ក្រុមហ៊ុន​វៀតណាម​គ្រោង​មក​រាវ​រក​ប្រេងកាត​នៅ​ក្នុង​បឹង​ទន្លេសាប

ក្រុមហ៊ុន​រាវ​រក​និង​ផលិត​ប្រេងកាត​យៀកណាម ឈ្មោះ PetroVietnam Exploration and Production Corporation (PVEP) នឹង​មក​ខួង​រាវ​រក​ប្រេងកាត​ប៉ែក​ឦសាន​អាង​បឹង​ទន្លេ​សាប ក្នុង​ប្លុក​លេខ​១៥។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​យៀកណាម (VNA) បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​១៣ វិច្ឆិកា​កន្លង​ទៅ​នេះ ថា ក្រុមហ៊ុន​យៀកណាម​នោះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រេង​ឥន្ធនៈ​កម្ពុជា កាល​ពី​ថ្ងៃ​១២ វិច្ឆិកា ក្រោម​អធិបតីភាព​លោក​ឧប​នាយក​រដ្ឋមន្រ្តី សុខ អាន និង​ប្រធាន​ក្រុមហ៊ុន​ប្រេង​យៀកណាម លោក វូ ទ្រឿងសឺង (Vu Truong Son)។

តាម​ទីភ្នាក់ងារ​ព័ត៌មាន VNA កិច្ច​សន្យា​នោះ​គឺ​៣០​ឆ្នាំ​សម្រាប់​រាវ​រក បូម ចម្រាញ់ និង​ផលិត​ប្រេងកាត ហើយ​៣៥​ឆ្នាំ​សម្រាប់​ផលិត​ឧស្ម័ន​ធម្មជាតិ។ គេ​ថា ក្រុមហ៊ុន​ត្រូវការ​ពេល​វេលា​៧​ឆ្នាំ​ទើប​រាវ​រក​ដឹង​ថា​មាន​បរិមាណ​ប៉ុណ្ណា៕