កាសែត​វៀតណាម៖ ទង្វើ​របស់​សម​រង្ស៊ី​ជា​អំពើ​វិទ្ធង្សនា

កាសែត​យៀកណាម ញ៉ិនហ្សិន (Nhan Dan) បាន​ហៅ​សកម្មភាព​ដក​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ព្រៃវែង ពី​សំណាក់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​អំពើ​វិទ្ធង្សនា។

កាសែត​យៀកណាម ញ៉ិនហ្សិន បាន​ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​៤ វិច្ឆិកា ដោយ​បាន​ស្រង់​ពាក្យ​ពេចន៍​របស់​អ្នកស្រី​ឧប​នាយក​រដ្ឋមន្រ្តី ម៉ែន សំអន ក្នុង​ឱកាស​ជួប​ជាមួយ​នាយក​រដ្ឋមន្រ្តី​យៀកណាម ង្វៀង តឹនហ្សុង (Nguyen Tan Dung) នៅ​ហាណូយ​ថា អំពើ​របស់​លោក សម រង្ស៊ី ទៅ​ដក​បង្គោល​កំណត់​ព្រំដែន​ដូច្នោះ គឺ​បំផ្លាញ​សម្បត្តិ​ទ្រព្យ​ជាតិ រំលោភ​បំពាន​ច្បាប់​ខ្មែរ ហើយ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា​និង​យៀកណាម​ខូច​ខាត​ផល​ប្រយោជន៍។

មេ​ដឹកនាំ​យៀកណាម​បាន​ស្នើ​ឲ្យ​រដ្ឋ​អំណាច​ខ្មែរ​ចាត់​វិធានការ​ឲ្យ​សមស្រប​ដើម្បី​កុំ​ឲ្យ​អំពើ​ដែល​កាសែត ញ៉ិនហ្សិន ហៅ​ថា អំពើ​វិទ្ធង្សនា​នោះ គេ​ធ្វើ​ដូច្នោះ​ទៀត។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ភាគី​យៀកណាម​បង្ហាញ​ជំហរ​ឲ្យ​ដឹង​ថា គេ​នឹង​ពង្រឹង​ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ឃើញ​ផល​ជាក់ស្តែង៕