លោក សុះ មូសា ជាអាណាព្យាបាលរបស់ជនរងគ្រោះ ឈ្មោះ ហ៊ីម សាលី អាយុ ២១ឆ្នាំ ជាខ្មែរឥស្លាមរស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បានសម្ដែងនូវសេចក្ដីអស់សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌តាមផ្លូវតុលាការ បន្ទាប់ពីគាត់បានដាក់ពាក្យបណ្ដឹងតាំងពីដើមខែមេសា រហូតមកទល់នឹងសព្វថ្ងៃ នៅមិនទាន់ត្រូវតុលាការជំនុំជម្រះ ឬក៏ធ្វើការឃាត់ខ្លួនជនដៃដល់ ដែលបានកាប់ប្អូនរបស់លោកចំនួន ៣កាំបិតផ្គាក់ បណ្ដាលឲ្យរបួសធ្ងន់រហូតពិការនោះនៅឡើយ។
លោក សុះ មូសា បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែកញ្ញាថា ៖ «បីបួនសាហើយ មកដល់អត់មានពឹងបាន។ ជនរងគ្រោះវាដុនដាប ឥឡូវឲ្យជួយដោះស្រាយឲ្យខ្ញុំផង»។
ពាក្យបណ្ដឹងដែលបានដាក់ជូនតុលាការកាលពីថ្ងៃទី១ ខែមេសា បានរៀបរាប់ថា ឈ្មោះ ហ៊ីម សាលី ជាជនរងគ្រោះ បានដើរកាត់តាមមុខផ្ទះឈ្មោះ ថន ធូ ហើយបានយកដៃគោះទ្វារផ្ទះគេលេង នៅវេលាម៉ោង ១២កន្លះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១០ រួចក៏ដើរហួសទៅបានប្រមាណ ៤០ម៉ែត្រ បន្ទាប់មកក៏ទៅបន្ទោបង់។ ក្នុងពេលកំពុងតែអង្គុយបន្ទោបង់ ឬបត់ជើងធំ ស្រាប់តែម្ចាស់ផ្ទះឈ្មោះ ថន ធូ បានមកចាប់ ហ៊ីម សាលី ចងដៃទាំងពីរទៅក្រោយ និងបានកាប់ចំនួន ៣កាំបិតធ្វើឲ្យដាច់ឆ្អឹងកែងដៃ និងកាប់ត្រូវភ្លៅបណ្ដាលឲ្យរបួសធ្ងន់។ ក្នុងពេលនោះដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតឺន បានមកចាប់ ហ៊ីម សាលី ដាក់ខ្នោះដៃ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ជនរងគ្រោះ ហ៊ីម សាលី ត្រូវបានឈ្មោះ ថន ធូ ចាប់ហើយកាប់នឹងកាំបិតផ្គាក់ ដោយបានចោទថា ជាចោរបានមកលួចគាស់ផ្ទះរបស់ខ្លួន។
ព្រះរាជអាជ្ញារងតុលាការខេត្តរតនគិរី លោក ម៉ម វ៉ាន់ដា បានថ្លែងថា តុលាការមិនបានបោះបង់សំណុំរឿងនោះចោលទេ ប៉ុន្តែវាទាមទារពេលវេលាបន្ថែមទៀត ដើម្បីស្រាវជ្រាវរកភស្តុតាង ៖ «បណ្ដឹងគាត់ត្រូវការយូរជាងបណ្ដឹងផ្សេងៗ ដែលបញ្ជូនមកពីមន្ត្រីនគរបាលយុត្តិធម៌។ គាត់ដាក់មកហ្នឹង គឺក្រោយប្រហែលជាមួយខែនៃបទល្មើសហើយ អ៊ីចឹងភស្តុតាងទាំងប៉ុន្មានត្រូវបានវាកែប្រែខុសពីមុនទាំងអស់ យើងមានតែសាក្សីតែប៉ុណ្ណោះ»។
អ្នកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បានហៅថា ការចាប់ខ្លួន និងកាប់ដោយកាំបិតទៅលើជនរងគ្រោះ គឺជាអំពើទារុណកម្មឃោរឃៅ ដែលអ្នកប្រព្រឹត្តត្រូវទទួលការផ្ដន្ទាទោស។
លោក ឆាយ ធី មានប្រសាសន៍ដូច្នេះ ៖ «ក្រោយពីជនប្រព្រឹត្តបានធ្វើអំពើទារុណកម្ម កាប់ជនរងគ្រោះហើយ សមត្ថកិច្ចនៅពេលនោះក៏បានមកដល់ ប៉ុន្តែយើងឃើញថា ផ្ទុយទៅវិញ សមត្ថកិច្ចបែរជាចាប់ជនរងគ្រោះវ៉ៃខ្នោះទាំងសងខាង ហើយបញ្ជូនទៅមន្ទីរពេទ្យ»។
លោកបន្តថា សមាគមលោកបានដាក់លិខិតអន្តរាគមន៍ទៅតុលាការជាបន្ទាន់មួយរួចហើយ ដើម្បីស្នើឲ្យផ្ដល់យុត្តិធម៌ជូនជនរងគ្រោះក្នុងករណីខាងលើ។
រឿងក្ដីមួយនេះបានអូសបន្លាយអស់រយៈពេលប្រមាណ ៤ខែមកហើយ ដោយមិនទាន់មានចម្លើយ បញ្ជាក់ពីតុលាការថា អាចនឹងធ្វើការជំនុំជម្រះបាននៅពេលណានោះទេ៕
