ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ត្រេកអរ​ចំពោះ​ការ​បង្រ្កាប​វង់​ល្បែង

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ឧកញ៉ាប៉ាង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង សម្ដែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​បង្ក្រាប​វង់​ល្បែង​ដ៏​ធំ​និង​មាន​ខ្នង​ក្រាស់ ដែល​អាជ្ញាធរ​ថ្នាក់​ឃុំ​និង​ស្រុក​មិន​ហ៊ាន​ប៉ះពាល់​ព្រោះ​ខ្លាច​អំណាច​របស់​លោក​ឧត្តមសេនីយ៍​ដែល​ជា​ខ្នង​បង្អែក​រូប​នោះ។

0:00 / 0:00

ប្រជាពលរដ្ឋ​ឈ្មោះ សុ វិចិត្រ បាន​សម្ដែង​ពី​ទឹក​ចិត្ត​រីករាយ​របស់​គាត់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ ថា ការ​បង្រ្កាប​វង់​ល្បែង​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់​ចិត្ត​អស់​កង្វល់​ចំពោះ​បញ្ហា​ចោរ​លួច ចោរ​ប្លន់​ដែល​តែង​កើត​មាន​ជា​ញឹកញាប់​ក្នុង​តំបន់​នេះ។

លោក សុ វិចិត្រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សម្រាប់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នោះ​មាន​សេចក្ដី​ត្រេកអរ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋ​អំណាច​ដែល​យក​ចិត្ត​ទុក​ដាក់​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​មិន​ពេញ​ចិត្ត​ក្នុង​ការ​បង្កើត​ល្បែង​ស៊ីសង​នៅ​ក្នុង​ឃុំ ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ច្រើន ពិសេស​ការ​លេង​ល្បែង​នេះ​បង្កើត​ចោរ បង្កើន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ជា​ពិសេស​បំផុត​គឺ​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ក្មេង​មួយ​ចំណែក​ធំ​ដែល​ចូល​រួម​មើល​ល្បែង​នោះ»

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ លន់ សុខុម បន្ថែម ៖ «ខ្ញុំ​សូម​កោត​សរសើរ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ឃុបឃិត​ជាមួយ​អ្នក​លេង​ល្បែង​ស៊ីសង គាត់​បាន​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​អ្នក​ដែល​ប្រព្រឹត្ត​ខុស»

ប្រភព​ពី​ប្រជាពលដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ទីលាន​ជល់​មាន់​៣​កន្លែង។ ១​កន្លែង​ស្ថិត​ក្នុង​ភូមិ​ឧកញ៉ាប៉ាង ឃុំ​លង្វែក មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ឡ ឃុំ​តាជេស និង​មួយ​កន្លែង​ទៀត​ស្ថិត​ក្នុង​ភូមិ​កោះថ្កូវ ឃុំ​កំពង់ត្រឡាច។ វង់​ល្បែង​ដែល​អាជ្ញាធរ​បង្ក្រាប​នៅ​ថ្ងៃ​៧ កុម្ភៈ ក្នុង​ឃុំ​លង្វែក គឺ​ជា​វង់​ល្បែង​ធំ​ជាង​គេ​និង​ភ្នាល់​ដាក់​លុយ​ក៏​ច្រើន​ជាង​គេ​ផង​ដែរ។

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ពេញ វិបុល មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ការ​បើក​លេង​ល្បែង​ជល់​មាន់​ដ៏​ធំ​មួយ​នៅ​ទីតាំង​ភូមិ​ឧកញ៉ាប៉ាង ក្នុង​ឃុំ​លង្វែក លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​កម្លាំង​ប៉ូលិស​និង​ប៉េអឹម​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ជា​សម្ងាត់​ទើប​ដឹង​ថា ពិត​ជា​មាន​វង់​ល្បែង​មួយ​បាន​ប្រើ​ឈ្មោះ​ឧត្តមសេនីយ៍​ធ្វើ​ជា​បង្អែក​មែន។ លោក​ក៏​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​និង​ប៉េអ៊ឹម​ចុះ​ទៅ​បង្ក្រាប។ លោក​ថា អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ថា តើ​ឧត្តមសេនីយ៍​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​វង់​ល្បែង​នេះ?

លោក ពេញ វិបុល មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្រោយ​ពី​លេច​ឮ​ថា មាន​ទំនាក់​ទំនង​ជាមួយ​សមត្ថកិច្ច​បាន​ខ្ញុំ​ជួប​ជាមួយ​លោក​ស្នងការ​នគរបាល លោក​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ ហើយ​ក៏​មាន​អនុសាសន៍​ពី​ឯកឧត្ដម​អភិបាល​ខេត្ត​បាន​ជួប​ទំនាក់ទំនង​ក្នុង​កិច្ចការ​ហ្នឹង​ដើម្បី​ថា យើង​ត្រូវ​តែ​មាន​វិធានការ​បង្រ្កាប។ ខ្ញុំ​ក៏​បាន​ដាក់​ផែនការ​ទៅ​ឲ្យ​លោក​អធិការ​នគរបាល​ស្រុក​ដើម្បី​ចុះ​ធ្វើការ​តាម​ដាន អ៊ីចឹង​វិធានការ​របស់​យើង​គឺ​បាន​ចុះ​ទៅ​បង្រ្កាប​ទាន់​ពេល​វេលា ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែរ កម្លាំង​យើង​ទៅ​តិច មនុស្ស​ច្រើន ហើយ​កន្លែង​ហ្នុង ជុំវិញ​សុទ្ធ​តែ​ព្រៃ អ៊ីចឹង​ជន​ពាក់ព័ន្ធ​គឺ​រត់​ចេញ​អស់​ហើយ ចាប់​ជន​ដែល​លេង​ល្បែង​ហ្នឹង​អត់​ទាន់​បាន​ទេ»

ក្នុង​ការ​ចុះ​បង្រ្កាប​នេះ​អាជ្ញាធរ​ចាប់​បាន​វត្ថុតាង​ជា​ច្រើន មាន​ដូច​ជា​រថយន្ត​ប្រភេទ​ទំនើបៗ​ចំនួន​១០​គ្រឿង​និង​ម៉ូតូ​ស៊េរី​ថ្មីៗ​ចំនួន​១១​គ្រឿង​ផង​ដែរ៕