បុរសម្នាក់ជាកូនសាកសពជនរងគ្រោះ លោក តាង វាសនា បានមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា តាមការរកឃើញនូវភស្តុតាងខ្លះៗដែលបានបន្សល់ទុកដូចជា ដាវសាម៉ូរៃ ស្នាមចាក់បំពង់ក និងហេតុផលមិនប្រក្រតីមួយចំនួន ធ្វើឲ្យលោកមានការសង្ស័យថា ម្តាយរបស់លោកគឺមិនស្លាប់ដោយសារភ្លើងឆេះនោះទេ គឺពិតជាមានឃាតករសម្លាប់ រួចហើយទើបដុតផ្ទះជាក្រោយ។
លោក តាង វាសនា បានបញ្ជាក់ថា ៖ «ការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំគិតថា គាត់អាចស្លាប់មុនពេលដែលភ្លើងឆេះ ពីព្រោះអីកន្លែងរបស់ម្ដាយរបស់ខ្ញុំ គាត់សម្រាន្តនៅហ្នឹង ហើយខ្ញុំឃើញគាត់នៅកន្លែងហ្នឹងដដែល។ ហេតុអីបានជាភ្លើងក្ដៅគាត់មិនរត់? ហើយកន្លែងសរសរគាត់ហ្នឹង វាឆេះអត់អស់ វានៅកន្លែងសរសរហ្នឹង វាមានស្លាមស្នាមនៅនឹងកហ្នឹង ស្នាមដូចគេចាក់កាំបិត»។
ទាក់ទិននឹងបញ្ហានេះ មេប៉ុស្តិ៍ឃុំរកាខ្ពស់ លោក លន់ ចាន់ថា បានមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ៖ «ខ្ញុំអត់ទាន់ហ៊ានបកស្រាយទេ ព្រោះនៅខាងបច្ចេកទេសគេកំពុងពិនិត្យ»។
អធិការនគរបាលស្រុកស្អាង លោក មុំាំង ពេជ្យ បានឲ្យដឹងដែរថា ពេលនេះសមត្ថកិច្ចបានធ្វើការពិនិត្យលើខ្លួនសាកសពហើយ ប៉ុន្តែពុំទាន់អាចសន្និដ្ឋានថា រឿងនេះកើតឡើងដោយសារឃាតកម្មប្លន់យកទ្រព្យសមុ្បត្តិ ឬជាឧបទ្ទវហេតុភ្លើងឆេះដោយផ្ទុះកំប៉ុងហ្គាសតូចៗនោះទេ ពីព្រោះផ្ទះជនរងគ្រោះមានលក់គ្រឿងចាប់ហួយ។
លោក ម៉ាំង ពេជ្យ បានឲ្យដឹងថា ៖ «គឺយើងកំពុងពិនិត្យ ប៉ុន្តែមើលសាកសព បច្ចេកទេសពិនិត្យដូចអត់មានស្លាមស្នាមក របួសស្នាមទេណា៎!»។
ប៉ុន្តែកូនប្រុសជនរងគ្រោះ លោក វាសនា បានបដិសេធថា មិនអាចផ្ទុះកំប៉ុងហ្គាសតូចៗនោះទេ ពីព្រោះម្តាយលោកនៅតែម្នាក់ឯង ហើយទាំងអ្នកជិតខាង ទាំងរូបលោកផ្ទាល់ ដែលមានផ្ទះឆ្ងាយពីគ្នាប្រហែលជិត៨០ម៉ែត្រ មុនពេលកើតហេតុមិនឮសូរផ្ទុះអ្វីឡើយ។
លោក វាសនា បានអះអាងថា ៖ «វាឆេះដូចជាគេធ្វើឲ្យឆេះរួចហើយ បានវាទៅផ្ទុះកំប៉ុងហ្គាសហ្នឹងជាក្រោយ ហើយកំប៉ុងហ្គាសហ្នឹងតូចៗ ហើយមានតិចហ្នឹង មិនបាន១០កំប៉ុងផងហ្នឹង!»។
លោកបញ្ជាក់ទៀតថា កាលពីក្បាលព្រលប់ថ្ងៃទី៨ មីនា ម្តាយលោកទើបដេញតុងទីនបានប្រាក់ ៨០ម៉ឺនរៀល និងមានមាសប្រាក់លុយកាក់ជាប់នឹងខ្លួនមួយចំនួនទៀត លុះជិតភ្លឺ ថ្ងៃទី៩ មីនា ក៏មានហេតុការណ៍យ៉ាងដូច្នេះកើតឡើងតែម្តង។
ទោះជាយ៉ាងណាក្តី គ្រួសារជនរងគ្រោះទាមទារឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ជុំវិញករណីនេះ៕
