ដើម​ត្នោត

ដោយ គង់ ឡាយ

១. ត្នោត​ខ្ពស់​ត្នោត​លៃ ត្នោត​ល្អ​ប្រពៃ ត្នោត​កេរ​ដូន​តា
ត្នោត​ផ្ដល់​រស​ជាតិ ស្ករ​ផ្អែម​ណាស់​សា អ្នក​ស្រែ​ចំការ
ចូល​ចិត្ត​ស្ករ​ត្នោត។

២. មាន​ចាក់​ជា​ដុំ មូល​តូច​មូល​ធំ មិន​មែន​លោក​ឆោត
រួច​ចង​ជា​ស្រាក់ ស្រួល​ជាង​ដាក់​ប៉ោត ធ្វើ​បាន​គួរ​កោត
ជា​ស្នា​ដៃ​ចាស់។

៣. ស្ករ​នេះ​ឆ្ងុយ​ឆ្ងាញ់ បើ​បាន​ចម្រាញ់ វឹក​កូរ​ឲ្យ​ណាស់
ក្លាយ​ជា​តាំង​ម៉ែ លើក​ជូន​ចាស់ៗ សប្បាយ​ចិត្ត​ណាស់
ស្ថិត​ក្នុង​រោង​ការ។

៤. ទឹក​វា​ស​ល្អក់ មិន​មែន​កខ្វក់ ស្រក់​ចេញ​ពី​ផ្កា
បើ​យក​ទៅ​ផ្អាប់ ក្លាយ​ជា​សុរា ផឹក​ច្រើន​កាល​ណា
ខ្លាំង​ជាង​ត្រប៉ែ។

៥. បើ​ផ្អាប់​ឲ្យ​យូរ មាន​រស​ជាតិ​ជូរ ដូច​ម្ជូរ​ក្រូច​ដែរ
ចូល​ចិត្ត​ញាំ​ភ្លា ត្រីរ៉ស់ តុកកែ ម្ហូប​ស្រស់​ស្រុក​ស្រែ
ឆ្ងាញ់​ពិត​ណាស់​ទៅ។

៦. ត្នោត​កេរ​ដី​ម៉ែ ដាំ​ក្បែរ​ដី​ស្រែ ហែ​តាម​ដង​ផ្លូវ
ពី​ភូមិ​ដល់​វត្ត ឃើញ​គ្រប់​រដូវ ទេសភាព​មាន​នៅ
លើ​ទឹក​ដី​ខ្មែរ។

៧. នេះ​គឺ​សម្បត្តិ ធម្មជាតិ​ខ្វែង​ខ្វាត់ ពី​ដូន​តា​ម៉ែ-
ឪ​ទុក​ឲ្យ​កូន ខិត​ខំ​ប្រឹង​ថែ បន្ត​កេរ​ម៉ែ
ដែល​បន្សល់​ទុក។

៨. ត្នោត​មាន​តម្លៃ ត្រូវ​ចេះ​កែច្នៃ ប្រើ​បាន​ច្រើន​មុខ
ស្លឹក​យក​ប្រក់​ផ្ទះ ជ្រក​ភ្លៀង​បាន​សុខ ថ្ងៃ​មិន​ចាំង​មុខ
ដេក​លក់​ស្កប់ស្កល់។

៩. ស្លឹក​ធ្វើ​ជញ្ជាំង បាំង​ជា​រនាំង រាំង​ទប់​នឹង​ខ្យល់
ពី​ជើង​ពី​ត្បូង មិន​ឲ្យ​វិលវល់ ជើង​ក្រាន​ត្រូវ​ខ្យល់
នាំ​ឲ្យ​បាយ​ឆៅ។

១០. ស្លឹក​ធ្វើ​ផ្លិត​បាន បក់​ភ្លើង​ជើង​ក្រាន ឆេះ​ផ្ដល់​កម្ដៅ
ដាំ​ស្ល​បាយ​ហូប ជួប​ជុំ​កូន​ចៅ ព្រម​ទាំង​ញាតិ​ផៅ
រៀង​រាល់​យប់​ថ្ងៃ។

១១. ធាង​បិត​ធ្វើ​ខ្សែ ចង​អ្វី​នៅ​ក្បែរ ទុក​ប្រើ​ជិត​ដៃ
មិន​ពិបាក​រក ស៊ក​នៅ​ទីទៃ បើ​នៅ​ក្បែរ​ដៃ
ងាយ​ស្រួល​ធ្វើ​ជាង។

១២. បើ​វេញ​ជា​ខ្សែ ចង​គោ​វាល​ស្រែ យោង​ទឹក​ដាក់​ពាង
ចង​ហាល​ខោ​អាវ ព្យួរ​ទោង​ឲ្យ​នាង ក្រោម​ផ្ទះ​ចំហៀង
គ្រាន់​លេង​សប្បាយ។

១៣. ជា​គ្រឿង​កម្សាន្ត ឲ្យ​កូន​ឋិត​បាន លេង​កម្សាន្ត​កាយ
ជៀស​វាង​ដើរ​លេង នាំ​ឲ្យ​ខ្វល់ខ្វាយ មាន​ហេតុ​នៅ​ឆ្ងាយ
ពិបាក​រក​តាម។

១៤. ជក់​ធ្វើ​អំបោស សំអាត​ត្រូវ​កោស កើប​យក​សំរាម
ចាក់​ក្នុង​រណ្ដៅ ឲ្យ​កូន​ធ្វើ​តាម ចាស់​ទុំ​លោក​ហាម
កុំ​ខ្វះ​អនាម័យ។

១៥. នេះ​ជា​ទម្លាប់ ត្រូវ​ស្ដាប់​បង្គាប់ ឲ្យ​មាន​វិន័យ
រស់​ជា​អ្នក​ស្អាត មាន​អនាម័យ រស់​នៅ​ក្នុង​ន័យ
សុខសាន្ត​មិន​ខាន។

១៦. ដើម​រឹង​ដូច​ថ្ម យក​ធ្វើ​សសរ ក៏​អាច​ប្រើ​បាន
ច្រៀក​ធ្វើ​រនាប រលោង​ដូច​ចាន ប្រដូច​មិន​បាន
នឹង​ឈើ​ដទៃ។

១៧. បើ​គល់​ធំ​ប៉ោង គេ​លុង​ប្រហោង ច្នៃ​បាន​ទូក​ថ្មី
គ្រាន់​អុំ​ឆ្លង​ព្រែក ឬ​ជិះ​ស្ទូច​ត្រី បេះ​ត្រកួន​ខ្ចី
នៅ​ឯ​បឹង​ធំ។

១៨. ខ្ញុំ​រៀប​មិន​អស់ រាប់​នេះ​ហៅ​ចោះ ត្នោត​អាច​ធ្វើ​នំ
អា​កោ នំ​បត់ បញ្ចុក​ក្មេង​យំ រហូត​ចាស់​ទុំ
ក្នុង​រោង​ការ​ធំ។

១៩. ដល់​ខែ​វស្សា លោក​យាយ​លោក​តា នាំ​គ្នា​ប្រជុំ
រួម​គ្នា​ធ្វើ​បុណ្យ នា​រដូវ​ភ្ជុំ ត្រៀម​វេច​ជា​នំ
មិន​ឲ្យ​ខក​ការ។

២០. ត្នោត​មាន​ប្រយោជន៍ ចូរ​យើង​កុំ​ឆោត កាប់​កេរ​ដូន​តា
បើ​កាប់​ដាំ​ថ្មី ហើយ​ថែ​រក្សា កុំ​ឲ្យ​គេ​ថា
កូន​ឥត​មារយាទ៕