តំណាងកម្មកររោងចក្រតេយ៉ុង លោក អ៊ុន ប៊ុនគា មានប្រសាសន៍ថា ក្រុមកម្មករបាននាំគ្នាតវ៉ាអស់រយៈពេល ២សប្ដាហ៍មកហើយ។ ប៊ុនគា បន្តថា នៅព្រឹកថ្ងៃទី៥ ខែតុលា ពួកគេបានដុតកង់ឡាននៅខាងមុខរោងចក្រ ដែលមានទីតាំងនៅក្នុងភូមិកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ពួកគេតវ៉ាអោយភាគីរោងចក្រ យល់ព្រមទទួលយកតំណាងសហជីព និងកម្មករមួយចំនួនទៀត បានចូលធ្វើការ រួមនឹងការទាមទារដំឡើងប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត៖ «ទាមទារអោយពួកខ្ញុំចំនួន ១៦នាក់ ដែលគេព្យួរការងារហ្នឹង បានចូលធ្វើការវិញ។ ដំឡើងប្រាក់ខែអោយបាន ៦៦ដុល្លារ ដំឡើងលុយបាយចំនួន ១៥ដុល្លារ។ លុយបាយថ្ងៃត្រង់ចំនួន ១៥ដុល្លារ»។
ក្រុមកម្មករបានសម្រេចរំសាយការតវ៉ារបស់ពួកគេ បន្ទាប់ពីបានប៉ះទង្គិច ២លើកជាមួយកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ជាង ១០០នាក់ ប្រដាប់ដោយខែល និងដំបង បានរុញច្រានពួកគេអោយចាកចេញពីខាងមុខរោងចក្រ។
នៅក្នុងការប៉ះទង្គិចនោះ គឺពុំបានធ្វើអោយមានអ្នករបួសឡើយ ហើយក្រុមសមត្ថកិច្ចបានបាញ់ពន្លត់ភ្លើង ដែលកម្មករបានដុតកង់ឡាននោះភ្លាមៗដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
