួបជុំគ្នាលើកដំបូងនេះ មានពលរដ្ឋមកពីឃុំចំនួន ២៥ មានមនុស្សជាង ២០០នាក់ និងព្រះសង្ឃផងចូលរួម។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ដែលជាអ្នកដឹកនាំអង្គប្រជុំថ្លែងថា ការប្រជុំនេះដើម្បីបង្កើតជាគណបក្សនៅមូលដ្ឋាន។ មនុស្សគ្រប់វិស័យ រួមមានយុវជន កសិករ កម្មករ ក្រុមស្ត្រី ព្រះសង្ឃជាដើម រួមគ្នាដើម្បីរៀបចំតាមដានផែនការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផែនការវិនិយោគមូលដ្ឋាន ជាពិសេសត្រូវស្រង់ស្ថិតិនៅក្នុងមូលដ្ឋាន តើក្នុងឃុំនីមួយៗមានប៉ុន្មាន ជនជាតិគេធ្វើអី្វខ្លះ? តើការសន្យារបស់អ្នកនយោបាយឆ្លើយតបអ្វីខ្លះនឹងការសន្យាមុន និងក្រោយជាប់ឆ្នោតជាដើម។
លោក កែម ឡី៖ «ជារួមយើងកំពុងតែបង្រៀនប្រជាពលរដ្ឋនៅតាមឃុំ ២៥ឃុំហ្នឹងដើម្បីឲ្យរៀបចំបង្កើតគណបក្សមូលដ្ឋាន សាកល្បងនៅថ្ងៃទី១ ខែ១ រហូតដល់ថ្ងៃទី៣០ ខែ៣ យើងនឹងរៀបចំទាំង ២៥ឃុំហ្នឹង។ ឥឡូវនេះកំពុងតែរៀបចំបែបបទ ពន្យល់គាត់ដើម្បីឲ្យគាត់រៀបចំបែបបទស្របច្បាប់ដើម្បីដាក់ជូនក្រសួងមហាផ្ទៃ»។
ពាក់ព័ន្ធការបង្កើតគណបក្សមូលដ្ឋាននេះ តំណាងបណ្តាញកសិករខេត្តកំពត លោក អ៊ួន សុផល ថ្លែងថា គណបក្សមូលដ្ឋាននេះអាចចាប់ផ្ដើមធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីដឹកនាំតំបន់ដែលខ្លួនកំពុងរស់នៅ ហើយចេះស្នើសុំទៅថ្នាក់ដឹកនាំប្រទេស ឬគណបក្សនយោបាយនូវអ្វីដែលមូលដ្ឋាននេះចង់បាននិងចង់អភិវឌ្ឍន៍។
លោកថា ការតស៊ូមតិបានលុះត្រាតែអ្នករស់នៅគ្រប់វិស័យក្នុងតំបន់ ចេះចងក្រងគ្នា រួមគ្នាធ្វើការងារដើម្បីអភិវឌ្ឍន៍ក្នុងតំបន់ ហើយអាចឈានទៅបង្រៀនពួកគេឲ្យបង្កើតគណបក្សមូលដ្ឋាន៖ «យើងបង្កើតគណបក្សមួយដែលចេញពីមូលដ្ឋានមកពីភូមិខ្លួនឯង ពីឃុំខ្លួនឯង ឲ្យក្លាយទៅជាគណបក្សមួយដែលគាត់បានជ្រើសរើសតំណាង ធៀបដូចជាយើងបានធ្វើជាសមាគម ជាសហគមន៍កន្លងមកអ៊ីចឹង គឺសមាគមន៍និងសហគមន៍អ្នកដឹកនាំគ្មានអំណាចទេ គឺអំណាចនៅលើសមាជិក»។
បញ្ហានេះដែរ តំណាងយុវជន លោក ជាតា ជីហីរ៉ូ ថ្លែងថា បណ្ដាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម ហៅថា ខ្មែរដើម្បីខ្មែរ បង្កើតឡើងដើម្បីឲ្យយុវជនចេះជួយគ្នា និងរួមគ្នាធ្វើការងារជាបណ្ដាញរួមចំណែកអភិវឌ្ឍន៍ក្នុងសង្គម។ យុវជនលើកឧទាហរណ៍ថា សិស្សនិស្សិតចេះជំនាញណាមួយត្រូវជួយបង្រៀនអ្នកមិនចេះជំនាញនោះ ធ្វើយ៉ាងណាឲ្យនៅក្នុងតំបន់ទទួលអភិវឌ្ឍន៍៖ «មានន័យថា ក្រុមគណបក្សមូលដ្ឋានហ្នឹង គាត់ត្រូវការក្រុមនិស្សិតជំនាញខាងកសិកម្មទៅបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងពីបញ្ហាកសិកម្ម គាត់អាចទៅបានយើងជួយគាត់ទៅតាមហ្នឹង»។
ចំណែកតំណាងកម្មករ កញ្ញា ឈាង ធីតា ថ្លែងថា កន្លងមកកម្មករតវ៉ាផ្សេងៗ ពឹងផ្អែកទាំងស្រុងលើសហជីព។ ប៉ុន្តែការចងក្រងគ្នាជាបណ្ដាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម ហៅថា ខ្មែរដើម្បីខ្មែរ អាចធ្វើឲ្យមានការផ្លាស់ប្ដូរពីអាក្រក់ទៅល្អនូវគ្រប់វិស័យ៖ «ពីព្រោះយើងឃើញហើយ សង្គមជាតិយើងរាល់ថ្ងៃនេះវាអាក្រក់ទៅជាល្អសទៅជាខ្មៅ»។
តំណាងឲ្យអង្គការក្រៅរដ្ឋាភិបាល លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ថ្លែងថា បង្កើតបណ្តាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម ហៅថា ខ្មែរដើម្បីខ្មែរ ជាគោលបំណងសំខាន់គឺរៀបចំរចនាសម្ព័ន្ធដឹកនាំនៅតាមមូលដ្ឋាន។
លោកបន្តថា ពលរដ្ឋទាំងអស់ត្រូវចេះស្វែងយល់ពីនយោបាយស្វែងយល់ពីរបៀបដឹកនាំជាក្រុម ជាតំបន់ ជាប្រទេស ឲ្យឈានទៅរកលទ្ធិប្រជាធិបតេយ្យ ហើយឲ្យអ្នកចូលរួមបង្ហាញបញ្ហារួមក្នុងតំបន់គេរស់នៅរួចលើកបញ្ហានេះឲ្យអ្នកនយោបាយ និងអ្នកដឹកនាំប្រទេសពិចារណាបញ្ហាដែលបណ្តាញសង្គមចង់បាន។
លោក កែម ឡី ឲ្យដឹងថា ការប្រជុំបង្កើតបណ្តាញពលរដ្ឋសកម្មដើម្បីអភិវឌ្ឍន៍សង្គម មិនទាន់អាចទៅជាគណបក្សនយោបាយបានភ្លាមៗទេ ព្រោះមិនទាន់មានការសុំច្បាប់ពីក្រសួងមហាផ្ទៃ នៅឡើយ។ លោកបន្តថា ការប្រជុំថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្នាក់ការមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍នៅភ្នំពេញ ជាការប្រជុំលើកដំបូង និងជាការរៀបចំចងក្រងគ្នាសាកល្បងដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ២៥ឃុំសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
