ពលរដ្ឋ​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ហ្គីណេ​ចោទ​ក្រុមហ៊ុន​បោកប្រាស់

ដោយ ហ៊ុំ ចំរើន
2015.05.13
ពលករ ហ្គីណេ ៦២០ ពលរដ្ឋ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ហ្គីណេ (Guinea) ឈរ​នៅ​មុខ​ផ្ទះ ខណៈ​ធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៥។
Adhoc Photo

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ហ្គីណេ (Guinea) តាម​រយៈ​ក្រុមហ៊ុន ខេមបូឌា សេវិន​ស្រ៊ី អែននឺជី អាហ្វ្រិកា (Cambodia 777 Energy Africa) ប្ដឹង​ក្រុមហ៊ុន​នេះ​ទៅ​អង្គការ​អាដហុក (Adhoc) ឲ្យ​ជួយ​រក​កិច្ច​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​នេះ​​​បោក​ប្រាស់​​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​​មិន​គោរព​កិច្ចសន្យា។ ប៉ុន្តែ​មន្ត្រី​ក្រុមហ៊ុន​បញ្ជាក់​ថា ពុំ​បាន​បោកប្រាស់​ប្រជាពលរដ្ឋ​នាំ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។

​​​​​​​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​​ ចាត់​ទុក​ការ​ឆ្លើយ​បដិសេធ​របស់​ក្រុមហ៊ុន​នេះ​​ ថា​ជា​ទង្វើ​មួយ​គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ហួសហេតុ​ ហើយ​​មិន​ទទួល​ខុស​ត្រូវ​​​ចំពោះ​សកម្មភាព​​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​​នោះ​ឡើយ។

តំណាង​ពលករ​នៅ​ខេត្ត​បន្ទាយមានជ័យ ម្នាក់​ឈ្មោះ​ សុខ​ សារួន​ ថ្លែង​នៅ​ថ្ងៃ​ទី​១៣ ឧសភា ថា ក្រុមហ៊ុន ខេមបូឌា សេវិន​ស្រ៊ី អែននឺជី អាហ្វ្រិកា នាំ​ពួកគេ​ចំនួន ១៩​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ហ្គីណេ នា​ទ្វីប​អាហ្វ្រិក ​ដោយ​សន្យា​ថា ក្រុមហ៊ុន​នឹង​ផ្ដល់​ប្រាក់​ម្នាក់​ចំនួន ១.១០០​ដុល្លារ​អាមេរិក​ចំពោះ​អ្នក​ដែល​ទទួល​​ការងារ​ជា​មេ​ក្រុម​ ចំណែក​ឯ​​ពលករ​ធម្មតា​នឹង​ទទួល​បាន​ប្រាក់​ចំនួន ៨០០​ដុល្លារ​ក្នុង​ម្នាក់​ និង​​​ទទួល​ខុស​ត្រូវ​លើ​ថ្លៃ​ធ្វើ​ដំណើរ។

លោក​បន្ត​ថា លិខិត​ឆ្លង​ដែន​ជា​បន្ទុក​របស់​ពលករ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​កន្លែង​ធ្វើ​ការ​នៅ​ប្រទេស​ហ្គីណេ ខាង​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ការ​សន្យា​ឡើយ។ លោក​ថា ពួកគេ​ទៅ​ធ្វើ​ការ​ជា​កម្មករ​ដំឡើង​សូឡាសែល (Solar Sell) ដាក់​បំភ្លឺ​តាម​ដង​ផ្លូវ​​​ចំនួន ៤​ខែ​ តែ​​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ឲ្យ​ចំនួន​តែ ២​ខែ​ដំបូង​ប៉ុណ្ណោះ នៅ​សល់ ២​ខែ​ទៀត​ក្រុម​ហ៊ុន​មិន​បើក​ប្រាក់​ខែ​ឲ្យ​នោះ​ឡើយ។

លោក​ សុខ សារួន បញ្ជាក់​ថា​ ការ​មិន​បើក​ប្រាក់​នេះ​ធ្វើឲ្យ​​ពួកគេ​រស់​នៅ​យ៉ាង​លំបាកលំបិន និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​នោះ​ទេ៖ «បាយ​ទឹក​ហូប​មិន​គ្រប់​គ្រាន់ និង​ទៀង​ទាត់​ពេល​វេលា​ ហើយ​ការងារ​មិន​កំណត់​ម៉ោង​ទេ​ គឺ​ធ្វើ​ការ​លើស​ពី ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មន្ត្រី​ក្រុមហ៊ុន ខេមបូឌា សេវិន​ស្រ៊ី អែននឺជី អាហ្វ្រិកា លោក​ ជឹម សុផាន់ណា​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ ក្រុមហ៊ុន​នាំ​ប្រជាពលរដ្ឋ​ទាំង ១៩​នាក់​ទៅ​ប្រទេស​ហ្គីណេ នោះ​ ធ្វើ​ឡើង​ជា​លក្ខណៈ​កម្មសិក្សា​ក្នុង​នាម​ជា​សិស្ស​រយៈ ៦​ខែ​ទេ​ គឺ​ពុំ​បាន​បោកប្រាស់​ពួកគេ​នាំ​​ទៅ​ធ្វើ​ការ​​នៅ​ក្រៅ​ប្រទេស​​​មិន​ឲ្យ​លុយ​កាក់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «ពួកគេ​ធ្វើ​ការ​ងារ​នៅ​ទី​នោះ រស់​នៅ​ហូបចុក​គ្រប់​គ្រាន់​ទេ។ ចំពោះ​ការ​យឺតយ៉ាវ​បើក​ប្រាក់​ឲ្យ​ពួកគេ​ទាំង​នោះ​វិញ​ ដោយសារ​​គ្រូ​និង​សិស្ស​មិន​ទាន់​បាន​ចូល​រៀន​ ពីព្រោះ​​​​សិស្ស​​​មិន​ទាន់​គ្រប់​ចំនួន​នៅ​ឡើយ»

​ទោះ​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​​ពី​ពលករ​នោះ​ហើយ​ ក្នុង​នោះ​ពួកគេ​ស្នើ​ឲ្យ​ចាត់​វិធានការ​ទៅ​លើ​ក្រុមហ៊ុន​នេះ​ថា ជា​ការ​បោកប្រាស់​ពលករ​ក្នុង​រូបភាព​នាំ​សិស្ស​ទៅ​ធ្វើ​កម្មសិក្សា​ក្រៅ​ប្រទេស​យក​បទ​ពិសោធន៍។

លោក​បញ្ជាក់​ថា ក្នុង​ករណី​នេះ​ពុំ​មែន​ខាង​ក្រុមហ៊ុន​​មាន​ចេតនា​​ជួយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ចំណេះ​ដឹង​ត្រឡប់​មក​កម្ពុជា វិញ​ដូច​ការ​លើក​ឡើង​របស់​ខ្លួន​នោះ​ឡើយ៖ «មិន​មែន​ជា​កម្មសិក្សា​របស់​សិស្ស​នោះ​ទេ​ ពី​ព្រោះ​អ្នក​ដែល​ទៅ​ធ្វើ​ការ​នោះ​មួយ​ចំនួន​ជា​មនុស្ស​វ័យ​ចាស់​អាយុ ៥០​ឆ្នាំ​អស់​ទៅ​ហើយ។ ប៉ុន្តែ​​ក្រុមហ៊ុន​នាំ​ពលករ​​ទៅ​ប្រទេស​ហ្គីណេ ជា​លក្ខណៈ​ទៅ​ធ្វើ​ការ​បែប​ម៉ៅការ​រយៈ​ពេល​ខ្លី​ទេ»

ពលករ​ដែល​ចេញ​ទៅ​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន ខេមបូឌា សេវិន​ស្រ៊ី អែននឺជី អាហ្វ្រិកា នៅ​ប្រទេស​ហ្គីណេ ទាំង​អស់​ចំនួន ១៩​នាក់ ​រស់​នៅ​ខេត្ត​ផ្សេងៗ​ពី​គ្នា ​​មាន​ជាអាទិ៍​ខេត្ត​បន្ទាយមានជ័យ​ តាកែវ កណ្ដាល​ និង​ខេត្ត​ព្រៃវែង ជា​ដើម។ ក្នុង​នោះ​ពលករ​ចំនួន ៧​នាក់​បាន​វិល​​ត្រឡប់​មក​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា ឆ្នាំ​២០១៥ បន្ទាប់​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​ហ្គីណេ អស់​រយៈ​ពេល ៤​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។