ក្រុមសង្គមស៊ីវិល រួមទាំងសហជីពជាតិនិងអន្តរជាតិ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតមួយជាបន្ទាន់ទៅលើការបាត់ខ្លួនកម្មករវ័យជំទង់ម្នាក់កាលពី ២ខែមុន ក្នុងពេលកងសន្តិសុខបង្ក្រាបក្រុមបាតុករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
ក្នុងលិខិតចំហមួយរបស់សង្គមស៊ីវិល និងសហជីពសរុប ៥៤អង្គភាព ផ្សាយជាសាធារណៈនៅថ្ងៃទី២៣ មីនា ឲ្យដឹងថា សង្គមស៊ីវិលទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់ខ្លួនកម្មករ ខឹម សូផាត អាយុ ១៦ឆ្នាំ ហើយបានទទូចឲ្យរដ្ឋាភិបាលស៊ើបអង្កេតជាបន្ទាន់ ហើយបានហៅការបាត់ខ្លួនកម្មករវ័យជំទង់រូបនោះ ថាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងជារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លិខិតចំហនោះសរសេរថា ខឹម សូផាត ត្រូវបានគេឃើញជាលើកចុងក្រោយកាលពីព្រឹកថ្ងៃទី៣ មករា ឆ្នាំ២០១៤ នៅក្បែរសួនឧស្សាហកម្ម កាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ជាយរាជធានីភ្នំពេញ ដោយកម្មកររូបនោះដួលលើដី មានឈាមហូរចេញពីទ្រូង ដែលទំនងដូចជាត្រូវគ្រាប់កាំភ្លើង។ ចាប់តាំងពីពេលនោះមក ខឹម សូផាត បាត់ខ្លួនរហូតទល់ពេលនេះ។
លិខិតចំហដដែលបន្តថា នៅថ្ងៃបង្ក្រាបនិងបាញ់ប្រហារនោះ មិត្តភ័ក្ដិនិងអ្នករួមការងារម្នាក់បានឃើញ សូផាត ដួលលើដី ដោយមានរបួសយ៉ាងធ្ងន់ធ្ងរត្រង់ដើមទ្រូងរបស់គាត់ ហើយអ្នកនៅក្បែរបានព្យាយាមជួយ សូផាត តែ សូផាត បានប្រាប់ពួកគេវិញថា មិនបាច់ជួយទេ ដោយបាននិយាយថា ខ្លួនមិនរស់ទេ ហើយដេញអ្នកដែលចង់ជួយខ្លួននោះឲ្យរត់គេចខ្លួនទៅ ក្នុងពេលដែលកងកម្លាំងសន្តិសុខកំពុងបន្តបាញ់ប្រហារលើក្រុមបាតុកម្ម។
ឪពុក ខឹម សូផាត គឺលោក ខឹម សឿន ដែលមានទីលំនៅ នៅភូមិបឹងក្រៀល ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏បានអះអាងដូចគ្នាដែរ៖ «មិត្តភ័ក្ដិវាហ្នឹងត្រូវដៃដែរ គេបាញ់ត្រូវដៃ មិត្តភ័ក្ដិវាហ្នឹងឃើញកូនខ្ញុំគេបាញ់ត្រូវដើមទ្រូង គេឃើញ (កង) ឆត្រយោង លើកដាក់លើឡាន ដល់ដាក់លើឡានមិនដឹងគេយកទៅណា»។
លោកបន្តថា កូនប្រុសគាត់ដែលធ្វើការនៅរោងចក្រមួយម្ដុំសួនកាណាឌីយ៉ា ត្រូវបានកងសន្តិសុខបាញ់ប្រហារមុនគេបង្អស់ ក្នុងពេលអ្នកសារព័ត៌មានមិនទាន់ទៅដល់ឃើញហេតុការណ៍នោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានទ នៅថ្ងៃទី២៣ មីនា ដើម្បីសុំព័ត៌មានបន្ថែម។ ក៏ប៉ុន្តែកន្លងមកលោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ធ្លាប់អះអាងថា ព័ត៌មានទាក់ទងករណីកម្មករ ខឹម សូផាត នេះ គឺជារឿងមិនពិត។
កាលពីថ្ងៃទី២ និងទី៣ មករា ឆ្នាំ២០១៤ កងសន្តិសុខរដ្ឋាភិបាលបានបង្ក្រាបកម្មករធ្វើបាតុកម្មនៅតាមផ្លូវជាតិលេខ៤ កំបូល និងផ្លូវវ៉េងស្រេង ជាយរាជធានីភ្នំពេញ បណ្ដាលឲ្យកម្មករ ៥នាក់ស្លាប់ និងជិត ៤០នាក់រងរបួស ចាប់ខ្លួន ២៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
