ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ១០នាក់ ដែលទើបត្រូវបានក្រុមហ៊ុន អេសអ៊ឹមអេស (SMS= Success Manpower Service) បញ្ជូនឲ្យត្រឡប់មកស្រុកខ្មែរវិញ បាននាំគ្នាតវ៉ានៅថ្ងៃទី១០ កុម្ភៈ ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានរំលោភលើកិច្ចសន្យាការងារ។
កម្មករទាំងនោះទាមទារឲ្យក្រុមហ៊ុនទទួលខុសត្រូវក្នុងការបញ្ជូនគាត់ទៅធ្វើការនៅប្រទេសថៃវិញ។ បើពុំដូច្នោះទេ ពួកគាត់នឹងប្ដឹងឲ្យក្រុមហ៊ុនសងប្រាក់ដែលគាត់បានបង់នោះឲ្យពួកគាត់វិញ។
បុរសឈ្មោះ ទុយ គៀង អាយុ ២៨ឆ្នាំ អ្នកភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ កុម្ភៈ ថា ក្រុមហ៊ុននាំពលករចេញទៅធ្វើការនៅប្រទេសថៃ ឈ្មោះ អេសអ៊ឹមអេស បានរំលោភលើកិច្ចសន្យាការងារ និងបានដឹកពួកគាត់ឲ្យមកស្រុកខ្មែរវិញដោយបង្ខំ។
ពលករ ទុយ គៀង បន្តថា ពេលគាត់ដាក់ពាក្យ គឺទៅធ្វើការងារផលិតគ្រឿងអេឡិចត្រូនិក។ តែដល់ពេលបញ្ជូនទៅក្រុមហ៊ុនប្រាប់ថា ទៅធ្វើការងារដំឡើងម៉ាស៊ីនត្រជាក់។ លុះទៅដល់ស្រុកថៃ គេបែរជាឲ្យពួកគាត់ធ្វើការងារសំណង់វិញ។ លុះពួកគាត់តវ៉ាក្រុមហ៊ុនបែរបញ្ជូនពួកគាត់មកស្រុកខ្មែរតែម្ដង។ ពេលពួកគាត់ក្រាញមិនព្រម មេការជនជាតិថៃ បានគំរាមចាប់បញ្ជូនពួកគាត់ដោយបង្ខំ។
ពលករ ទុយ គៀង៖ «ពួកខ្ញុំកំពុងធ្វើការងារសុខៗ មេការនោះបានមកប្រាប់ថា បើពួកខ្ញុំមកធ្វើការងារបណ្ដោះអាសន្នទេ វាអត់ឲ្យធ្វើទៀតទេ ហើយវាប្រាប់ថៅកែថៃ បើកលុយឲ្យពួកខ្ញុំ រួចបណ្ដេញពួកខ្ញុំចេញតែម្ដង»។
ពលករម្នាក់ទៀតឈ្មោះ ស សុខុម អាយុ ២២ឆ្នាំ បានឲ្យដឹងបន្ថែមថា គាត់បានចងការប្រាក់ពីធនាគារមកបង់ឲ្យក្រុមហ៊ុនក្នុងម្នាក់ៗ ៤១០ដុល្លារ ហើយទើបតែធ្វើការបានតែ ១៥ថ្ងៃស្រាប់តែក្រុមហ៊ុនយកគាត់ត្រឡប់មកវិញ។ គាត់សំណូមពរឲ្យក្រុមហ៊ុនបញ្ជូនពួកគាត់ទៅធ្វើការងារវិញ ដើម្បីរកប្រាក់សងធនាគារ បើពុំដូច្នោះទេ ធនាគារមុខជារឹបអូសដីធ្លី និងផ្ទះសំបែងរបស់គាត់ហើយ។
ពលករឈ្មោះ ស សុខុម៖ «ដើមឡើយខ្ញុំចង់សុំដូរការងារ តែក្រុមហ៊ុនថា ដូរមិនបាន។ គេថា ឲ្យខ្ញុំ ធ្វើបណ្ដោះអាសន្ន ខ្ញុំក៏ព្រមធ្វើដែរ ដល់ធ្វើបានកន្លះខែ ស្រាប់តែមេការបណ្ដេញពួកខ្ញុំតែម្ដង»។
យ៉ាងនេះក្ដី ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន អេសអ៊ឹមអេស លោក សូ ផាត បានពន្យល់ចំពោះបញ្ហានេះថា ករណីនេះជាកំហុសរបស់ពលករ។ លោកថា ការងារដែលពលករទាំង ១០រូបបានធ្វើនោះគឺជាការងារដំឡើងម៉ាស៊ីនត្រជាក់ឲ្យផ្សារទំនើបមួយនៅប្រទេសថៃ មិនមែនជាការងារសំណង់ទេ។ តែពលករមិនយល់បែរជានាំគ្នាសុំប្ដូរការងារ ទើបមានបញ្ហានេះកើតឡើង។
យ៉ាងនេះក្ដី ក្រុមហ៊ុនសន្យាថា នឹងបញ្ជូនពលករទាំង ១០រូបនេះទៅវិញនៅពេលដែលក្រុមហ៊ុនទាក់ទងបានការងារផលិតគ្រឿងអេឡិចត្រូនិក៖ «ក្រុមហ៊ុននៅតែដោះស្រាយឲ្យគាត់ អ៊ីចឹងក្នុងនាមដែលគាត់ជាពលករដែលចេញពីក្រុមហ៊ុនយើង ទៅតែយើងត្រូវការពេលវេលាមួយរករោងចក្រថ្មីឲ្យគាត់។ មិនមែនយើងចង់ដូរគឺដូរបានភ្លាមនោះទេ។ ម្យ៉ាងទៀតការងារនេះក៏ត្រូវការរត់ឯកសារដែរ គឺទៅក្រសួងការងារ និងក្រសួងមហាផ្ទៃទៀត ដូច្នេះគឺគាត់ត្រូវតែរង់ចាំ»។
ជារឿយៗ គេច្រើនសង្កេតឃើញថា ក្រុមហ៊ុននាំពលករចេញទៅប្រទេសថៃ ភាគច្រើនបានអូសបន្លាយពេលវេលាក្នុងការចេញដំណើរទៅធ្វើការងារខុសពីកិច្ចសន្យា។ កត្តានេះបានធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក ព្រោះពួកគាត់បានខ្ចីប្រាក់ពីធនាគារដើម្បីបង់ឲ្យក្រុមហ៊ុនជាមួយក្ដីសង្ឃឹម និងរកបានប្រាក់មកសងធនាគារខ្លះ និងដោះស្រាយជីវភាពគ្រួសារខ្លះ។
ចំពោះករណីពលករទាំង ១០រូប នៅភូមិត្រពាំងត្រាចនេះវិញ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សខេត្តកំពង់ឆ្នាំង គឺលោក សំ ច័ន្ទគា មានប្រសាសន៍ថា មន្ទីរការងារត្រូវតែជួយធ្វើអន្តរាគមន៍ឲ្យក្រុមហ៊ុនបញ្ជូនពលករទាំងនេះទៅធ្វើការវិញជាបន្ទាន់ បើពុំដូច្នោះទេ ពួកគេពិតជាវិបត្តិធ្ងន់ធ្ងរ ព្រោះគ្មានប្រាក់សងធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
