ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់តែ​ច្រើន​ឡើងៗ

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្សាយ​កាល​ពី​ថ្ងៃ​៧ តុលា ថា មន្រ្តី​រាជ​រដ្ឋាភិបាល​អះអាង​ថា ក្រុមហ៊ុន​ពី​ប្រទេស​យៀកណាម​បាន​រួសរាន់​ប្រញាប់​ប្រញាល់​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​រក​ដី​សម្បទាន​កាន់​ច្រើន​ឡើងៗ ដើម្បី​វិនិយោគ​នៅ​តាម​តំបន់​ជនបទ​លើ​វិស័យ​កសិកម្ម។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក គិត សេង ប្រាប់​កាសែត​ថា ក្រុមហ៊ុន​យៀកណាម​បាន​ពង្រីក​ទំហំ​ដី​ដាំ​កៅស៊ូ​និង​ដំណាំ​ផ្សេងៗ​ទៀត​នៅ​ប៉ែក​ឦសាន​និង​ប៉ែក​បូព៌ា។

លោក ច័ន្ទ សារុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខាង​កសិកម្ម​ដល់​ក្រុមហ៊ុន​យៀកណាម​យ៉ាង​តិច​៥ ដែល​មាន​ទំហំ​ដី​ជិត​៣​ម៉ឺន​៥​ពាន់​ហិកតារ​នៅ​ខេត្ត​កំពង់ធំ ក្រចេះ មណ្ឌលគិរី ព្រះវិហារ និង​រតនគិរី។

គេ​មិន​បាន​ដឹង​អំពី​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ច ផលវិបាក​ខាង​បរិស្ថាន​ពី​អាជីវកម្ម​ទាំង​នោះ​ទេ។ ក្រុមហ៊ុន​ទាំង​៥​នោះ គឺ​ក្រុមហ៊ុន BNA Cam Corp., Mondul Agri Resources, Central First Co., An Mang Yang និង ឡេង រិទ្ធី៕