កូន​តាម​គន្លង​ពុក! កូន​តាម​គ្រលុក​ពង!

ដោយ នាយ​មុំា

បទ​ពាក្យ​ប្រាំបី (សូត្រ​បែប​ប្រជាប្រិយ)

១.ឃើញ​ពុក​ខំ​ប្រឹង កូន​ដឹង​ថា​ល្អ ឃើញ​ពុក​ត្រដរ រែក​ពុន​ការងារ កូន​ពេញ​ចិត្ត​ណាស់ ចង់​ត្រាប់​បិតា ឃើញ​ពុក​ខ្លាំង​ក្លា ការពារ​ពូជពង្ស។

២.ឃើញ​ពុក​ស្វះ​ស្វែង ចាត់​ចែង​សព្វ​គ្រប់ ឃើញ​ពុក​ប្រសប់ ផ្សះផ្សា​ក្រៅ​ក្នុង កូន​មូល​ត្រកូល ចូល​ជុំ​ផៅ​វង្ស ពុក​ធ្វើ​បាន​ខ្ញង់ ពង្ស​យើង​សុខសាន្ត។

៣.តែ​ឃើញ​ពេល​ខ្លះ ពុក​វក់​នឹង​ស្រី លក់​ស្រែ​លក់​ដី ធ្វើ​ទាំង​បំពាន បាត់​កេរ​កោះ​កូន ម្ដេច​ក៏​ពុក​ហាន ឬ​មួយ​ពុក​ស្មាន ទ្រព្យ​ពុក​ម្នាក់​ឯង?

៤.ទឹក​ដី​គោក​កោះ របស់​កូន​ដែរ ពុក​គួរ​គិតគ្នេរ ចេះ​ខ្លាច​រអែង កុំ​អាង​ឱ​គេ ធ្វើ​អី​ម្នាក់​ឯង ពុក​គួរ​ចេះ​ក្រែង បែង​ចែក​ជួរ​ជា។

៥.កូន​សុំ​យក​ត្រាប់ ទម្លាប់​គាប់​គួរ មិន​យក​ពុត​ជួ តែ​សូម​ចែង​ចារ អោយ​ក្មេង​ជាន់​ក្រោយ ទុក​ជា​តម្រា អោយ​គេ​ដឹង​ការ ទាំង​ល្អ​អាក្រក់។

៦.កូន​តាម​គន្លង​ពុក ដែល​ទុក​រឿង​ល្អ កូន​មិន​បន្ត ធ្វើ​រឿង​គម្រក់ ទង្វើ​ល្អ​ល្អ កូន​តាម​គន្លង​ពុក ទង្វើ​គម្រក់ កូន​តាម​គ្រលុក​ពង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។