ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (២)

2008-08-13

ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្មែរ។ នេះ​បើ​តាម​សេចក្តីសម្រេច​ជា​ផ្លូវការ នា​ឆ្នាំ​១៩៦២ នៃ​ការកាត់ក្តី​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ ដែល​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ស្តីពី​វិវាទ​នៃ​ការគ្រប់គ្រង​ប្រាសាទ​ព្រះវិហារ។

RFA Photo/Uy Sophea

ប្រាសាទ​ព្រះវិហារ នៅ​លើ​កំពូល​ភ្នំ​ដងរែក ខេត្ត​ព្រះវិហារ។

នៅក្នុង​បទសម្ភាសន៍​ភាគ​បន្ត​នេះ នាង​ខ្ញុំ​សូម​ជម្រាប​សួរ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង សូម​ឲ្យ​លោក​រំឭក​បន្ថែម​ទៀត​ផ្តោត​អំពី​ថា តើ​នៅ​ពេល​ដែល​ភាគី​កម្ពុជា​ទៅ​តតាំង​ប្រឆាំង​នឹង​ភាគី​ថៃ​តាម​ផ្លូវ​ច្បាប់​នៅក្នុង​សវនាការ​កាត់​ក្តី​នោះ តើ​ខ្មែរ​មាន​ភស្តុតាង​ជា​សំខាន់​អ្វី​ខ្លះ?

ស៊ាន ប៉េងសែ ៖ «ថ្ងៃ​១៩ ខែ​តុលា ក្នុង​ឆ្នាំ​១៩៦២​នោះ ខ្មែរ​ឈ្នះ​គឺ​ភស្តុតាង​ធំ​បំផុត គឺ​ផែនទី។  ខ្មែរ​ឈ្នះ ទី​មួយ គឺ​គេ​សម្រេច​ឲ្យ​ឈ្នះ ដោយ​ចៅក្រម​គឺ​មាន​សំឡេង​៩ ទ្រទ្រង់​ថា ឲ្យ​ខ្មែរ​ឈ្នះ។  ហើយ​មាន​សំឡេង​៣ ប្រឆាំង​នឹង​ការដែល​សម្រេច​ឲ្យ​ខ្មែរ​ឈ្នះ។ ហ្នឹង​គឺ​ការសម្រេច​ធំ​ណាស់។ ក្រៅពី​សម្រេច​ឲ្យ​ខ្មែរ​ឈ្នះ​ហើយ យើង​បាន​ប្រាប់​គេ​ថា សៀម​បាន​យក​របស់​របរ​ចេញ​ពី​ប្រាសាទ​ហ្នឹង យក​ទៅ​ទុក​នៅ​ប្រទេស​គាត់។ ហេតុ​ដូច្នោះ តុលាការ​ហ្នឹង​គេ​បាន​ប្រាប់​ថា ឲ្យ​គាត់​សៀម​ហ្នឹង​យក​របស់​របរ​ដែល​គាត់​បាន​យក​ចេញ​ពី​ប្រាសាទ​ហ្នឹង យក​មក​ឲ្យ​ខ្មែរ​វិញ។ គឺ​មាន​អ្នក​បោះឆ្នោត​៧ អ្នក​ទ្រទ្រង់ ការដែល​គេ​ឲ្យ​សៀម​ហ្នឹង​យក​របស់​របរ​មក​ស្រុក​ខ្មែរ​វិញ តែ ៥​នាក់ ៥​សំឡេង​ផ្សេង​ទៀត​ប្រឆាំង ដូច្នោះ​ខ្មែរ​ឈ្នះ​តទៅ​ទៀត។ ធំ​បំផុត គឺ​យើង​ឈ្នះ​ដើម​ហើយៗ ឈ្នះ​ឲ្យ​សៀម​ហ្នឹង​យក​របស់​របរ​មក​ឲ្យ​ខ្មែរ​វិញ។ ដូច្នោះ​បោះឆ្នោត​ពីរ​ដង ដែល​ធំៗ»

មឿង ទុម ៖ លោក​មាន​ប្រសាសន៍​ថា បោះឆ្នោត​ពីរ​ដង ទី​១ សម្រេច​ឲ្យ​ខ្មែរ​ឈ្នះ មាន​៣​សំឡេង​ប្រឆាំង តែ​៩​សំឡេង​គាំទ្រ​ខ្មែរ។ តើ​គេ​បោះឆ្នោត​នៅ​ថ្ងៃ​១៩ ខែ​តុលា ឆ្នាំ​១៩៦២  នោះ​អ៊ីចឹង​ឬ​លោក? ស៊ាន ប៉េងសែ ៖ «បាទ គឺ​ថា គេ​បោះឆ្នោត​នៅ​ថ្ងៃ​ដដែល​នោះ​បាទ»។
មឿង ទុម ៖  អ៊ីចឹង មាន​ន័យ​ថា គេ​បោះឆ្នោត​ពីរ​ដង​នោះ ក្នុង​ថ្ងៃ​តែ​មួយ? ស៊ាន ប៉េងសែ ៖ «បាទ! ថ្ងៃ​តែ​មួយ តែ​សំណួរ​ពីរ។  សំណួរ​ពីរ​ហ្នឹង ខ្មែរ​ឈ្នះ​រួច​អស់​ទៅ​ហើយ»។

មឿង ទុម ៖  នាង​ខ្ញុំ​សូម​ជម្រាប​សួរ​លោក​ជា​បន្ត​ទៀត​ថា តើ​មាន​កត្តា​សំខាន់​ៗ​អ្វី​ខ្លះ​នៃ​ភស្តុងតាង​ដែល​ភាគី​ខ្មែរ​ដាក់​បន្ទុក​ក្នុង​តុលាការ​ដើម្បី​ឲ្យ​ខ្មែរ​បាន​ឈ្នះ​ក្តី​លើ​ថៃ នា​កាលណោះ​នោះ?

ស៊ាន ប៉េងសែ ៖ «ឈ្នះ​ដោយ​សារ​អី ដោយសារ​ប្រាសាទ​ព្រះវិហារ​នោះ វា​នៅក្នុង​តំបន់​ព្រះវិហារ ព្រមទាំង​បរិវេណ​ព្រះវិហារ វា​នៅ​ក្នុង​ដី​ខ្មែរ។ ហើយ​បន្ទាប់​មក ហេតុអី​បាន​យើង​ឈ្នះ ព្រោះ​ថា​ធំ​បំផុត​រឿង​ផែនទី រឿង​ឯកសារ​ដែល​នាំ​ឲ្យ​យើង​ឈ្នះ​ហ្នឹង»

មឿង ទុម ៖ តើ​ផែនទី​ដែល​ខ្មែរ​យក​ទៅ​ប្រើប្រាស់​ជា​ភស្តុតាង នៅក្នុង​សវនាការ​តុលាការ​អន្តរជាតិ​នោះ តើ​ផែនទី​នោះ​ធ្វើ​នៅ​ឆ្នាំ​ណា​ដែរ?

ស៊ាន ប៉េងសែ ៖ «ផែនទី​ហ្នឹង ខ្ញុំ​សូម​ជម្រាប​ថា ក្នុង​ការបែងចែក​ប្រទេស​ឥណ្ឌូចិន​និង​សៀម​តាម​សន្ធិសញ្ញា​បារាំង​និង​សៀម ក្នុង​ឆ្នាំ​១៩០៤ និង​១៩០៨ គឺ​នៅ​ក្នុង​សន្ធិសញ្ញា​នោះ ព្រះវិហារ​វា​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ រួច​ទៅ​ហើយ។ បន្ទាប់​មក គឺ​ថា សៀម​ហ្នឹង ឲ្យ​បារាំង​ហ្នឹង​ធ្វើ​ផែនទី​កន្លែង​ណា ដែល​គេ​ត្រូវ​ធ្វើ​ខ្នាត​ធំ បាន​សេចក្តី​ថា ដូចជា​នៅ​តំបន់​សមុទ្រ​ខាង​កោះកុង​ហ្នឹង គឺ​ក៏​គេ​ធ្វើ​ផែនទី​ខ្នាត​ធំ ដោយ​បាន​ធ្វើ​សេចក្តី​រាយការណ៍​បន្ថែម។ ហើយ​នៅ​ខាង​ព្រះវិហារ​នេះ ខ្ញុំ​និយាយ​តែ​ព្រះវិហារ​ទៅ​ចុះ គឺ​ថា​មាន​ផែនទី​នោះ​ច្រើន​ណាស់ តាំង​ពី​ឆ្នាំ​១៩៣៤ រហូត​ដល់​១៩៣៥ ជាង​មួយ​ឆ្នាំ ទើប​ធ្វើ​រួច»

មឿង ទុម ៖ លោក​មាន​ប្រសាសន៍​ពី​រឿង​ខ្នាត​ធំ​ធ្វើ​ផែនទី​នោះ ដែល​រួម​មាន​បញ្ចូល​ទាំង​ប្រាសាទ​ព្រះវិហារ​ផង បាន​ន័យ​ថា លោក​សំដៅ​ចំពោះ​ផែនទី​ដែល​បារាំង​ធ្វើ​ទុក​ឲ្យ​ថៃ​និង​ខ្មែរ​ដែល​យក​តាម​ខ្នាត​មួយ​លើ​២០ ខ្នាត​មួយ​លើ​២​ពាន់ ខ្នាត​មួយ​លើ ៥០​ពាន់​និង​ខ្នាត​មួយ​លើ ២​រយ​ពាន់? គេ​យក​តាម​ខ្នាត​ច្រើន​បែប​នេះ គឺ​ដើម្បី​ឲ្យ​ផែនទី​នោះ កាន់តែ​មាន​ភាព​ច្បាស់​លាស់​ក្នុង​ការពន្យល់​ទៅ​តាម​ទីតាំង​ជាក់ស្តែង​នៃ​ចំណុច​សំខាន់ៗ តើ​អ៊ីចឹង​មែន​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! ដូច្នោះ​ហើយ គឺ​ថា​នៅក្នុង​ឆ្នាំ​១៩៥៨ គឺ​ថា​មុន​នឹង​ខ្មែរ​ដាក់​ពាក្យ​បណ្តឹង​សៀម នៅក្នុង​ឆ្នាំ​១៩៥៩ ប្រតិភូ​ខ្មែរ​បាន​ទៅ​ជួប​សៀម​នៅ​ក្រុង​បាំងកក ហើយ​បាន​ឲ្យ​ផែនទី​ខ្មែរ​ដែល​យើង​មាន​នោះ ឲ្យ​ទៅ​សៀម។ ហើយ​សៀម​នោះ​ក៏​អត់​បាន​បដិសេធ​ទេ។ ហើយ​បន្ទាប់​មក សៀម​បាន​ឲ្យ​បារាំង​ហ្នឹង​បោះបង្គោល​យក​តាម​ខ្នាត​ធំ​ៗ ពី​ឆ្នាំ​១៩៣៤ ដល់​១៩៣៥។ ខ្នាត​ហ្នឹង​មាន​ច្រើន បើ​តាម​ផែនទី​ដែល​ខ្ញុំ​មាន​ហ្នឹង គឺ​ខ្នាត​មួយ​លើ ២​ពាន់ ខ្នាត​មួយ​លើ​៥០​ពាន់​និង​ខ្នាត​មួយ​លើ ២​រយ​ពាន់។ ខ្នាត​ហ្នឹង​ហើយ ដែល​ខ្ញុំ​ធ្វើ​ភូគព​សាស្ត្រ​ខ្មែរ នៅក្នុង​ឆ្នាំ​១៩៧០។ ដូច្នោះ ផែនទី​នោះ​វា​មាន​ច្រើន ហើយ​ផែនទី​ទាំង​អស់ ខាង​ខ្មែរ​យើង​ហ្នឹង​បាន​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​វា​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ​ទាំង​អស់»

មឿង ទុម ៖ អ៊ីចឹង​បាន​ន័យ​ថា តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាត់ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ​នេះ គឺ​ដោយសារ​តែ​ខ្មែរ​បាន​បង្ហាញ​ភស្តុតាង​ផែនទី​ជា​ច្រើន ដែល​យក​តាម​ខ្នាត​ធំៗ ដែល​បាន​ពន្យល់​ច្បាស់​លាស់​ពី​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ មែន​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! សៀម​ហ្នឹង​បដិសេធ​អត់​បាន​ទេ ពីព្រោះ​ក្នុង​ឆ្នាំ​១៩៥៨ យើង​យក​ឯកសារ យក​ផែនទី​ពី​ឆ្នាំ​១៩០៤ និង ១៩០៨ ហ្នឹង យក​មក​ប្រើការ។ ខ្ញុំ​សូម​ជម្រាប​ថា សៀម​យក​ប្រាសាទ​ហ្នឹង ក្នុង​ឆ្នាំ​១៩៥៤ ដោយ​គាត់​មើល​ផែនទី​ថ្មី​ទៅ គាត់​ឃើញ​ថា ផែនទី​ហ្នឹង មិន​បាន​ធ្វើ​តាម​គាត់​បាន​ដឹង​នោះ គឺ​ថា ត្រូវ​តែ​មាន​ប្រទល់ដែន​នៅ​តាម​តំបន់​ដែល​គេ​ចែក​ទឹក។ ប៉ុន្តែ​ខ្មែរ​យើង​បាន​ប្រាប់​ទៅ​វិញ​ថា ផែនទី​ទាំងអស់​ដែល​យើង​ឲ្យ​គាត់​ហ្នឹង គាត់​មិន​ដែល​បដិសេធ​ទេ តាំងពី​ឆ្នាំ​១៩០៤ និង ១៩០៨, ១៩៣៥ រហូត​មក​ដល់​ឆ្នាំ​១៩៥៨ ពេល​ដែល​យើង​មុន​ចាប់​ប្តឹង​សៀម​ហ្នឹង សៀម​មិន​ដែល​ថា ផែនទី​នោះ​ខុស​ទេ។ សៀម​ទទួល​យក​ទាំង​អស់។ ហេតុនោះ​ហើយ បាន​ជា​តុលាការ​គេ​ថា បើ​អ្នក​ឯង (សៀម) ទទួល​យក​ទាំងអស់ ហេតុអី​ឥឡូវ​ថា ផែនទី​នោះ​ខុស កន្លះ​សតវត្សរ៍​ទៅ​ហើយ អ្នកឯង​អត់​បាន​បដិសេធ​ទេ ហើយ​មក​ដល់​នេះ​ថា ផែនទី​នោះ​វា​ខុស។ អត់​ត្រូវ​ទេ វា​យឺត​ពេល​ហើយ»

មឿង ទុម ៖ ក្រៅពី​ផែនទី​ទាំង​អស់​នោះ តើ​ភាគី​ខ្មែរ​មាន​ភស្តុតាង​និង​សាក្សី​បន្ថែម​ទៀត​ទេ?

ស៊ាន ប៉េងសែ ៖ «មាន។ នៅ​ក្នុង​ពង្សាវតារ គឺ​ថា មាន​ព្រះអង្គម្ចាស់​សៀម​មួយ​អង្គ ព្រះនាម ដំរ៉ុង ជា​អ្នក​តំណាង​ស្រុក​សៀម​ផង បាន​មក​ទត​ប្រាសាទ​ព្រះវិហារ​នោះ ក្នុង​ឆ្នាំ​១៩៣០ ហើយ​អ្នកណា​ដែល​ទៅ​ទទួល​គាត់ គឺ​បារាំង​នោះ​ឯង។ ហើយ​បារាំង​នោះ​ជា​អាជ្ញាធរ​ជំនាន់​នោះ ជា​អ្នក​ចៅហ្វាយ​យើង​ហ្នឹង គឺ​គាត់​អ្នក​ទទួល។ ដូច្នោះ​គឺ​ក្នុង​ឆ្នាំ​១៩៣០ ហ្នឹង អ្នក​ទទួល​ជា​អ្នក​ម្ចាស់ផ្ទះ ម្ចាស់​ប្រាសាទ​ព្រះវិហារ។ ដូច្នោះ​ព្រះអង្គម្ចាស់​សៀម ក៏​បាន​មក​មើល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែរ រួច​អ្នក​ឯង​ថា មិន​ទទួលស្គាល់​ម្តេច​បាន។ អាហ្នឹង​ហើយ ដែល​សៀម​ឆ្លើយ​មិន​រួច»៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប្រតិកម្ម​ជុំវិញ​ការដាក់​តែ​តួ​បា្រសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក (១)

ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (៣)

ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (១)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៥)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៤)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៣)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​២)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​១)