ក្រុម​អង្គការ​យុវជន​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ក្នុង​វិស័យ​យុវជន ចំនួន​១០​ស្ថាប័ន បាន​គាំទ្រ​ចំពោះ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ធនាគារ​ពិភពលោក និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត ដែល​បាន​បង្ហាញ​ការ​ចាប់​ផ្ដើម​ជា​ថ្មី ក្នុង​ការ​ផ្ដល់​ជំនួយ​មក​កម្ពុជា។

ប្រធាន​សមាគម​យុវជន​ខ្មែរ (KYA) លោក ម៉ាក ចំរើន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា ក្រុម​អង្គការ​យុវជន​យល់​ឃើញ​ថា កម្ពុជា​នៅ​មាន​សេចក្ដី​ត្រូវ​ការ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​ដដែល បន្ទាប់​ពី​ធនាគារ​ពិភពលោក​បាន​ផ្អាក​មួយ​រយៈ នូវ​ដំណើរ​ការ​នៃ​ការ​គាំទ្រ​ជា​លក្ខណៈ​ជំនួយ និង​ផ្ដល់​ប្រាក់​កម្ចី​ទៅ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​ការងារ​មួយ​ចំនួន​នោះ។

លោក ម៉ាក ចំរើន៖ «កន្លង​មក យើង​យល់​ឃើញ​ថា World Bank (ធនាគារ​ពិភពលោក) គាត់​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​រឿង​ដីធ្លី ការ​ផ្ដល់​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដល់​ពេល​មួយ​រយៈ​ក្រោយ​មក​ឃើញ​ថា ធនាគារ​ពិភពលោក គាត់​បាន​ផ្អាក​មួយ​រយៈ​នៅ​ក្នុង​ការ​ផ្ដល់​ជំនួយ ដោយ​សារ​តែ​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​បឹងកក់ នៅ​តំបន់​ផ្សេងៗ។ ប៉ុន្តែ​ដល់​ពេល​ឃើញ​ថា​ធនាគារ​ពិភពលោក កំពុង​ចាប់​ផ្ដើម​គាំទ្រ​មក​រដ្ឋាភិបាល គឺ​ហាក់​ដូច​ជា​ផ្ដោត​សំខាន់​ទៅ​លើ​កង្វះ​អាហារូបត្ថម្ភ និង​សុខភាព​មាតា និង​កុមារ។ ចំណុច​ហ្នឹង អង្គការ​យុវជន​យើង​បាន​ជជែក​គ្នា​ទៅ​ថា នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់​ផង​ដែរ ដែល​យើង​គិត​ថា​ធនាគារ​ពិភពលោក ផ្ដោត​សំខាន់ គឺ​នៅ​សំខាន់​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ កុំ​ឲ្យ​គាត់​ភ្លេច​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»

នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​របស់​អង្គការ​យុវជន​ទាំង​១០ កាល​ពី​ថ្ងៃ​ទី​៥ សីហា បាន​សម្ដែង​ការ​ត្រេកអរ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ធនាគារ​ពិភពលោក ស្ថានទូត​អង់គ្លេស និង​ទីភ្នាក់ងារ​អូស្ត្រាលី​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (AusAid) កាល​ពី​ថ្ងៃ​ទី​២៤ សីហា ដែល​បន្ត​យក​ចិត្ត​ទុក​ដាក់​មក​កម្ពុជា លើ​ការ​លុប​បំបាត់​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​គាំទ្រ​ទៅ​នឹង​ការ​លើក​កម្ពស់​សុខភាព​មាតា និង​ទារក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។