នៅព្រលប់ថ្ងៃអង្គារ ឪពុករបស់លោកជាញោមប្រុសនោះ បានទាក់ទងផ្ទាល់តាមទូរស័ព្ទម្តងទៀត ដោយបានឲ្យដឹងថា ដំណើរទេសចរណ៍ហែហមដោយអាជ្ញាធរវៀតណាមនោះ បានទៅដល់ជិតទីក្រុងហាណូយហើយ ៖ «ព្រះតេជគុណ ទឹម សាខន បានចេញពីគុកកាលពីថ្ងៃទី ៣០ ខែ៦ ប៉ុន្តែឥឡូវហ្នឹង អ្នកធ្វើការនៅខេត្តអាងយ៉ាង គាត់ត្រូវការឲ្យទេសចរណ៍រយៈពេល១ខែ ។ ខ្ញុំនិយាយទៅពីម្សិលមិញប្រហែលជាម៉ោង៤កន្លះ នៅម៉ោង៤កន្លះ គាត់នៅហួសព្រៃនគរ ហើយពីថ្ងៃហ្នឹង ឪពុកខ្ញុំគាត់និយាយថា លោកទៅជិតដល់ហាណូយហើយ នៅសល់១០០គីឡូម៉ែត្រទៀត» ។
ចំណែកលោក ថាច់ ង៉ុកថាច់ នាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម បានសម្ដែងក្តីអបអរសាទរយ៉ាងប្រុងប្រយ័ត្ន ហើយពុំមានជំនឿថា ការដោះលែងនោះជាសុច្ឆន្ទៈរបស់រដ្ឋាភិបាលវៀតណាមឡើយ ហើយបានអំពាវនាវឲ្យរាជរដ្ឋាភិបាលខ្មែរ ប្រើមធ្យោបាយការទូតដ៏មានប្រសិទ្ធភាពដើម្បីនាំព្រះគ្រូ ទឹម សាខន មកមាតុភូមិជួបជុំគ្រួសារវិញ ឲ្យបានឆាប់បំផុតដែលអាចធ្វើបាន ។
លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ដូច្នេះថា ៖ «យោបល់យើងខ្ញុំ គឺថា វាស្ថិតក្នុងល្បិចកលដដែល ស្ថិតក្នុងការបំពក់បំពុល ។ វាមិនដែលអ្នកណាជាប់គុកជាង ១ឆ្នាំ ចេញមកមិនមករកម៉ែឪបងប្អូន ។ អ្នកណាក៏ដោយ កាលណាគេមានទុក្ខលំបាក ហើយបានរួចផុតពីទុក្ខលំបាក អ្នកទីមួយដែលគេទៅរកគឺឪពុកម្ដាយ សាច់ញាតិបងប្អូន ហើយចំពោះគ្រូ ខន គឺឪពុកម្ដាយ សាច់ញាតិបងប្អូន នៅប្រទេសកម្ពុជាទាំងអស់ ។ រដ្ឋាភិបាលយួនប្រើគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាឲ្យគ្រូ ខន យកទៅលេងព្រៃនគរ ទៅលេង ហាណូយ ហើយគេមានគម្រោងយកទៅប្រទេសចិន ដើរលេងទៀត ។ រដ្ឋាភិបាលយួន នៅតែប្រើគំនិតកេងបន្លំអ៊ីចឹង ហើយយើងខ្ញុំសុំឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការទាមទារតវ៉ាយកព្រះគ្រូ ទឹម សាខន ត្រឡប់មកជួបជុំគ្រួសារ ហើយរស់នៅក្នុងប្រទេសកម្ពុជាវិញ» ៕
