ទោះ​ជា

ដោយ ព្រុំ គឹមជឿន

2012.03.09

១. ទោះ​ជា​សុរិយា​ប្រឹង​បំភ្លឺ​លោក    ក៏​ភាព​ស្មោកគ្រោក​មិន​ចេះ​រលាយ
ទោះ​ចន្ទ​ពេញ​វង់​រះ​ភ្លឺ​ពណ្ណរាយ    មិន​អាច​ទម្លាយ​ស្រាយ​ភព​អន្ធការ។

២. ទោះ​ជា​អ្នក​មាន​នៅ​ឃ្លាន​ទឹក​ប្រាក់    បែង​ចែក​ពួក​បក្ខ​ត្របាក់​ដុល្លារ
ទោះ​ជា​អ្នក​ច្បាប់​មិន​ខ្លាច​រអា    ត្រូវ​លាភ​សក្ការ​ប្រហារ​កិត្តិយស។

៣. ទោះ​ជា​អ្នក​ក្រ​ត្រដរ​ឥត​ឈប់    មិន​ថា​ថ្ងៃ​យប់​ប្រឹង​តស៊ូ​រស់
ទោះ​គ្មាន​ភោគទ្រព្យ​ដែល​គាប់​ចំពោះ    ក៏​នៅ​គង់​ឈ្មោះ​មិន​ស្អុយ​អសោច។

៤. ទោះ​ជា​រាជសីហ៍​នៅ​ខ្លី​បញ្ញា    គង់​លង់​អាត្មា​ក្រោម​សត្វ​ល្អិតល្អោច
ទោះ​រៀន​បាន​ច្រើន​មិន​ស្គាល់​ប្រយោជន៍    ជាតិ​គង់​ហិនហោច​ដោយ​ដៃ​អ្នក​ចេះ។

៥. ទោះ​ជា​រុក្ខា​ខ្ពស់​យ៉ាង​ណា​ក្ដី    គង់​ជួប​ទុក្ខ​ភ័យ​ដោយ​ភ្លើង​ព្រៃ​ឆេះ
ទោះ​ធំ​ប៉ុណ្ណា​បើ​ខ្វះ​តម្រិះ    ក៏​គង់​មិន​ផេះ​អន់​ជាង​អ្នក​ស្រែ។

៦. ទោះ​មាន​បំណង​ប៉ង​តែ​មិន​ធ្វើ    ទល់​តែ​ភ្នែក​មើល​បាន​ការ​អ្វី​ដែរ?
ចង់​ឲ្យ​ស្អាត​ស្អំ​ត្រូវ​ជួយ​កែ​ប្រែ    គ្រប់​រូប​ជា​ខ្មែរ​កុំ​ភ្លេច​នាទី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Apr 03, 2012 02:13 AM

តែងបានល្អណាស់ ពិតជាមានន៍យ សូមជូនបាច់ផ្កា និងសរសើរអស់ពីចិត្រ។