ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ៦គ្រួសារ បានមកដាក់បណ្ដឹងឲ្យអង្គការអាដហុក ប្រចាំខេត្តនេះ ជួយកូនស្រីពួកគាត់ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គ្រប់តាមកិច្ចសន្យារយៈពេល ២ឆ្នាំហើយ តែថៅកែផ្ទះមិនព្រមឲ្យត្រឡប់មកផ្ទះវិញទេ។
ស្ត្រីឈ្មោះ សុខ ព្រីង ជាប្រជាពលរដ្ឋនៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ អ្នកស្រីបានឲ្យដឹងនៅរសៀលថ្ងៃទី១០ មករា ឆ្នាំ២០១២ ថា កូនស្រីគាត់ឈ្មោះ ហួន ស្រីម៉ុង អាយុ ២១ឆ្នាំ បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន យូមែន ផៅវ័រ (Human Power) តាំងពីថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០០៩ និងមានលេខកូដសំគាល់ ១៦៣៨។ គាត់ថា កូនស្រីគាត់បានធ្វើការគ្រប់ ២ឆ្នាំតាមកិច្ចសន្យាហើយ តែថៅកែផ្ទះមិនព្រមឲ្យកូនគាត់ត្រឡប់មកវិញ។ ពេលគាត់ទូរស័ព្ទជួបកូនគាត់លើកចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០១១ កន្លងទៅ វាបានប្រាប់គាត់ថា កុំឲ្យទូរស័ព្ទទៅទៀត ខ្លាចថៅកែធ្វើបាបវា។
អ្នកស្រី សុខ ព្រីង៖ «ថៅកែវាគាបសង្កត់វាខ្លាំងណាស់ ទើបវាមិនហ៊ាននិយាយអីទាំងអស់។ហើយឥឡូវ ការនិយាយស្ដីវាខុសពីមុន ម្ដងទៅក្រោយ ម្ដងទៅមុខ ដូចជាមិនប្រក្រតីទេ កូនខ្ញុំទើបខ្ញុំចង់យកវាមកវិញ»។
អ្នកស្រី មាស ភាព អាយុ ៤៦ឆ្នាំ អ្នកភូមិថ្មី ឃុំពោធិ៍ ក៏បានឲ្យដឹងប្រហាក់ប្រហែលអ្នកស្រី សុខ ព្រីងដែរថា ប្អូនស្រីគាត់ឈ្មោះ មឿង គា អាយុ ២៨ឆ្នាំ បានបញ្ចប់អាណត្តិការងាររយៈពេលជិត ៤ខែហើយ តែក៏មិនទាន់ឃើញត្រឡប់មកវិញដែរ៖ «វាប្រាប់ខ្ញុំឲ្យទៅប្ដឹងទៅអាជ្ញាធរទៅ ដើម្បីជួយវាឲ្យបានត្រឡប់ទៅស្រុកវិញ។ វាថា ថៅកែវាមិនព្រមឲ្យវាមកទេ ឲ្យនៅតមួយឆ្នាំទៀត»។
យ៉ាងនេះក្ដីស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺលោកស្រី ប្រាក់ សៅនី មានប្រសាសន៍ថា សុំឲ្យគ្រួសារពលការិនីទាំងនោះមកដាក់បណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្ត ដើម្បីលោកស្រីមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងធ្វើរបាយការណ៍ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ដើម្បីជួយពលករទាំងនោះឲ្យបានវិលត្រឡប់មកវិញ។
លោកស្រី ប្រាក់ សៅនី៖ «អត់អីទេបង ឲ្យគ្រួសារគេមកដាក់ពាក្យបណ្ដឹងមកខ្ញុំហ្នឹងកាន់យកទៅនាយកដ្ឋាន ដើម្បីឲ្យនាយកដ្ឋានទាក់ទងជាមួយប៉ូលិសអាំងទែរប៉ូល ឲ្យគេស្រាវជ្រាវរក ហើយជួយយកមកវិញ»។
នាយកប្រតិបត្តិអង្គការ ខារ៉ាម កម្ពុជា (CARAM Cambodia) គឺលោក យ៉ា ណាវុធ។ លោកក៏ជំរុញឲ្យគ្រួសារពលការិនីទាំងនោះមកដាក់បណ្ដឹង ដើម្បីឲ្យអង្គការលោកមានមូលដ្ឋានក្នុងការស្រាវជ្រាវជួយពលការិនីទាំងនោះ៖ «ឲ្យគ្រួសារជនរងគ្រោះដាក់បណ្ដឹងមក យើងនឹងជួយពួកគាត់។ សុំឲ្យពួកគាត់យកឯកសារដែលពាក់ព័ន្ធមកផង»។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តកំពង់ឆ្នាំង គឺលោក សំ ច័ន្ទគា មានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការនាំពលករចេញ ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។ លោកថា ការចាប់បង្ខំឲ្យពលករធ្វើការងារបន្តដោយពុំមានការយល់ព្រមពីសាមីខ្លួន គឺជាអំពើខុសច្បាប់៕
