ទិវា​នារី​អន្តរជាតិ ៨ មីនា ២០១០

ថ្ងៃ​៨ មីនា ឆ្នាំ​២០១០​ គឺ​ជា​ខួប​លើក​ទី​៩៩ នៃ​ទិវា​នារី​អន្តរជាតិ។ ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង បាន​ចាត់​ទុក​ថ្ងៃ​៨ មីនា ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់​សម្រាក​ដើម្បី​អបអរ​សាទរ​នូវ​ការ​ទទួល​ស្គាល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​របស់​ស្ត្រី។

0:00 / 0:00

ទិវា​នារី​អន្តរជាតិ ៨ មីនា ដែល​បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ គឺ​ជា​ទិវា​មួយ​ដ៏​នក្ខត្តឫក្ស​របស់​ស្ត្រី​ទាំង​ឡាយ​ក្នុង​ពិភពលោក​រួម​ទាំង​ស្ត្រី​ខ្មែរ​ផង ដែល​បាន​មក​ជួប​ជុំ​គ្នា​ប្រារព្ធ​អបអរ​សាទរ​អំពី​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​និង​ការ​ទទួល​ស្គាល់​សិទ្ធិ​សេរីភាព សមភាព​និង​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ។

កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩០០ ខណៈ​ដែល​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក និង​ភាព​ចលាចល​វឹកវរ​ផ្នែក​វិស័យ​ឧស្សាហកម្ម គេ​សង្កេត​ឃើញ​ថា ការ​រើស​អើង​ ចំពោះ​ស្ត្រី​មាន​ការ​ផុសផុល​យ៉ាង​ខ្លាំង ដោយ​ស្ត្រី​បាន​ត្រូវ​ចាត់​ទុក​ថា ជា​មនុស្ស​ដែល​មាន​ឋានៈ​ទាប​ក្នុង​សង្គម រង​ការ​គាប​សង្កត់​ធ្វើ​បាប​និង​មិន​មាន​សិទ្ធិ​សេរីភាព​ដូច​ជា​បុរស​ឡើយ សូម្បី​តែ​សិទ្ធិ​បោះ​ឆ្នោត។

ការ​ជិះជាន់ ការ​ធ្វើ​បាប ការ​បំបិទ​សិទ្ធិ​សេរីភាព​ទាំង​នោះ​ហើយ បាន​ជំរុញ​ឲ្យ​ស្ត្រី​ជំនាន់​នោះ នាំ​គ្នា​ងើប​ឡើង​ធ្វើការ​តស៊ូ​និង​ធ្វើ​យុទ្ធនាការ​ជា​ច្រើន​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម។ នៅ​ក្នុង​ឆ្នាំ​១៩០៨ ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​១៥.០០០​នាក់ បាន​នាំគ្នា​ដង្ហែ​ក្បួន​ព្យុហយាត្រា​នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ទាមទារ​ម៉ោង​ធ្វើការ​តិច​ទទួល​បាន​ប្រាក់​បៀវត្សរ៍​សមរម្យ​និង​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត។

នៅ​ឆ្នាំ​នេះ​កម្ពុជា បាន​លើក​ប្រធានបទ​រួម​គ្នា​បង្កើត​សក្តានុពល​ស្ត្រី​និង​យុវវ័យ​ដើម្បី​អភិវឌ្ឍន៍​សង្គម​ជាតិ​ក្នុង​ការ​ចូល​រួម​ប្រារព្ធ​ទិវា​ស្ត្រី​អន្តរជាតិ​នេះ។

លោកស្រី ស៊ីដេហ្វីន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នៅ​ឆ្នាំ​នេះ គឺ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោកស្រី ស៊ីដេហ្វីន មាន​ប្រសាសន៍​ដូច្នេះ ៖ «បាន​ជា​យើង​យក​ប្រធានបទ​មួយ​នេះ ពីព្រោះ​យើង​កសាង​ប្រទេស​ជាតិ ត្រូវ​ការ​កម្លាំង​រួម មិន​ថា​តែ​បុរស​ឬ​ស្ត្រី​ទេ គឺ​យើង​ត្រូវ​ការ​កម្លាំង​យុវវ័យ​ទៀត​ដែល​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។ ពី​មុន​យើង​មាន តែ​ឥឡូវ​យើង​បង្កើន​សក្តានុពល​ថែម​ទៀត​ដើម្បី​កសាង​ប្រទេស​ជាតិ​យើង​វិវឌ្ឍន៍​ឈាន​ឡើង»

ចំណែក​លោកស្រី សាន្ត អរុណ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា មន្ទីរ​កិច្ចការ​នារី​នៅ​តាម​ខេត្ត​ក៏​បាន​រៀបចំ​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​ជា​ច្រើន ចាប់​តាំង​ពី​ដើម​ខែ​មីនា​មក។ ទន្ទឹម​នឹង​មាន​ការ​ប្រារព្ធ​ដ៏​ធំ​មួយ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ ដែល​មាន​វត្តមាន​ប្រមុខ​រាជ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​ជា​អធិបតី​នោះ តាម​ក្រសួង​នីមួយៗ​ក៏​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​ផង​ដែរ។

លោកស្រី សាន្ត អរុណ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «មាន​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​ច្រើន​នៅ​ឆ្នាំ​នេះ គឺ​ពី​វិទ្យាល័យ​ភ្នំពេញ​ផង ក៏​ដូចជា​សកល​វិទ្យាល័យ​មួយចំនួន​ទៀត។ យើង​គិត​ថា មាន​អ្នក​ចូល​រួម​ប្រមាណ​ជា​៣​ពាន់​នាក់ ហើយ​ក៏​យើង​ធ្វើ​ពិព័រណ៍​តាម​ក្រសួង​នីមួយៗ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​និង​សកម្មភាព​ការងារ។ ដូចជា​ក្រសួង​កិច្ចការ​នារី ធ្វើ​អ្វី​សម្រាប់​នារី មាន​ការ​អប់រំ​ផ្សព្វផ្សាយ ក៏​ដូច​ជា​ការពារ​ផ្លូវ​ច្បាប់ ក៏​ដូចជា​យេនឌ័រ​ផង​ដែរ។ ក្រសួង​វប្បធម៌​ឆ្នាំ​នេះ​ចង់​បង្ហាញ​ពី​វប្បធម៌ អារ្យធម៌​និង​ប្រពៃណី​ខ្មែរ ហើយ​ក្រសួង​ដទៃ​ទៀត​ក៏​មាន​ផែនការ​យុទ្ធសាស្រ្ដ ក៏​ដូចជា​បង្ហាញ​នូវ​អ្វី​ដែល​លោក​អាច​ជួយ​ដល់​យុវនារី​ទាំង​អស់​នោះ»

សហរដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ទិវា​ស្រី​នេះ​មុន​គេ​បង្អស់ តែ​កាលណោះ​គេ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​១៩០៩។ នៅ​ក្នុង​ឆ្នាំ​១៩១០ កិច្ច​ប្រជុំ​ដ៏​ធំ​មួយ​របស់​ស្ត្រី​បាន​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង Copenhagen នៃ​ប្រទេស​ដាណាម៉ាក ដែល​ពេល​នោះ​មាន​តំណាង​ស្ត្រី​មក​ចូល​រួម​ជាង​១០០​នាក់ មក​ពី​ប្រទេស​ចំនួន​១៧ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី ដាណាម៉ាក ស្វ៊ីស អាល្លឺម៉ង់​ជាដើម ដែល​ស្ត្រី​ទាំង​នោះ​មាន​តួនាទី​ជា​តំណាង​ឲ្យ​សហជីព តំណាង​ឲ្យ​គណបក្ស​សង្គម​និយម​និង​ក្រុម​ចលនា​ការងារ​របស់​ស្ត្រី​ជាច្រើន ។ល។

ក្នុង​កិច្ច​ប្រជុំ​នោះ លោកស្រី ក្លារ៉ា ហ្សេតគិន (Clara Zetkin) តំណាង​ឲ្យ​គណបក្ស​សង្គម​និយម​នៃ​ប្រទេស​អាល្លឺម៉ង់ បាន​ស្នើ​សុំ​ឲ្យ​ស្ត្រី​ទាំង​អស់​ក្នុង​គ្រប់​ប្រទេស ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ជាមួយ​គ្នា ដើម្បី​អបអរ​សាទរ​និង​ទទួល​ស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​ក្រុម​ចលនា​ស្ត្រី​ជា​ច្រើន​ក្នុង​ពិភពលោក ដែល​ទាមទារ​ចង់​បាន​សិទ្ធិ​សេរីភាព សមភាព និង​ភាព​យុត្តិធម៌​ក្នុង​សង្គម។

ក្រោយ​ពី​កិច្ច​ប្រជុំ​នៅ​ទីក្រុង Copenhagen ក្នុង​ឆ្នាំ​១៩១០​មក ទិវា​នារី​អន្តរជាតិ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ប្រទេស​អូទ្រីស ដាណាម៉ាក អាល្លឺម៉ង់​និង​ស្វ៊ីស នៅ​ថ្ងៃ​១៩ មីនា ក្នុង​ឆ្នាំ​១៩១១ ដែល​មាន​អ្នក​ចូល​រួម​រាប់​លាន​នាក់​ដើម្បី​ទាមទារ​សិទ្ធិ​ទទួល​បាន​ការងារ​ធ្វើ​សម្រាប់​ស្ត្រី សិទ្ធិ​បោះ​ឆ្នោត សិទ្ធិ​ទទួល​ការ​ហ្វឹកហ្វឺន​វិជ្ជាជំនាញ បញ្ចប់​ភាព​រើស​អើង​គ្រប់​រូបភាព​និង​ការ​ជិះជាន់​ធ្វើ​បាប​ចំពោះ​ស្រ្តី​ភេទ។

ចាប់​តាំង​ពី​ឆ្នាំ​១៩១៣​មក ទិវា​នារី​អន្តរជាតិ​បាន​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​៨ មីនា​វិញ និង​បន្ត​ធ្វើ​រហូត​ដល់​សព្វថ្ងៃ​នេះ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន ហើយ​នៅ​ឆ្នាំ​១៩៧៥ អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ពេញ​នូវ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​បាន​ចាត់​ទុក​ទិវា​នារី​អន្តរជាតិ​៨ មីនា​ថា ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ជាតិ​ថែម​ទៀត​ផង។

នៅ​កម្ពុជា​ទិវា​ស្ត្រី​នេះ បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ពី​ខាង​ស្ថាប័ន​រដ្ឋាភិបាល​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ គេ​បាន​រៀបចំ​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​និង​កិច្ច​ប្រជុំ​ជា​ច្រើន។

លោកស្រី លឹម មុន្នី ប្រធាន​ផ្នែក​កិច្ចការ​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក បាន​មាន​ប្រសាសន៍​រៀបរាប់​ពី​សកម្មភាព​ទាំង​នេះ ៖ «រៀង​រាល់​ឆ្នាំ​យើង​ចូល​រួម​ធ្វើ​ជាមួយ​ក្រសួង​កិច្ចការ​នារី ហើយ​កិច្ចការ​ធំ​មួយ​ទៀត សមាគម​អាដហុក​យើង​ខ្ញុំ គឺ​យើង​មាន​ការ​ចូល​រួម​ជាមួយ​អង្គការ​ដៃគូ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១០ ទិវា​នារី​អន្តរជាតិ ៨ មីនា​នេះ យើង​ធ្វើ​នៅ​ខេត្ត​បាត់ដំបង ធ្វើ​នៅ​ថ្ងៃ​ទី​៣ មីនា។ យើង​ធ្វើ​មុន ដោយសារ​តែ​ថ្ងៃ​ទី​៥ មន្ទីរ​កិច្ចការ​នារី​ខេត្ត​លោក​ធ្វើ​បន្ទាប់​ពី​យើង ហើយ​បន្ទាប់​មក​យើង​មាន​ការ​សម្រាក ក៏​ដូចជា​មាន​ការ​ចូលរួម​នៅ​វត្តភ្នំ​អី​ជា​ដើម ហើយ​ថ្ងៃ​៨ នៅ​ភ្នំពេញ»

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ចលនា​ស្ត្រី​អន្តរជាតិ​ជា​ច្រើន​បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ហើយ​តាម​រយៈ​ការ​គាំទ្រ​ឲ្យ​មាន​ជា​សន្និសីទ​ស្ត្រី​សកលលោក​របស់​អង្គការ​សហ​ប្រជាជាតិ​មក ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នេះ បាន​ក្លាយ​ជា​វេទិកា​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​និង​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​របស់​ស្ត្រី ដូចជា​ការ​លុប​បំបាត់​និង​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ការ​ជួញ​ដូរ​ស្ត្រី​និង​កុមារ​បំបាត់​ភាព​រើស​អើង ជំរុញ​ឲ្យ​ស្ត្រី​ទទួល​បាន​សិទ្ធិ​សេរីភាព​និង​សមភាព​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ៕