ប្រធានសហគមន៍ជនជាតិដើមភាគតិចនៅភូមិម៉ាស់ ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវប៉ូលិសចាប់ខ្លួនក្នុងបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ តុលាការសម្រេចឃុំខ្លួនជនជាប់សង្ស័យក្នុងពន្ធនាគារ។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការឃុំខ្លួននេះថា ជាចេតនាបំបាក់ស្មារតីប្រជាពលរដ្ឋសហគមន៍។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ២០នាក់ នៅថ្ងៃអាទិត្យ ទី១៦ ខែមីនា បានសុំឲ្យមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ជួយអន្តរាគមន៍ដោះលែងប្រធានសហគមន៍ពួកគេ។
សមាជិកសហគមន៍ លោក ដាំង ង៉ាន មានប្រសាសន៍បញ្ជាក់ថា នេះជារឿងអយុត្តិធម៌សម្រាប់អ្នកភូមិជាជនជាតិដើមភាគតិច ដែលបានព្យាយាមទប់ស្កាត់សកម្មភាពរំលោភកាប់រានព្រៃយកដីសហគមន៍ពីសំណាក់អ្នកមានប្រាក់ច្រើនឆ្នាំកន្លងទៅ មិនមានអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយ។ លោកបន្តថា ប្រជាពលរដ្ឋក្នុងភូមិអស់ជម្រើសទើបនាំគ្នាដុតគំនរឈើដែលម្ចាស់ឈើបន្សល់ទុកក្បែរព្រៃប្រមាណ ១ឆ្នាំកន្លងទៅនេះ។
លោក ដាំង ង៉ាន៖ «យាយ សុខ ងីម ហ្នឹង គាត់ដាក់កម្លាំងជាង ២០នាក់ទៅ ហើយកាប់ព្រៃម្ដង ពីរដង បីដង គេទៅហាម ប៉ុន្តែគេអត់ស្តាប់ ទីបួន បានកំហឹងអ្នកភូមិខឹងទៅទេ បានគេដុតឈើហ្នឹងទៅ»។
ប្រធានសហគមន៍ភូមិម៉ាស់ លោក ហាំង នឿ ត្រូវប៉ូលិសស្រុកចាប់ខ្លួនលោកកាលពីថ្ងៃទី១៣ មីនា បន្ទាប់ពីលោកនិងប្រជាពលរដ្ឋក្នុងភូមិប្រមាណ ៤០នាក់ នាំគ្នាដុតគំនរឈើប្រមាណ ២ម៉ែត្រគូបរបស់ម្ចាស់សណ្ឋាគារមួយរូបរស់នៅសង្កាត់បឹងកន្សែង ក្រុងបានលុង គឺអ្នកស្រី លី សុខងីម ដែលប៉ុនប៉ងសង់រោងកម្មករស្នាក់នៅជាច្រើនលើក ដើម្បីកាប់រានព្រៃយកដីប្រមាណ ៤០០ហិកតាររបស់សហគមន៍។
ទាក់ទិនការអះអាងរបស់ក្រុមសហគមន៍នេះ អ្នកស្រី លី សុខងីម នៅថ្ងៃទី១៦ ខែមីនា បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីទេ ដោយលើកហេតុផលជាប់រវល់។ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងលោក សេង ពិសិដ្ឋ អ្នកជំនួញរស់នៅសង្កាត់បឹងកន្សែង ក្រុងបានលុង តាមទូរស័ព្ទសុំបំភ្លឺករណីនេះបានដូចគ្នា។
ពាក់ព័ន្ធរឿងក្តីនេះដែរ ចៅក្រមតុលាការខេត្តរតនគិរី លោក សួស ឡា កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានចេញដីកាសម្រេចរឹបអូសដី ៤០០ហិកតារ នៅភូមិម៉ាស់ ពីកូនបំណុល គឺលោក សេង វិសិដ្ឋ ឲ្យមកអ្នកស្រីឈ្មោះ លី សុខងីម តាមការព្រមព្រៀងរបស់កូនបំណុល។ ក៏ប៉ុន្តែអ្នកភូមិអះអាងថា ដីនោះជាដីសហគមន៍បានប្រគល់ជូនក្រុមយោធាខេត្តសម្រាប់អភិវឌ្ឍន៍អង្គភាពយោធាក្រោមលក្ខខណ្ឌថា ក្រុមយោធាត្រូវឧបត្ថម្ភប្រាក់ចំនួន ២ម៉ឺនដុល្លារ និងសាងសង់ផ្លូវសាលារៀនជូនអ្នកភូមិវិញ។ ក៏ប៉ុន្តែក្រុមយោធាយកដីនោះទៅប្រគល់ឲ្យលោក សេង ពិសិដ្ឋ ដែលជាដៃគូភាគហ៊ុនធ្វើជំនួញជាមួយអ្នកស្រី លី សុខងីម ហើយមិនបានអនុវត្តកិច្ចសន្យាជាមួយអ្នកភូមិ ទើបអ្នកភូមិមិនព្រមប្រគល់ដី។
ទាក់ទងបញ្ហានេះ ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក ម៉ម វណ្ណដា បានពន្យល់ថា លោកបានស្នើសុំឲ្យឃុំខ្លួនប្រធានសហគមន៍នេះ ដោយសារជនជាប់សង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានដុតឈើ និងរោងប្រក់សំពត់កៅស៊ូរបស់អ្នកស្រី លី សុខងីម។
លោកបន្តថា នេះជាបទល្មើសព្រហ្មទណ្ឌផ្សេងពីរឿងជម្លោះដីធ្លីរបស់សហគមន៍៖ «ខ្ញុំថារឿងរដ្ឋប្បវេណីខ្ញុំអត់ដោះស្រាយទេ ប៉ុន្តែបញ្ហារឿងព្រហ្មទណ្ឌដែលកម្លាំងស្នងការគាត់បញ្ជូនមកយើងត្រូវតែទទួល។ យើងបានបើកការស៊ើបអង្កេតតាមនីតិវិធីជាបន្តបន្ទាប់អ៊ីចឹងទៅ»។
ផ្ទុយពីការពន្យល់នេះ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក លោក ឆាយ ធី ចាត់ទុកចំណាត់ការរបស់មន្ត្រីតុលាការថា ជាការអនុវត្តច្បាប់មិនស្មើភាព។ លោកកត់សម្គាល់ថា សហគមន៍បានស្វែងរកដំណោះស្រាយផ្លូវច្បាប់អស់លទ្ធភាពដើម្បីការពារដីសហគមន៍ បន្ទាប់ពីលោក សេង ពិសិដ្ឋ និងអ្នកស្រី លី សុខងីម បានជួលកម្មករកាប់ឆ្ការរានព្រៃយកដីជាច្រើនលើក។
លោកបន្តថា អង្គការអាដហុក នឹងផ្ដល់មេធាវីដើម្បីការពារក្តីនេះជូនប្រជាពលរដ្ឋ៖ «នេះគឺជាករណីគំរាមកំហែងមួយដែលអង្គការយើងមិនអាចទទួលយកបាន។ សហគមន៍បានប្រើប្រាស់ផ្លូវច្បាប់តាំងពីមុនមក តែពុំមានដំណោះស្រាយ ហើយជម្រើសចុងក្រោយនេះ គាត់ដុតឈើ ដែលទុកចោលមួយឆ្នាំហើយ»។
តាមការគ្រោងទុកសហគមន៍ភូមិម៉ាស់ និងភូមិតងក្រពូ នឹងនាំគ្នាមកតវ៉ានៅមុខតុលាការខេត្តនៅដើមសប្ដាហ៍ក្រោយនេះ សុំឲ្យតុលាការដោះលែងប្រធានសហគមន៍ឲ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
