ក្រុមកម្មករដែលបានតវ៉ានោះ បានឲ្យដឹងអំពីការទូទាត់អតីតភាពការងារ ក្នុងនោះរួមមាន ទី១ ការទូទាត់ប្រាក់បំណាច់ ទី២ ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ទី៣ ប្រាក់ខែចុងក្រោយ ទី៤ ប្រាក់ជូនដំណឹង និងទី៥ ប្រាកសោហ៊ុយជំងឺចិត្ត។
ក្រុមកម្មករដែលនាំគ្នាតវ៉ានៅថ្ងៃទី៨ ឧសភា ឲ្យដឹងប្រហាក់ប្រហែលគ្នាថា ក្រុមហ៊ុននេះដើមទើ្បយជាក្រុមហ៊ុនតៃយៀន (Tai Yean) មានទីតាំងឋិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខែត្រកណ្ដាល ដែលដំណើរការតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ខែកុម្ភៈ ឆ្នំា២០១០។ បន្តាប់មកបានប្ដូរឈ្មោះទៅជា តៃណាន ធ្វើឲ្យកម្មករមានការភ័យខ្លាចពួកខ្លួនបាត់បង់ប្រាក់អតីតភាពការងារ។
ពួកគេបានឲ្យដឹងទៀតថា ក្រុមហ៊ុននេះបានប្ដូរឈ្មោះដោយពុំបានផ្ដល់ព័ត៌មានណាមួយដល់ពួកគេឡើយ លុះមានការដេញដោលពីក្រុមកម្មករជាច្រើនលើក ធ្វើឲ្យក្រុមហ៊ុនអត់ទ្រាំមិនបានក៏ព្រមប្រាប់ពីការប្ដូរឈ្មោះនេះ តែពុំបានដោះស្រាយអ្វីនោះទេ។ ក្នុងនោះដែរ ពួកគេក៏បានទាមទាឲ្យក្រុមហ៊ុនគិតគួរអតីតភាពការងាររបស់ក្រុមចាស់ទើ្បងវិញ តែគេពុំបានអើពើចំពោះបញ្ហានេះទើ្បយ៖ «ពួកខ្ញុំធ្វើកូដកម្មបីបួនថ្ងៃហើយ ក៏ក្រុមហ៊ុនអត់ចេញមុខមកដោះស្រាយឲ្យដែរ ក្រមហ៊ុននៅធ្វើធម្មតាៗ ពេលគេចូលមកដោះស្រាយនិយាយពាក្យបដិសេធមួយមាត់»។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកចាត់ការទូទៅក្រុមហ៊ុន សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុនមិនបានកាត់សិទ្ធិ ឬធ្វើឲ្យកម្មករបាត់បង់ការងារដើម្បីបង្កើនការនាំចេញទេ៖ «ខាងខ្ញុំបានបង្កើតក្រុមហ៊ុនថ្មី យកទីតាំងមួយបង្កើតក្រុមហ៊ុនថ្មីមួយ ដល់តែកម្មករគាត់យល់ច្រទ្បំទៅគាត់គ្រាន់តែថា»។
ចំពោះរឿងនេះដែរ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា ការទាមទាររបស់កម្មករ កើតទ្បើងព្រោះពួកគេភ័យខ្លាចបាត់បង់ការងារ និងអតីតភាពការងារដែលបានធ្វើកន្លងមក។
លោកបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមិនបានគោរពឲ្យបាន ត្រឹមត្រូវតាមច្បាប់៖ «ពេលមកដល់បច្ចុប្បន្ននៅតែទទួលបានទៀត អ៊ីចឹងមានន័យថា អត់ទាន់មានហេតុផលណាមួយបញ្ជាក់ថា រោងចក្រនេះបិទទ្វារឈប់ទេ»។
ក្រុមហ៊ុនតៃណាន ជាក្រុមហ៊ុនកាត់ដេរដែលបានប្ដូរពីឈ្មោះ តៃយៀន ចាប់ពីឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្ន។ ការផ្លាស់ឈ្មោះនេះ ដែលធ្វើឲ្យកម្មករមិនសប្បាយចិត្ត ព្រោះថៅកែរោងចក្របាន បំបាត់អតីតភាពការងាររបស់កម្មករ ដែលបានខំធ្វើការអស់ជាច្រើនឆ្នាំមកហើយ។ ដូច្នេះហើយទើបក្រុមកម្មករធ្វើកូដកម្មទាមទារប្រាក់អតីតភាពការងារឡើងវិញ។
ក្រុមកម្មករឲ្យដឹងថា ពួកគេបានធ្វើកូដកម្មទាមទារអស់រយៈពេលជិតមួយសប្ដាហ៍មកហើយ តែថៅកែរោងចក្រមិនព្រមដោះស្រាយ។ ក្រុមកម្មករបានសន្យាថា ពួកគេនឹងនៅតែធ្វើកូដកម្មបន្តទៅទៀត ដោយមិនព្រមចូលធ្វើការឡើយ ដើម្បីបង្ខំឲ្យថៅកែចូលខ្លួនមកដោះស្រាយតាមការទាមទារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
