ពលរដ្ឋ​ប្រមាណ​៨០០​នាក់​បិទ​ផ្លូវ​៧៦​អា ទាមទារ​ដំណោះស្រាយ​រឿង​ដីធ្លី

ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រមាណ ៨០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​លេខ​៧៦​អា នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១០៤ តាំងពី​ម៉ោង ១២​ថ្ងៃ​ត្រង់​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១២ ដោយសារ​មាន​ទំនាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤។

តំណាង​ប្រជាពលរដ្ឋ លោក ស្លេះ ស៊ឹត បាន​ឲ្យ​ដឹង​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន ៤​នោះ​បាន​ប៉ះពាល់​ដល់​ដី​លំនៅ​ឋាន និង​ដី​ចម្ការ​របស់​ពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ចំនួន ៤០០​គ្រួសារ។ ហើយ​ការ​បិទ​ផ្លូវ​នៅ ពេល​នេះ​គឺ​ក្នុង​គោល​បំណង​អោយ​អាជ្ញាធរ​បញ្ឈប់​ផ្ដល់​ដី​របស់​ពួក​គាត់​អោយ​ក្រុម​ហ៊ុន។

តំណាង​ប្រជាពលរដ្ឋ លោក ស្លេះ ស៊ឹត អោយ​ដឹង​ដែរ​ថា អាជ្ញាធរ​ស្រុក​ស្នួល​បាន​ស្នើ​អោយ​ពលរដ្ឋ​បើក​ចរាចរណ៍​លើ​ផ្លូវ​៧៦អា ឡើង​វិញ ដោយ​សន្យា​ផ្ដល់​ដំណោះ​ស្រាយ​នៅ​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ទៀត។ ប៉ុន្តែ​សំណើ​នោះ​ត្រូវ​ប្រជាពលរដ្ឋ​ច្រាន​ចោល និង​ថា ពួក​គាត់​នឹង​បន្ត​បិទ​ផ្លូវ​ទាម​ទារ​រហូត​បាន​ទទួល​ដំណោះ​ស្រាយ។

លោក​បន្ត​ថា ក្រុមហ៊ុន​វិនិយោគ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៤ ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​នោះ​មាន​ក្រុមហ៊ុន​សំណាង​អង្គរ, ដាយ​ណាម, ចម្ការ​កៅស៊ូ​មេមត់ និង​ក្រុមហ៊ុន​សុវណ្ណ​វុទ្ធី។

ប្រជាពលរដ្ឋ​ទាំង ៤០០​គ្រួសារ បាន​ទៅ​រស់​ក្នុង​តំបន់​ព្រៃ​ការពារ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ កាល​ពី​ឆ្នាំ​២០០២។ កាល​ពី​ឆ្នាំ​២០០៨ ពួកគេ​បាន​ដាក់​សំណើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​សុំ​កាន់​កាប់​ដី​ភូមិ និង​ដី​ចម្ការ​ដែល​ពួកគេ​បាន​រាន​ព្រៃ​រួច ប៉ុន្តែ​នៅ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ផ្លូវ​ការ​ណា​មួយ​ឡើយ។ មក​ដល់​ពេល​ថ្មីៗ​នេះ​ក៏​មាន​ក្រុម​ហ៊ុន​ចំនួន​៤ មក​ឈូស​ឆាយ​ធ្វើ​ចម្ការ​ដោយ​សំអាង​ថា គេ​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល ដោយ​រួម​ទាំង​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ផង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។