បាយបិណ្ឌ​បង្ហោះ

ដោយ ឃុត ណារិនកាន់បូ

បទ​ពាក្យ​ប្រាំបី (សូត្រ​បែប​ប្រជាប្រិយ)

១.អង្ករ​ដំណើប​ថែម​សណ្ដែក​ល្ង ដណ្ដាំ​ស្រេច​ល្អ​ពូត​សូន​ជា​ដុំ ទំហំ​ម្រាម​ដៃ​លៃ​យ៉ាង​សមរម្យ ប្រមូល​គ្នា​ជុំ​បោះ​ចោល​តាម​វត្ត។

២.ក្លិន​ជូរ​អសោច​ស្រោច​ដោយ​រលឹម ផ្គរ​លាន់​គ្រឹមៗ​រអិល​ជើង​ភ្លាត់ ដួល​ប្រឡាក់​ភក់​ទឹក​ជន់​លិច​វត្ត យ៉ាប់​ដល់​កំណត់​នៅ​បោះ​បង្ហិន។

៣.បើ​ថា​អ្នក​មាន​វា​មិន​ស្អី​ទេ នេះ​ក្រ​ជាង​គេ​ខំ​បោះ​បាយ​បិណ្ឌ ដូច​បិណ្ឌ​បង្ហោះ​គឺ​បោះ​បង្ហិន បោះ​រួច​មក​វិញ​ស្រែក​សុំ​ជំនួយ។

៤.អង្ករ​សណ្ដែក​ហើយ​មាន​ទាំង​ល្ង បើ​ដឹង​យើង​ក្រ​កុំ​ចេះ​តែ​ពួយ បាយ​បិណ្ឌ​បង្ហោះ​អស់​សុំ​ជំនួយ ទម្រាំ​គេ​ជួយ​ដាច់​ពោះ​ខ្លួន​ឯង។

៥.ឆ្នាំ​នេះ​ជំនន់​ជន់​លិច​គ្មាន​សល់ បើ​យើង​រវល់​គិត​តែ​បុណ្យ​បែង ខំ​បោះ​បាយ​បិណ្ឌ​បង្ហិន​ខ្លួន​ឯង មិន​យូរ​ចំបែង​ដាច់​ពោះ​ព្រោះ​បុណ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។