ក្រុមហ៊ុន​វៀតណាម​ចង់​មក​ផលិត​ឱសថ​បុរាណ​នៅ​កម្ពុជា

ក្រុមហ៊ុន BAOLONG HERBMEDICAL GROUP របស់​ប្រទេស​យៀកណាម មាន​បំណង​ដាំ និង​ផលិត​ឱសថ​បុរាណ​នៅ​កម្ពុជា។

ទីភ្នាក់ងារ​ព័ត៌មាន អាកាប៉េ (AKP) រាយ​ការណ៍​ពី​ថ្ងៃ​អង្គារ ទី​២ កុម្ភៈ ថា វេជ្ជបណ្ឌិត ង្វៀន ហ៊ឺ ខាយ (Nguyen Huu Khai) នាយក​ក្រុមហ៊ុន​ខាង​លើ​នេះ​បាន​ពិនិត្យ​លើ​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​៣១ ខែ​មករា​កន្លង​ទៅ ក្នុង​ពេល​ជួប​ជាមួយ​ប្រធាន​រដ្ឋសភា​ខ្មែរ លោក ហេង សំរិន នៅ​ក្រុង​ភ្នំពេញ។

មាន​ព័ត៌មាន​ថា ក្រុមហ៊ុន​យៀកណាម​ជា​ច្រើន​បាន​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា ដូច​ជា​ខាង​ផ្នែក​ទេសចរណ៍ សំណង់ ធនាគារ សុខាភិបាល ឧស្សាហកម្ម កសិ​ឧស្សហកម្ម ។ល។ ហើយ​ដែល​កន្លង​មក​មាន​ចលនា​ផលិតកម្ម​លើ​ដី​សម្បទាន​រាប់​ម៉ឺន​ហិកតា ពេល​ខ្លះ​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ផង​ក៏​មាន ដូច​ជា​ទំនាស់​ដី​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ជាដើម៕