កម្មវិធី​ពុទ្ធ​សាសនា​អប់រំ​យុវជន​នៅ​ពោធិ៍សាត់​អំពី​សីលធម៌​រស់​នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​យុវវ័យ​ប្រុស​ស្រី ១៥៥​នាក់ ព្រះសង្ឃ ១១៤​អង្គ និង​ឧបាសក​ឧបាសិកា​ជា​ច្រើន​នាក់ បាន​មក​ជួប​ជុំ​គ្នា​ក្នុង​ទីធ្លា​វត្ត​ពាលញែក ក្រុង​ពោធិ៍សាត់ ដើម្បី​ស្ដាប់​ការ​អប់រំ​ណែនាំ​ពី​សីលធម៌​រស់​នៅ​ក្នុង​សង្គម តាម​រយៈ​កម្មវិធី​ពុទ្ធ​សាសនា និង​សង្គម​ខ្មែរ។

0:00 / 0:00

អ្នក​ជំនាញ​ដែល​មាន​ការ​សិក្សា​បាន​ទូលំ​ទូលាយ​ខាង​ព្រះ​ពុទ្ធ​សាសនា បាន​បង្ហាញ​ថា វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​អប់រំ​ជា​ច្រើន គឺ​ការ​អប់រំ​តាម​រយៈ​ព្រះពុទ្ធ​សាសនា អាច​អប់រំ​ចិត្ត​ឲ្យ​យុវវ័យ​ខ្មែរ​ឲ្យ​វៀរចាក​នូវ​អំពើ​បាប និង​អំពើ​អបាយមុខ​ជា​ច្រើន ដែល​ពួកគេ​កំពុង​ប្រឈម​មុខ​ក្នុង​សង្គម​បច្ចុប្បន្ន។

ព្រះអរញ្ញរាសី រ៉ុន សុភារិន ព្រះសមុហ៍គណ ខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​កម្មវិធី​ពុទ្ធ​សាសនា និង​សង្គម​ខ្មែរ បាន​មាន​​ព្រះ​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ថា ដោយ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ពិសេស​គឺ​ស្រទាប់​យុវវ័យ​កំពុង​ភ្លើតភ្លើន​ទៅ​តាម​ចរន្ត និង​ទំនោរ​នៃ​សម័យកាល​ហួសហេតុ​រហូត​មាន​យុវវ័យ​ខ្លះ​បាន​បាត់បង់​អត្តចរិត និង​សីលធម៌​រស់​នៅ​តាម​បែប​ផែន​ជា​ខ្មែរ និង​ខ្លះ​ទៀត បាន​លង់​ខ្លួន​ក្នុង​អំពើ​អបាយមុខ​ផ្សេងៗ ដូចជា​ការ​ប្រើប្រាស់​គ្រឿង​ញៀន សេព​គ្រឿង​ស្រវឹង​ជាដើម។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ព្រះអង្គ​បង្កើត​កម្មវិធី​នេះ​ឡើង ក្នុង​គោល​បំណង​អូស​ទាញ​ពួកគេ​ទាំង​នោះ​ឲ្យ​បោះ​បង់​អបាយមុខ​ទាំង​នោះ​តាម​រយៈ​ព្រះ​ធម៌​ព្រះ​ពុទ្ធ។

ព្រះអរញ្ញរាសី រ៉ុន សុភារិន មាន​ព្រះ​ថេរ​ដីកា​ដូច្នេះ ៖ «ដើម្បី​បង្ហាញ​ប្រាប់​ដល់​ពុទ្ធ​បរិស័ទ​ទាំង​អស់​ពី​ការ​ខិតខំ​របស់​ព្រះសង្ឃ និង​បង្ហាញ​ថា ព្រះសង្ឃ​ក៏​បាន​ចូល​រួម​ចលនា​សង្គម។ចំពោះ​យុវវ័យ គឺ​ចង់​ឲ្យ​ពួកគេ​ស្គាល់​ពី​ក្រមសីលធម៌ និង​គុណ​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា...»

យុវតី សេង សុគន្ធា សិស្ស​ថ្នាក់​ទី​៩ វិទ្យាល័យ​ពោធិ៍សាត់ ដែល​បាន​ចូល​រួម​ស្ដាប់​ការ​អប់រំ​នេះ​ថ្លែង​ថា កម្មវិធី​ពុទ្ធ​សាសនា និង​សង្គម​ខ្មែរ បាន​អប់រំ​ចិត្ត​នាង​ឲ្យ​មាន​ភាព​នឹងន​ជឿ​ជាក់។ នាង​បន្ត​ថា វា​ជា​កម្មវិធី​ដែល​មាន​ប្រយោជន៍​ចំពោះ​យុវវ័យ ដែល​ក្រៅ​ពី​ការ​អប់រំ​ផ្លូវ​ចិត្ត កម្មវិធី​ក៏​បាន​ជួយ​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​ដល់​យុវវ័យ​ដោយ​ឥត​យក​កម្រៃ​ផង​ដែរ។

យុវតី សេង សុគន្ធា បាន​ប្រាប់​ដូច្នេះ ៖ «ខ្ញុំ​ចូល​រួម​ដើម្បី​ស្តាប់​ការ​អប់រំ​ទូន្មាន​របស់​ព្រះសង្ឃ ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្ងប់​ជ្រះ​ថ្លា។ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​ពី​គុណ​មាតា​បិតា។កម្មវិធី​នេះ​ពិត​ជា​មាន​ផល​ប្រយោជន៍​សម្រាប់​យុវវ័យ​ដូច​រូប​ខ្ញុំ»

ធម្មបណ្ឌិត ហេង មុនីចិន្តា ដែល​បាន​ចូល​រួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​អប់រំ​នេះ​ដែរ មាន​ប្រសាសន៍​ថា គោលដៅ​សំខាន់​មួយ​ទៀត​របស់​កម្មវិធី គឺ​ការ​អប់រំ​ផ្លូវ​ចិត្ត​ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈ​អកុសល​ដែល​របប ប៉ុល ពត បាន​បន្សល់​ទុក​នូវ​ភាព​អកតញ្ញូ​របស់​កូន​ចំពោះ​ឪពុក​ម្ដាយ​ផង​ដែរ ។

ធម្មបណ្ឌិត ហេង មុនីចិន្តា មាន​ប្រសាសន៍​ថា ៖ «ចំណុច​ទី​មួយ គឺ​យើង​ផ្តោត​អារម្មណ៍​លើ​ស្ថាប័ន​គ្រួសារ។យើង​ចង់​ឲ្យ​ស្ថាប័ន​គ្រួសារ​មួយ​ដែល​ត្រូវ​បាន​បែក​បាក់​ប្រេះស្រាំ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ឲ្យ​ត្រឡប់​មក​ភាព​ប្រក្រតី។ យើង​ដឹង​ហើយ​ថា សម័យ​ខ្មែរ​ក្រហម កូន​រាយការណ៍​ពី​ឪពុក​ម្ដាយ​ប្រាប់​អង្គការ។ ឥឡូវ​យើង​ចង់​ឲ្យ​កូន​ត្រូវ​មាន​ការ​គោរព​ប្រណិប័តន៍​ឪពុក​ម្ដាយ»

កម្មវិធី​ពុទ្ធ​សាសនា និង​សង្គម​ខ្មែរ ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០០៨ ក្នុង​គោលបំណង​ដើម្បី​លើក​កម្ពស់​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធ​ឱវាទ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ផ្សា​ភ្ជាប់​វត្ត​អារាម ព្រះសង្ឃ ទៅ​នឹង​បញ្ហា​សុខ​ទុក្ខ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ៕