សប្បាយ​គ្មាន​គិត

ដោយ គុជ ប៊ុនរ៉ី

១. ក្មេង​សម័យ​ថ្មី មិន​ថា​ប្រុស​ស្រី សប្បាយ​ហួស​ក្រឹត្យ
ជួប​ជុំ​មិត្ត​ភក្តិ ទាញទាក់ស្នេហ៍ស្និទ្ធ ស្គាល់​កាយ និង​ចិត្ត
ជិតដិត​កៀក​កើយ។

២. សប្បាយ​ផឹក​ស៊ី ស្រា​ស្រី​មូលមីរ ស្រែក​ច្រៀង​ឆ្លងឆ្លើយ
ពពាក់ពពូន ជញ្ជូន​ឥត​ស្បើយ ម៉ោង​ដប់​យប់​ហើយ
គ្មាន​ឡើយ​ចូល​ផ្ទះ។

៣. ឡើង​លើ​ម៉ូតូ យាយ​តា​ស្រែក​ថ្ងូរ សូរ​ដូច​រន្ទះ
ជិះ​ជ្រែ​ពេញ​ថ្នល់ គ្មាន​ខ្វល់​រឿង​ស្ទះ ប្រឹង​យក​តែ​ឈ្នះ
ព្រលះ​គ្មាន​គិត។

៤. សប្បាយ​កក្អឹក ចាក់​ហើយ​លើក​ផឹក គ្មាន​សៅរ៍​អាទិត្យ
ផឹក​ស៊ី​សប្បាយ ក្អាកក្អាយ​ជុំជិត សេពគប់​ឃុបឃិត
សិទ្ធិ​របស់​អញ។

៥. ស្រវឹង​ធ្លាក់​ភ្នែក មាត់​ប្រឹង​ជជែក តប​នឹង​សំឡាញ់
ខ្លួន​ក្លាយ​ជា​ស្មិល រអិល​ដូច​ខ្លាញ់ អាង​តែ​កាប់​បាញ់
កុហក​វៀចវេរ។

៦. ម៉ូតូ​ហោះ​វ៉ាវ បុក​ឮ​សូរ​ប្រាវ ជល់​នឹង​ឡាន​គេ
ខ្ទាត​មនុស្ស​ម៉ូតូ ស្រែក​ថ្ងូរ​រៀលរេ ក្បែរ​មាត់​ទន្លេ
សែនអនិច្ចា។

៧. ពួកគេ​គ្មាន​គិត មើល​តែ​ជីវិត មាន​លក់​នៅ​ផ្សារ
អាច​ដោះ​ដូរ​ប្រាណ មិន​បាន​ពិចារ អ្នក​ដែល​សោកា
គឺ​ថា​ឪ​ម៉ែ។

៨. ម៉ែ​ឪ​ខ្វាយ​ខ្វល់ ពិត​ជា​កម្មផល កើត​ឡើង​គ្មាន​ល្ហែ
ពេល​ខ្លះ​សង​ប្រាក់ គ្រោះថ្នាក់​ហូរហែ ស្ងប់​បាន​បី​ខែ
ប្រែ​ឡក​លើស​ដើម។

៩. ម៉ូតូ​ក៏​ខូច មនុស្ស​ប្រៀប​ប្រដូច ខ្មោច​ឆៅ​ដែល​ហើម
មុខមាត់​ដាច់​ដាច គួរ​ខ្លាច​រអើម នេះ​គឺ​កូន​ឆ្នើម
សម្បើម​ខាង​ខុស។

១០. ឱ​កូន​ប្រុស​ស្រី! ចេះ​គិត​វែង​ខ្លី មើល​កាល​ហើយ​ឆ្លុះ
ត្រូវ​គិត​ពិចារ សិក្សា​បណ្ដុះ ក្នុង​នាម​កូន​ប្រុស
កុំ​ខុស​រហូត។

១១. ចេះ​អប់រំ​មិត្ត នៅ​មាន​ជីវិត ត្រូវ​តែ​ស្លូត​បូត
រស់​ឲ្យ​មាន​ន័យ លក​លៃ​រៀន​សូត្រ ធ្វើ​ជា​មនុស្ស​ស្លូត
កុំ​ស្លាប់​ព្រោះ​ស្លុយ៕