សហជីព​សេរី​កម្មករ​ទាមទារ​ឲ្យ ប.ស.ស ទូទាត់​ប្រាក់​សំណង​ឲ្យ​កម្មករ​៣​នាក់

សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ឲ្យ​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទូទាត់​ប្រាក់​សំណង​ឲ្យ​កម្មករ​ចំនួន ៣​នាក់ នៅ​រោងចក្រ​ប៊ីអិន (BN) ដែល​គ្រោះថ្នាក់​ការងារ។

0:00 / 0:00

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ទី៩ កុម្ភៈ ថា កម្មករ​ចំនួន ៣​នាក់​បម្រើ​ការងារ​នៅ​រោងចក្រ​ប៊ីអិន មាន​ទីតាំង​នៅ​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​គ្រោះថ្នាក់​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​បំពេញ​ការងារ កាល​ពី​អំឡុង​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​២០១២ កន្លង​មក ហើយ​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន និង​ខ្ចី​បុល​ប្រាក់​អ្នក​ដទៃ ដើម្បី​ព្យាបាល​ជំងឺ។

លោក​ថា រហូត​មក​ដល់​ពេល​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ មិន​ទាន់​ទូទាត់​ប្រាក់​សំណង​ព្យាបាល​ជំងឺ​ជូន​ពួក​គេ​នៅ​ឡើយ៖ «គាត់​មុត​ម្ជុល គាត់​ដំ​បែក​មេ​ដៃ អ្នក​ខ្លះ​ដួល​ម៉ូតូ ពេល​ត្រឡប់​ពី​ការងារ​មក​កាន់​ផ្ទះ​វិញ បាក់​ដង​កាំបិត នេះ​គេ​ហៅ​ថា​គ្រោះថ្នាក់​ការងារ។ ជា​បឋម គឺ​យើង​ចំណាយ​ប្រាក់​ខ្លួន​ឯង ហើយ​បាន​ធ្វើ​របាយការណ៍​ហ្នឹង​ឲ្យ​ទៅ​ក្រុមហ៊ុន ពី​មុន​វា​ស្រួល​ក្នុង​ការ​ទូទាត់​ឲ្យ​កម្មករ​ភ្លាមៗ ប៉ុន្តែ​ឥឡូវ​វា​ពិបាក នៅ​ពេល​ដែល​ប្រាក់​របស់​គាត់​ត្រូវ​បាន​ធានា​សង​វិញ​ដោយ ប.ស.ស របប​សន្តិសុខ​សង្គម»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទេ នៅ​ថ្ងៃ​ទី​៩ កុម្ភៈ។

សហជីព​ដដែល កាល​ពី​ថ្ងៃ​សុក្រ ទី៨ កុម្ភៈ បាន​ដាក់​លិខិត​ទៅ​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដោះស្រាយ​បញ្ហា​នេះ។ កម្មករ​ទាំង​នោះ​មាន​ឈ្មោះ ផល្លា មួយគាង ប៊ុន រឿន និង​ឈ្មោះ អ៊ុន លី ធ្វើ​ការ​ក្នុង​រោងចក្រ​តែ​មួយ គឺ​រោងចក្រ​ប៊ីអិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។