ពលរដ្ឋដែលរងផលប៉ះពាល់ដោយការបាក់ដីស្រែរស់នៅភូមិអង្គបឹងចកនិងភូមិកប់អំបិល បានអះអាងថា ដីស្រែរបស់ពួកគាត់មានព្រំប្រទល់ជាប់នឹងដីដែលក្រុមហ៊ុនជីកដឹកជញ្ជូនយកដីលក់ កំពុងរងផលប៉ះពាល់ដោយការបាក់ស្រុតជិតពីរឆ្នាំមកហើយដោយពុំមានសំណងអ្វីទាំងអស់។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរឃុំស្រុកឲ្យចាត់វិធានការដល់មនុស្ស៣នាក់ ដែលមានភាគហ៊ុនជាមួយក្រុមហ៊ុនដឹកជញ្ជូននេះ ក្នុងនោះមានឈ្មោះ ច្រាយ សំបូរ, ច្រាយ គិញ និង លី ធៀនមាំ ដែលតែងតែជីកដឹកជញ្ជូនយកដីលក់ ក៏ប៉ុន្តែមកទល់ពេលនេះពុំទាន់មានដំណោះស្រាយនៅឡើយ។
ក្រុមអ្នកភូមិដែលរងការប៉ះពាល់ដល់ដីស្រែសម្រាប់បង្កបង្កើនផល បានឲ្យដឹងដូច្នេះ ៖ «ការជីកហ្នឹងគេអត់ដាក់ជើងទេរដាក់អី អ៊ីចឹងដីហ្នឹងវាបាក់ស្រុតទៅតាមហ្នឹងទៅ។ គេយកអាចម៍ដីហ្នឹងទៅចាក់កន្លែងផ្សេងៗ។ រយៈពេល២ឆ្នាំហើយខ្ញុំធ្វើស្រែអត់បានទេដោយសារវាបាក់ ដល់អ៊ីចឹងភ្លៀងមកវាហូរច្រោះបាក់ទៅក្នុងត្រពាំង។ បាក់ដីខ្ញុំហ្នឹងវាធំពេកខ្ញុំស្ទួងអត់កើត។ ខ្ញុំចង់បានឲ្យក្រុមហ៊ុនចេញមុខដោះស្រាយដើម្បីសងថ្លៃខូចខាត។ ដី២៧អាបាក់ជិតអស់ហើយ ក្រុមហ៊ុនគាត់ដកទៅអស់បាត់ទៅ។ ព្រួយបារម្ភអត់ដីស្រែធ្វើឲ្យកូនហូប កូនដល់ទៅ៧នាក់។ ដីខ្ញុំចំនួនប្រហែលជា៧០អា សូមខាងរាជរដ្ឋាភិបាល ខាងក្រុមហ៊ុន ធ្វើម៉េចដោះស្រាយឲ្យបានសមប្រកបមកវិញ បើថាមិនទិញទេលុបដីហ្នឹងឲ្យជិតមកវិញមក»។
ឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើនេះ លោក ច្រាយ សំបូរ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន បានបដិសេធថា ក្រុមហ៊ុនរបស់គាត់មិនបានដាក់ការដ្ឋានជីកដីប៉ះពាល់ប្រជាពលរដ្ឋនោះទេ។
លោក លី ធៀនឡុង ដែលអះអាងថា ជាឪពុករបស់ លី ធៀនមាំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា កន្លងមានកូនរបស់គាត់ធ្លាប់បានដោះស្រាយបញ្ហានេះម្តងរួចមកហើយ។ បច្ចុប្បន្ន លី ធៀនមាំ កំពុងជាប់ពន្ធនាគារដោយសារតែជំពាក់ប្រាក់គេ។
អភិបាលស្រុកអង្គស្នួល លោក សាមុត ធឿន មានប្រសាសន៍ថា លោកមិនដឹងថា ដោះស្រាយបញ្ហានេះយ៉ាងណានោះទេ ដោយសារតែអ្នកពាក់ព័ន្ធកំពុងជាប់ពន្ធនាគារ។ ដំណាក់កាលនេះមានតែផ្តល់ដំណឹងឲ្យពលរដ្ឋដែលរស់នៅក្បែរនោះមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ៖ «មានតែឲ្យនៅឲ្យឆ្ងាយ ក្រែងលោវាបាក់ ឬមួយមានបញ្ហាអីប៉ុណ្ណឹង»។
លោក ម៉ែន មករា អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកណ្តាល បានឲ្យដឹងថា តាមការពិនិត្យនៅក្នុងច្បាប់ភូមិបាលដែលសរសេរពីការជីករណ្តៅដែលមានជម្រៅថា ជាការអំពើល្មើសច្បាប់ដោយសារតែការជីកមានជម្រៅដល់ទៅ៤០ម៉ែត្រ ហើយបានបង្កឲ្យមានប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋ៕
