តើ​រដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​លំនឹង​ទីផ្សារ​កសិផល?

ដោយ ជិន ជេដ្ឋា
2017-07-18
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ដំឡូងមី​ស្ងួត​ច្រក​ការុង​ជា​ស្រេច​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chin Chetha
ដំឡូងមី​ស្ងួត​ច្រក​ការុង​ជា​ស្រេច​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chin Chetha
RFA/Chin Chetha

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​ពាណិជ្ជកម្ម សុទ្ធតែ​អះអាង​ថា​បាន​ខ្នះខ្នែង​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ ឬ​រក្សា​លំនឹង​ទីផ្សារ​កសិផល​ដោយ​ប្រើ​ទាំង​ច្បាប់ និង​វិធានការ​ចាំបាច់​នានា។ ប៉ុន្តែ​កសិករ​តាម​ខេត្ត​ជាច្រើន នៅ​តែ​បន្ត​ត្អូញត្អែរ​រឿង​តម្លៃ​ដំឡូង ពោត សណ្ដែក និង​ល្ង ជាដើម ចុះ​ថោក ហើយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​រាប់​ខែ​មក​ហើយ។

តើ​អ្វី​ជា​ឫសគល់​នៃ​បញ្ហា​ទីផ្សារ​នៅ​កម្ពុជា បច្ចុប្បន្ន ហើយ​រដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រក្សា​លំនឹង​ទីផ្សារ​កសិផល?

តម្លៃ​ទំនិញ ឬ​កសិផល​ឡើង​ចុះ​តិចតួច គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ទីផ្សារ​សេរី ខុស​ពី​ប្រទេស​ដែល​ប្រកាន់​យក​របប​ទីផ្សារ​បែប​ផែនការ។ ប៉ុន្តែ​អ្វី​ដែល​ខុស​ពី​ធម្មតា​ក្នុង​របប​ទីផ្សារ​សេរី​នៅ​កម្ពុជា បច្ចុប្បន្ន គឺ​កសិករ​ដែល​ជា​អ្នក​ផលិត​យ៉ាង​សំខាន់​នោះ ត្រូវ​ខាតបង់​ប្រាក់ និង​ជំពាក់​បំណុល​គេ ដោយ​កសិផល​លក់​បាន​ថោក​ស្ទើរ​ពាក់​កណ្ដាល ឬ​ជាង​ពាក់​កណ្ដាល​នៃ​ថ្លៃ​ដើម​សរុប។

អតីត​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ថ្លែង​ថា ឫសគល់​នៃ​តម្លៃ​កសិផល​ចុះ​ថោក​អាច​មក​ពី​កសិករ​ផលិត​ស្រូវ ពោត សណ្ដែក និង​ល្ង​ជាដើម ពុំ​មាន​គុណភាព​ល្អ​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ កសិករ​មិន​បាន​ចងក្រង​ជា​សហគមន៍ ឬ​ជា​ក្រុម​ដើម្បី​លក់​ផលិតផល​ចេញ។ ម្យ៉ាង​វិញ​ទៀត រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ ផ្ដល់​ការ​គាំទ្រ​តិចតួច​នៅ​ឡើយ៖ «គាំទ្រ​ដល់​កសិករ សហគមន៍ ក្រុមហ៊ុន ធ្វើ​ការ​ទាក់ទង​នឹង​ទីផ្សារ ឬ​ក្រុមហ៊ុន​សិប្បកម្ម​ដែល​ទាក់ទង​នឹង​ការ​កែច្នៃ​លើ​ផល​កសិកម្ម។ អ៊ីចឹង​បាន​ថា​អន្តរាគមន៍​របស់​រដ្ឋាភិបាល​មាន​កម្រិត។ ជា​រួម ធ្វើ​សមត្ថភាព​ផលិត​យើង​ដើម្បី​ផ្គត់ផ្គង់​នៅ​ទីផ្សារ សមត្ថភាព​យើង​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ជាមួយ​គេ​មាន​កម្រិត​ទាប»

លោក​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទីផ្សារ ដោយ​ជំរុញ​ឲ្យ​មាន​ក្រុមហ៊ុន ឬ​សហគ្រាស​កែច្នៃ​កសិផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ដើម្បី​នាំ​ចេញ ទំនាក់ទំនង​ទីផ្សារ​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់ ផ្ដល់​បច្ចេកទេស​ផលិត​ជូន​កសិករ ឬ​ឲ្យ​ពួក​គេ​ចងក្រង​ជា​ក្រុម​ដើម្បី​លក់​ផលិតផល ស្រប​ពេល​គ្នា​នេះ រដ្ឋ​ក៏​ត្រូវ​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​ដល់​ក្រុមហ៊ុន ដើម្បី​ទិញ​កសិផល​ទាំងនោះ​ដែរ។

ទាក់ទង​បញ្ហា​នេះ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហាក់​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រា​ដែល​កសិករ​បន្ត​ត្អូញត្អែរ​រឿង​តម្លៃ​កសិផល​ចុះ​ថោក​ខ្លាំង​នៅ​ឆ្នាំ​២០១៧ នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី សឹង សុផារី ថ្លែង​ថា ព័ត៌មាន​ទាក់ទង​ទីផ្សារ​កសិផល​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ធ្វើ​ឲ្យ​កសិករ ឬ​អ្នក​រក​ស៊ី​លំបាក​នឹង​សម្រេច​ចិត្ត។ ដូច្នេះ ក្រសួង​សម្រេច​បង្កើត​ក្រុម​ការងារ​តាមដាន​តម្លៃ​ទីផ្សារ​កសិផល​មួយ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ការ​ប្រែប្រួល​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ហើយ​ត្រូវ​ផ្សាយ​បន្ត​ដល់​កសិករ​ឲ្យ​ងាយ​យល់ និង​ទទួល​យក​បាន៖ «ប្រព័ន្ធ​សេដ្ឋកិច្ច​យើង​នៅ​ខ្វះខាត គឺ​សារព័ត៌មាន​ហ្នឹង​ឯង ពីព្រោះ​របប​ទីផ្សារ​សេរី ព័ត៌មាន​ដូចជា​ចរន្ត​ឈាម​អ៊ីចឹង តែ​ឈាម​រត់​មិន​ដល់​ខួរក្បាល ហើយ​អា​ការ​សម្រេច​ចិត្ដ ឬ​ការ​ពិចារណា​ហ្នឹង ក៏​វា​ចុះ​ខ្សោយ​ដែរ។ នៅ​ពេល​ណា​ដែល​ការ​ផ្សព្វផ្សាយ​របស់​យើង​នៅ​មាន​កម្រិត វា​អត់​បាន​ជ្រាប​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​ទេ អា Chanel (ប៉ុស្តិ៍) ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ទាន់​រៀប​ត្រូវ​របត់»

កសិករ​បិទ​ផ្លូវ​ជាតិ​លេខ​៥ បាត់ដំបង ២០១៦ ៨៥៥
កសិករ​ដឹក​ស្រូវ​យក​ទៅ​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun RFA/Hum Chamroeun

ចំណែក​រឿង​ជួយ​រក​ទីផ្សារ ឬ​រក្សា​លំនឹង​កសិផល​វិញ អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា បញ្ហា​ទីផ្សារ​កសិផល​មិន​មែន​ជា​បន្ទុក​របស់​ក្រសួង​ពាណិជ្ជកម្ម តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​ក្រសួង​ខិតខំ​ទាក់ទង​ទីផ្សារ​ក្រៅ​ប្រទេស​ដូចជា ចិន និង​នៅ​អឺរ៉ុប ហើយ​ចុង​ឆ្នាំ​២០១៧ នេះ ក្រសួង​នឹង​មាន​ការ​ពិភាក្សា​ជាមួយ​អាមេរិក​ឡាទីន ក្នុង​គោល​បំណង​ពង្រីក​ទីផ្សារ​កសិផល​ទៅ​កាន់​ប្រទេស​នៅ​ក្នុង​តំបន់​នេះ​មួយ​ទៀត៖ «អ៊ីចឹង​បើ​ជជែក​ទៅ​គេ​ចាប់​អារម្មណ៍ ចង់​ទិញ​ទំនិញ​កសិផល​យើង អា​ហ្នឹង​យើង​អាច​បើក​ច្រក​ទីផ្សារ​ទៅ​ណោះ​ទៀត​ហើយ ប៉ុន្តែ​ភ្ជាប់​ទំនាក់ទំនង​មែន តែ​សួរ​ថា​លទ្ធភាព​នៃ​ការ​ផលិត ហើយ​គុណភាព​ដែល​យើង​ផលិត​បាន​ហ្នឹង យើង​អាច​ឈោង​ចាប់​កម្រិត​ដែល​គេ​អាច​ទទួល​យក​បាន ឬ​អត់»

កាល​ពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​បើក​ឲ្យ​មាន​កម្ចី​ការប្រាក់​ទាប​ដល់​ក្រុមហ៊ុន និង​សហគ្រាស ព្រម​ទាំង​ក្រុម​កសិករ​ដែល​បង្កើត​ជា​សហគមន៍ ដើម្បី​ប្រមូល​ទិញ​ស្រូវ​ស្ដុក​ទុក ឬ​កែច្នៃ​នាំ​ចេញ​ទៅ​ក្រៅ ប៉ុន្តែ​មន្ត្រី​ជំនាញ​កសិកម្ម​ឲ្យ​ដឹង​ថា វិធានការ​នេះ​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត ព្រោះ​ប្រាក់​ដែល​បាន​បញ្ចេញ​ចំនួន ២៧​លាន​ដុល្លារ​នោះ មាន​ម្ចាស់​ក្រុមហ៊ុន​ខ្ចី​ទៅ​ប្រើ​តែ​ប្រមាណ​ពីរ​លាន​ដុល្លារ​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណហន ថ្លែង​ថា ក្រសួង​បាន​ធ្វើ​ការងារ​ច្រើន​លើ​បញ្ហា​ទីផ្សារ​កសិផល និង​បង្កើន​ផលិតភាព​កសិកម្ម។ បច្ចុប្បន្ន ក្រសួង​ចងក្រង​សហគមន៍​កសិករ​លក់​កសិផល​បាន​ជាង ៨០០​ក្រុម​នៅ​ទូទាំង​ប្រទេស បន្ទាប់​ពី​អនុម័ត​គោល​នយោបាយ​មួយ តម្រូវ​ឲ្យ​កសិករ​ចុះ​កិច្ចសន្យា​ទិញ​លក់​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​កែច្នៃ​កសិផល​ក្នុង​ស្រុក៖ «ដើម្បី​ឲ្យ​មាន​តុល្យភាព ដើម្បី​ផ្ដល់​អំណាច​ចរចា​ជូន​ដល់​កសិករ ឬ​សហគមន៍​កសិករ មិន​អាច​ឲ្យ​គាត់​ផលិត​តាម​ការ​ដែល​គាត់​មើល​ឃើញ​គ្នា​នោះ​ទេ គឺ​ឲ្យ​គាត់​មាន​កិច្ចសន្យា​ច្បាស់លាស់​មុន។ ពេល​ដែល​គាត់​ផលិត​ដឹង​ថា​គាត់​ត្រូវ​ផលិត​អី? ប៉ុន្មាន? ហើយ​គាត់​ដឹង​ថា​គាត់​នឹង​លក់​បាន​តម្លៃ​ប៉ុន្មាន​នៅ​ពេល​ប្រមូល​ផល? នេះ​ជា​ការងារ​ដែល​យើង​ធ្វើ​ឲ្យ​មាន​លំនឹង​តម្លៃ»

អ្នក​នាំ​ពាក្យ​រូប​នេះ​ទទួល​ស្គាល់​ថា គុណភាព​កសិផល​ដែល​កសិករ​ផលិត​បាន​នៅ​មាន​កម្រិត ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ខាង​តម្លៃ​លក់​ចេញ ប៉ុន្តែ​បរិមាណ​កសិផល​កម្ពុជា មាន​ការ​កើន​ឡើង​ស្ទើរ​គ្រប់​មុខ។

របាយការណ៍​របស់​ក្រុម​ការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន បង្ហាញ​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៧ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ចំនួន​ជិត ៣​សែន​តោន (២៨៨.៥៦២​តោន) បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ប្រមាណ ២​សែន ៧​ម៉ឺន​តោន (២៦៨.១៩០​តោន)

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​កសិកម្ម​ថា​ចំនួន​ក្រុមហ៊ុន​កែច្នៃ​កសិផល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​លក់​បាន​ថ្លៃ​នោះ នៅ​មាន​តិចតួច​នៅ​ឡើយ មិន​សមាមាត្រ​នឹង​បរិមាណ​កសិផល​ដែល​កសិករ​ផលិត​បាន​ប្រចាំ​ឆ្នាំ។ ដូច្នេះ កសិករ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​លក់​ស្រូវ ពោត និង​សណ្ដែក​ជាដើម​ដែល​មិន​ទាន់​បាន​កែច្នៃ ទៅ​ក្រៅ​ប្រទេស​តាម​រយៈ​ឈ្មួញ​កណ្ដាល​ក្នុង​តម្លៃ​ថោក ឬ​ទាប​ជាង​តម្លៃ​ទីផ្សារ​ក្រៅ​ស្រុក​ទ្វេដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី USA

again, this stuff it happen since 18 century why not learn from other, Oh my god Mr. Hun Sen, you are thinking too much about changing the dump law, should spend more time helping poor people instead spend more time try to retain your power.

Jul 25, 2017 01:52 AM

គេហទំព័រ​ទាំងមូល