ហ៊ាន​លះ​បង់​ស្រា

ដោយ យី ឆេងអ៊ួ (ប៉េង)

(បទ​កាកគតិ)

១. ហ៊ាន​លះ​បង់​ស្រា ជីវិត​ជ្រះ​ថ្លា ដូច​ចន្ទ​ពេញ​វង់
ហ៊ាន​លះ​បង់​ស្រា ប្រាជ្ញា​ផូរផង់ ជីវិត​មិន​បង់
ព្រោះ​សុខភាព​ល្អ។

២. ហ៊ាន​លះ​បង់​ស្រា រាង​នឹង​សង្ហា គ្រួសារ​បវរ
ហ៊ាន​លះ​បង់​ស្រា ញាតិ​មិត្ត​សាទរ សំណាង​នឹង​ល្អ
ប្រាក់​កាស​នឹង​កើន។

៣. ហ៊ាន​លះ​បង់​ស្រា គំនិត​ប្រាជ្ញា នឹង​រីក​ចម្រើន
គ្រួសារ​នឹង​ខ្ពស់ សក្ដិ​យស​នឹង​កើន ប្រទេស​នឹង​ថ្កើង
អាយុ​យឺន​យូរ។

៤. ហ៊ាន​លះ​បង់​ស្រា គឺ​មាន​ន័យ​ថា បាន​ជួយ​គិតគូរ
បាន​លះ​ហិង្សា បិតា​គំរូ ពុក​ម៉ែ​មីង​ពូ
ស្រលាញ់​រាប់​អាន។

៥. ហ៊ាន​លះ​បង់​ស្រា គំរូ​ខេមរា សង់​អង្គរ​បាន
បើ​សិន​ប្រមឹក នោះ​នឹង​ខក​ខាន សំណង់​ប៉ុន្មាន
មិន​អាច​រួច​ឡើយ។

៦. ហ៊ាន​លះបង់​ស្រា ទោះ​មាន​ញាតិ​ថា សូម​កុំ​កន្តើយ
លះ​ចុះ​ណា​មិត្ត ពិត​ជា​ល្អ​ហើយ ត្រូវ​លះ​ឲ្យ​ហើយ
ទាន់​ខ្លួន​នៅ​ស្ដាប់។

៧. ហ៊ាន​លះ​បង់​ស្រា ទោះ​ជា​វ័យ​ណា គួរ​ហ៊ាន​ធ្វើ​ត្រាប់
គួរ​លះ​កុំ​ខ្មាស ណា​ស្រស់​ចំណាប់ នេះ​បា​សូម​ប្រាប់
នឹង​បាន​ថ្លៃថ្នូរ៕