ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (៣)

2008-08-15

មាន​ចម្ងល់​ថា តើ​ភាគី​ខ្មែរ​មាន​ភស្តុតាង​និង​សាក្សី​សំខាន់ៗ កម្រិត​ណា​ទៅ​បាន​ជា​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាត់​ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​១៩៦២ ដោយ​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្មែរ។

RFA Photo/Keo Nimol

ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​បទសម្ភាសន៍​កាលពី​លើក​មុន លោក​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ កាត់​ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ភាគី​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​១៩៦២ ក្នុង​ករណី​បណ្តឹង​វិវាទ​ពី​ការគ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ដោយសារ​តែ​ភាគី​ខ្មែរ​មាន​ភស្តុតាង​សំខាន់​២។

ទី​មួយ គឺ​ផែនទី​ដែល​បាន​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ​ពិតជា​ស្ថិត​នៅ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មែន។ ទីពីរ​គឺ​ថា មាន​ព្រះអង្គម្ចាស់​ថៃ​មួយ​ព្រះអង្គ ព្រះនាម ដំរ៉ុង បាន​ទៅ​ធ្វើ​ទស្សនកិច្ច ទត​ប្រាសាទ​ព្រះវិហារ កាលពី​ឆ្នាំ​១៩៣០ ក្នុង​នាម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ថៃ ដែល​គ្រា​នោះ​មាន​មន្ត្រី​នៃ​អាណានិគម​បារាំង​ជា​អ្នក​ចេញ​មុខ​ទទួល​ស្វាគមន៍​ព្រះអង្គ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ជំនួស​ឲ្យ​ខ្មែរ​ផង។

នៅក្នុង​បទសម្ភាសន៍​ភាគ​បន្ត​នៅ​ថ្ងៃ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​សួរ​លោក ស៊ាន ប៉េងសែ ដែល​លោក​ក៏​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​និង​ជា​ស្ថាបនិក​ស្ថាបនា​ផែនទី​ស្រុក​ខ្មែរ​ផង​នោះ​ថា ៖ ពេល​ដែល​ឡើង​តុលាការ​ទាក់ទង​រឿង​ក្តី​ហ្នឹង តើ​មាន​មន្ត្រី​តំណាង​អាណានិគម​បារាំង បាន​ទៅ​ចូលរួម​ធ្វើ​ជា​សាក្សី​ដែរ​ឬ​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! បារាំង​ក៏​ធ្វើ​សាក្សី ខ្មែរ​ក៏​ធ្វើ​សាក្សី​ដែរ។ បារាំង​ក៏​គេ​ឲ្យ​អ្នក​គូស​ផែនទី​ទៅ​ជាមួយ​ដែរ ឯ​ខ្មែរ​យើង​អ្នក​គូស​ផែនទី ក៏​ទៅ​ជាមួយ​ដែរ ព្រោះ​យើង​ត្រូវ​ពន្យល់​គេ​ពី​រឿង​ផែនទី​ហ្នឹង។ ព្រោះ​ខាង​ចៅក្រម​និង​មេធាវី គាត់​មិន​សូវ​ពូកែ​ផែនទី ត្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​នោះ​ជជែក​គ្នា ហើយ​ពន្យល់​គេ​ពី​រឿង​ផែនទី​ហ្នឹង។ ដែល​បារាំង​ជួយ​យើង​នោះ ព្រោះ​ផែនទី​ដែល​បារាំង​ធ្វើ​ឲ្យ​តាំង​ពី​ដើម ដូច​ខ្ញុំ​បាន​និយាយ​មុន​មក​នេះ​គឺ​ថា ប្រាសាទ​ព្រះវិហារ​វា​នៅ​ក្នុង​ដី​យើង​ជានិច្ច មិន​ដែល​នៅ​ក្រៅ​ពី​ផែនទី​ដី​យើង​ទេ។ ដូច្នេះ​សៀម​មិន​អាច​ប្រកែក​អី​បាន ឲ្យ​ខ្មែរ​ចាញ់​នោះ​ទេ»

មឿង ទុម ៖ តើ​ភាគី​ខ្មែរ តំណាង​ខាង​ខ្មែរ​ដែល​ចូល​ទៅ​ស្តាប់​សវនាការ​នោះ ពាក់ព័ន្ធ​ក្នុង​សវនាការ​កាត់​ក្តី​ហ្នឹង ដែល​គេ​ឲ្យ​ប្រាសាទ​ព្រះវិហារ​បាន​មក​ជា​របស់​ខ្មែរ​នោះ លោក​មាន​ចាំ​ទេ​ថា ខ្មែរ​មាន​ប៉ុន្មាន​នាក់ ហើយ​លោក​មាន​ចាំ​ឈ្មោះ​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! នៅ​ក្នុង​ឯកសារ​គេ​មាន​អ្នក​ដែល​ជា​មេធាវី​ខ្មែរ គឺ​លោក ទ្រឿង កាង ជា​អ្នក​ជំនួយការ​យក​ឯកសារ​យក​ស្អីៗ ហើយ​ពន្យល់​គេ​ស្អីៗ គឺ​លោក ទ្រឿង កាង នេះ​ឯង។ ហើយ​ខ្មែរ​ជួល​មេធាវី​អាមេរិកាំង​មួយ គឺ​លោក អាក ចនសុន ជា​អតីត​រដ្ឋមន្ត្រី​ខាង​ក្រសួង​ការបរទេស​អាមេរិកាំង»

មឿង ទុម ៖ នេះ​បាន​សេចក្តី​ថា លោក​នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​មេធាវី​បារាំង ២​រូប​ទៀត​ដែល​ខ្មែរ​បាន​ជួល​ដែរ គឺ​ទី​មួយ​លោក​សាស្រ្តាចារ្យ រ៉ឺទែរ និង​ទី​ពីរ គឺ​លោក​សាស្រ្តាចារ្យ ពិនតូ ដែល​អ្នក​ទាំងពីរ​ជា​សាស្រ្តាចារ្យ​ល្បី​ឈ្មោះ​ផ្នែក​ច្បាប់​ជាតិ​និង​អន្តរជាតិ ប្រចាំ​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​កាល​ណោះ។ បើ​សរុប​មក មេធាវី​បរទេស​ដែល​ខ្មែរ​ជួល​កាល​នោះ​មាន ៣​រូប ជនជាតិ​អាមេរិក​មួយ​រូប​និង​បារាំង​ពីរ​រូប​នេះ តើ​ត្រឹមត្រូវ​អី​ចឹង​ទេ លោក?

ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹង​ហើយ​បាទ»។ មឿង ទុម ៖  តើ​ក្រៅ​ពី​នោះ មាន​អ្នក​ណា​ទៀត? ស៊ាន ប៉េងសែ ៖ «ក្រៅ​ពី​នោះ មាន​ច្រើន​ទៅ​ទៀត ពួក​អ្នក​ខាង​ផែនទី​អី​ហ្នឹង»

មឿង ទុម ៖ នៅក្នុង​ការបើក​សវនាការ​នោះ ខាង​ខ្មែរ​ហ្នឹង​មាន​ឲ្យ​តំណាង ក្រៅពី​អ្នក​ចូល​ទៅ​បំពេញ​កិច្ចការ​ក្នុង​សវនាការ​សម្រាប់​តុលាការ​ហ្នឹង ក្រៅពី​នោះ​មាន​ដូច​ថា ប្រជាពលរដ្ឋ​ដែល​អាច​ជា​អ្នក​មុខ​អ្នក​ការ​អី​នោះ គេ​មាន​ឲ្យ​ទៅ​ស្តាប់​ដែរ​ទេ?

ស៊ាន ប៉េងសែ ៖ «ហ្នឹង​គេ​អត់​ទេ តាម​ដែល​ឯកសារ​ហ្នឹង គឺ​ថា មាន​តែ​ពួក​ចៅក្រម ពួក​មេធាវី​និង​ពួក​អ្នក​ដែល​ទទួល​ខុស​ត្រូវ ដែល​គេ​ហៅ​ថា ប្រតិភូ​ខ្មែរ​ហ្នឹង។ គឺ​យើង​សុំ​គេ​ទៅ ជំនាន់​ហ្នឹង​មាន​តែ​អ្នក​អស់​ហ្នឹង​ទេ ដែល​អាច​ចូល​បាន»

មឿង ទុម ៖ ពេល​ដែល​តុលាការ​កាត់​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី សំខាន់​លើ​ចំណុច ២​ធំៗ​ដែល​លោក​មាន​ប្រសាសន៍​អម្បាញ់មិញ​អ៊ីចឹង តើ​ខ្មែរ​មាន​ទាមទារ​ជំងឺ​ចិត្ត​អី​ឲ្យ​ថៃ សង​ទេ?

ស៊ាន ប៉េងសែ ៖ «អត់​ទេ អត់​មាន​ទេ ព្រោះ​គេ​សម្រេច​យ៉ាងម៉េច គឺ​គេ​សម្រេច​ដូច្នោះ​ហើយ។ បើ​សិន​ណា​យើង​ចង់​ទាមទារ​ស្អី យើង​ត្រូវ​តែ​ប្តឹង​គេ ឲ្យ​នៅក្នុង​ឯកសារ​ប្តឹង​មុន​ដំបូង​នោះ​ណា។ ប៉ុន្តែ​ឯកសារ​ដែល​យើង​ប្តឹង​មុន​ដំបូង​នោះ គឺ​ឲ្យ​សៀម​ចេញ​ពី​ប្រាសាទ​ព្រះវិហារ​និង​ចេញ​ពី​បរិវេណ​ប្រាសាទ​ព្រះវិហារ ទី​២ របស់​ណា​ដែល​សៀម​យក​ចេញ​ទៅ​នោះ យក​មក​វិញ។ តែ​ប៉ុណ្ណឹង គេ​សម្រេច​ថា​អ៊ីចឹង»

មឿង ទុម ៖ តើ​នៅ​ពេល​ដែល​តុលាការ​កាត់​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី នៅ​ឆ្នាំ​១៩៦២​នោះ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ទ័ព​សៀម​ដក​ចេញ?

ស៊ាន ប៉េងសែ ៖ «ត្រូវ​តែ​ចេញ​ភ្លាម។ បើ​គេ​សម្រេច​អ៊ីចឹង ត្រូវ​តែ​ចេញ​ភ្លាម​ហើយ។ ដូច្នោះ​ក្រោយ​មក ១​ខែ ២​ខែ បាន​ព្រះ​ករុណា សីហនុ បាន​ទៅ​ដល់​ព្រះវិហារ​ហ្នឹង ដើម្បី​កាន់កាប់។ ព្រោះ​កាលណា​តុលាការ​សម្រេច​អ៊ីចឹង​ហើយ គេ​ឲ្យ​សៀម​ចេញ។ រួច​ទៅ​បាន​ខ្មែរ​ទៅ​កាន់កាប់​ក្រោយ»

មឿង ទុម ៖ តើ​នៅពេល​ណា​ដែល​សៀម​គាត់​ប្រគល់​វត្ថុ​បុរាណ​ដែល​នៅ​លើ​ប្រាសាទ​ព្រះវិហារ ដែល​គាត់​យក​ទៅ​ស្រុក​គាត់ មក​ឲ្យ​ខ្មែរ​វិញ?

ស៊ាន ប៉េងសែ ៖ «រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ។ គេ​ថា របស់​ណា​ដែល​សៀម​យក​របស់​ខ្មែរ ត្រូវតែ​ប្រគល់​មក​វិញ។ នេះ​ជា​ការសម្រេច​របស់​តុលាការ ត្រូវ​តែ​សៀម​ធ្វើ​តាម​តុលាការ​ហ្នឹង»

មឿង ទុម ៖ សូម​ជម្រាប​សួរ​លោក​មួយ​ទៀត វត្ថុ​បុរាណ​ដែល​នៅ​លើ​ប្រាសាទ​ព្រះវិហារ​ហ្នឹង មុន​សៀម​មក​កាន់កាប់​មាន​រឿង​ប្តឹង​ទៅ​ដល់​តុលាការ​ហ្នឹង បារាំង​អ្នក​កាន់កាប់? ស៊ាន ប៉េងសែ ៖ «បាទ»។ មឿង ទុម ៖  ព្រោះ​បារាំង​នៅ​គ្រប់គ្រង​ខ្មែរ កាល​ណោះ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹង​ហើយ បាទ»។ មឿង ទុម ៖ តើ​ការកត់ត្រា​វត្ថុ​បុរាណ បារាំង​អ្នក​កត់​ត្រា​ឲ្យ​ខ្មែរ អ៊ីចឹង​ឬ​លោក? ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹង​ហើយ»។

មឿង ទុម ៖  ឥឡូវ​នេះ ខ្ញុំ​ជម្រាប​សួរ​លោក​ថា ក្នុង​ការប្តឹង​ទៅ កាល​ណោះ​ខ្មែរ​ជា​អ្នក​ដើម​បណ្តឹង? ស៊ាន ប៉េងសែ ៖ «អ៊ីចឹង​ហើយ ត្រូវ​ហើយ​បាទ»។ មឿង ទុម ៖ ហើយ​សៀម​ជា​អ្នក​ចុងចោទ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹង​ហើយ បាទ»។

មឿង ទុម ៖  តើ​ខ្មែរ​ដាក់​ប្តឹង​ទៅ តាំង​ពី​ដំណើរការ​ប្តឹង​រហូត​ទៅ​ដល់​ចប់ តើ​ខ្មែរ​យើង​ចាយ​លុយ​អស់​ប៉ុន្មាន​ឬ​ក៏​យ៉ាងម៉េច​ដែរ?

ស៊ាន ប៉េងសែ ៖ «ខ្ញុំ​អត់​ដឹង​ទេ។ ក្នុង​ឯកសារ​នោះ គេ​អត់​និយាយ​ទេ។ អាហ្នឹង​គឺ​រឿង​សម្ងាត់​របស់​គេ។ ប៉ុន្តែ​គេ​ថា យើង​រើស​(មេធាវី)​ហ្នឹង តែ​បើ​តាម​ខ្ញុំ​ដឹង អត់​មាន​ឯកសារ​ទេ រើស​(មេធាវី)​ហ្នឹង​គឺ​រដ្ឋាភិបាល​ខ្មែរ​យើង​ជួល​មេធាវី​អាមេរិកាំង​លោក អាក់ ចនសុន ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​នោះ ជា​មេធាវី​ធំ​ណាស់។ យើង​រក​មេធាវី​ល្អ អ៊ីចឹង​ហើយ ពេល​ដែល​យើង​ដាក់​ប្រាសាទ​ព្រះវិហារ​នោះ​ទៅ​ក្នុង​បេតិកភណ្ឌ​អន្តរជាតិ​ហ្នឹង អាមេរិកាំង​ទទួល​ស្គាល់​យើង​ភ្លាម»

មឿង ទុម ៖  ប៉ុន្តែ កន្លង​មក​ថ្មីៗ​នេះ មន្រ្តី​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ប្រាប់​អ្នក​កាសែត​ជា​បន្តបន្ទាប់​ថា ភាគី​កម្ពុជា​បាន​រំលោភ​លើ​បូរណភាព​ទឹក​ដី​ថៃ ដោយ​បាន​ដាក់ទ័ព​នៅ​ក្នុង​ដែនដី​នៃ​បរិវេណ​ប្រាសាទ​ព្រះវិហារ​នោះ។ ដូច្នេះ​ក្នុង​នាម​លោក​ជា​អ្នក​ឯកទេស តើ​គួរ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ធ្វើ​ដូចម្តេច​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​មាន​បញ្ហា​ទាក់ទិន​នឹង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នោះ?

ស៊ាន ប៉េងសែ ៖ «គឺ​ថា យើង​យោល​ទៅ​តាម​សេចក្តី​សម្រេច ពាក្យ​បារាំង​ថា កុងហ្វមមេម៉ង់ អាឡា ឌុយសីស្សុង ដឺ ទ្រីប៊ីណាល់ អាំងតេណាស់សូណាល់។ គឺ​ថា យើង​យោល​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ នៅ​តុលាការ​ក្រុង​ឡាអេ។ អាហ្នឹង​ជា​ចំណង​មួយ ចង​សៀម​កុំ​ឲ្យ​សៀម​រើ​បាន ថ្ងៃ​ក្រោយ​ថា នែ​មិន​ទាន់​គូស​ផែនទី​គូស​អី ពី​រឿង​ប្រទល់​ដែន​ហ្នឹង កុំ​ឲ្យ​សៀម​រើ​បាន ពីព្រោះ​ផែនទី​មាន​រួច​ទៅ​ហើយ»

មឿង ទុម ៖ បាន​ន័យ​ថា ផែនទី​ដែល​លោក​មាន​នោះ គឺ​ជា​ផែនទី​ដែល​គេ​ប្រើ​នៅ​ក្នុង​តុលាការ​នោះ អ៊ីចឹង​ឬ?

ស៊ាន ប៉េងសែ ៖ «បាទ។ ក្នុង​តុលាការ​នោះ បើ​គាត់​មាន​លុយ គាត់​ទៅ​ទិញ​បាន​ទេ​តើ សៀវភៅ​នោះ តុលាការ​មាន​ទេ​តើ ជា​អង់គ្លេង​ក៏​បាន ជា​បារាំង​ក៏​បាន។ ដូច​ខ្ញុំ​មាន​ផែនទី​ខ្នាត​១​រយ​ពាន់ នៅ​ស្រុក​បារាំង​នោះ​ទិញ​បាន​តាម​ចិត្ត»

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ប្រតិកម្ម​ជុំវិញ​ការដាក់​តែ​តួ​បា្រសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក (១)

ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (២)

ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (១)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៥)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៤)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៣)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​២)

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​១)