សហភាពអឺរ៉ុប និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍បសុសត្វនៅកម្ពុជា ឲ្យដឹងថា ការប្រកបរបរចិញ្ចឹមសត្វរបស់កសិករចេះតែជួបបញ្ហាប្រឈមផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ទន្ទឹមគ្នានេះ សហភាពអឺរ៉ុប និងសង្គមស៊ីវិលយល់ថា បញ្ហាខ្វះទីផ្សារសម្រាប់ផលិតកម្មសត្វ ឬលក់សត្វ និងលក់សាច់សត្វជាដើម គឺជាមូលហេតុសំខាន់ក្នុងចំណោមមូលហេតុជាច្រើន ដែលជំរុញកសិករឲ្យបោះបង់ការងារចិញ្ចឹមសត្វកាន់តែច្រើន។
សហភាពអឺរ៉ុប និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍បសុសត្វនៅកម្ពុជា បារម្ភថា ប្រសិនបើលទ្ធភាពទទួលបានទីផ្សារលក់សត្វចិញ្ចឹមសម្រាប់ផលិតកម្មសត្វនេះ នៅតែជាឧបសគ្គបន្តប្រឈម អាចនឹងបង្កជាក្តីបារម្ភដល់កង្វះលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងអាចប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមគ្នានេះ សហភាពអឺរ៉ុប និងសង្គមស៊ីវិលក៏ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមទាំងនេះជាបន្ទាន់។
ការលើកឡើងរបស់សហភាពអឺរ៉ុប និងសង្គមស៊ីវិលនៅពេលនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធគម្រោងអភិវឌ្ឍន៍បសុសត្វ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់កសិករប្រសើរឡើង ដែលបានរៀបចំឡើងកាលពីពេលថ្មីនេះៗ។
ប្រធានសម្របសម្រួលអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន លោក មិន សូភ័ន លើកឡើងថា បច្ចុប្បន្ន ចំនួនអ្នកចិញ្ចឹមសត្វនៅតាមជនបទ ពិសេសកសិករតូចតាចមានការថយចុះ តែលោកថា ប្រសិនបើមានការចិញ្ចឹមមែន វាបែរជានៅមិនទាន់ត្រូវតាមលក្ខណៈបច្ចេកទេសទៅវិញ។ លោកថា បញ្ហានេះធ្វើឲ្យកសិករមិនអាចប្រកួតប្រជែងនឹងការនាំចូលសត្វពីក្រៅប្រទេសបាន។ បន្ថែមពីនេះទៀត លោកថា ខណៈកសិករខ្នាតតូចជាច្រើនយកចិត្តទុកដាក់លើការចិញ្ចឹមសត្វ បែរជាខ្វះទីផ្សារទៅវិញ។ កត្តាកង្វះទីផ្សារកំពុងតែបន្តក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការផលិតកម្ម ពិសេសជំរុញឲ្យគ្រួសារកសិករខ្នាតតូចមួយចំនួននៅកម្ពុជា កាន់តែក្រីក្រទៅៗ។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ការបន្តទម្លាប់ទាំងនេះរបស់កសិករ មិនបានផ្តល់ផលចំណេញ និងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មនោះទេ វាកាន់តែធ្វើឲ្យកសិករបែរចេញពីការងារនេះ ពិសេសក្លាយជាកូនបំណុលរបស់ធនាគារកាន់តែច្រើនទៅវិញ។ ហេតុនេះ លោកជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវគិតគូរ និងដោះស្រាយបញ្ហាទីផ្សារជូនកសិករជាបន្ទាន់ ពិសេសទប់ស្កាត់លំហូរសាច់សត្វពីក្រៅប្រទេស៖ « បើគិតពីការចិញ្ចឹមជ្រូកឥឡូវនេះ វាមិនសូវប្រឈមនឹងបច្ចេកទេសប៉ុន្មានទេ ព្រោះយើងមានក្រុមហ៊ុន អង្គការ និងសហគមន៍កសិករជួយគាត់ តែអ្វីដែលគាត់ខ្វះសម្រាប់សព្វថ្ងៃ គឺទីផ្សារលក់សត្វគាត់ ដែលធ្វើគាត់បោះបង់កាន់តែច្រើន។ ចឹងប្រសិនមានការជួយទប់ស្កាត់ការនាំចូលសត្វ ពិសេសជ្រូក វានឹងជួយឲ្យមានលំនឹងទីផ្សារ ហើយកសិករគាត់កាន់តែងាកមកចិញ្ចឹមបង្កើនប្រាក់ចំណូលគាត់ »។
ទន្ទឹមនឹងការលើកឡើងរបស់សង្គមស៊ីវិលនេះដែរ តំណាងសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា អ្នកស្រី ហ្វីអូណា រ៉ាន់ស៊ី (Fiona Ransy) មានប្រសាសន៍ដែរថា សហភាពអឺរ៉ុប ចាត់ទុកថា ការយកចិត្តទុកដាក់លើកសិករ ពិសេសកសិករខ្នាតតូចដែលប្រកបរបរចិញ្ចឹមសត្វ រួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឲ្យធានាបាននូវសន្តិសុខស្បៀងអាហារូបត្ថម្ភ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ តំណាងសហភាពអឺរ៉ុប រូបនេះក៏បានផ្តល់អនុសាសន៍ជូនរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើការសហការឲ្យបានកាន់តែប្រសើរជាងមុនជាមួយក្រុមអ្នកផលិត ពិសេសកសិករ ក្រុមអ្នកផ្តល់សេវា អាជ្ញាធរមូលដ្ឋាន សង្គមស៊ីវិល និងអ្នកជំនាញផ្នែកទីផ្សារ ដើម្បីជួយផ្នែកទីផ្សារជូនកសិករដែលប្រកបរបរចិញ្ចឹមសត្វ ដើម្បីលើកទឹកចិត្តកសិករ ព្រមទាំងធានាដល់ការផ្គត់ផ្គង់តម្រូវការសាច់សត្វនៅកម្ពុជា។

ឆ្លើយតបនឹងការលើកឡើងរបស់តំណាងសហភាពអឺរ៉ុប និងសង្គមស៊ីវិល អនុប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកស្រី អ៊ុក សាវិន មានប្រសាសន៍ថា ដោយមើលឃើញថាតម្រូវការសាច់សត្វនៅប្រទេសកម្ពុជា មានកាន់តែច្រើន ប៉ុន្តែវិស័យបសុសត្វនៅតែជួបឧបសគ្គនៅឡើយនោះ ទើបរដ្ឋាភិបាលមានគោលដៅបង្កើនចំនួនភ្នាក់ងារសត្វភូមិបន្ថែមទៀត។ អ្នកស្រីបញ្ជាក់ថា ភ្នាក់ងារសត្វភូមិ នឹងជួយជំរុញឲ្យគ្រួសារកសិករកាន់តែយល់ដឹងពីបច្ចេកទេសផលិតកាន់តែមានគុណភាពខ្ពស់ ត្រូវនឹងតម្រូវការសព្វថ្ងៃ៖ « សម្រាប់នាយកដ្ឋានបសុព្យាបាល ពិសេសក្រសួងកសិកម្ម យើងមិនព្រងើយកន្តើយដើម្បីដោះស្រាយលើវិស័យកសិកម្មតាមរយៈពេទ្យទាំងនេះ ឲ្យដឹងពីរបៀបព្យាបាល ផលិតកម្ម ការជ្រើសរើសពូជ ដើម្បីជំរុញឲ្យគ្រួសារកសិករទទួលបានតម្លៃទីផ្សារកាន់តែប្រសើរជាងមុនលើការផ្គត់ផ្គង់សាច់សត្វ »។
ប្រទេសកម្ពុជា មានប្រជាជន ៨៥% រស់នៅជនបទ ក្នុងនោះប្រជាជន ៦០% កំពុងប្រកបរបរកសិកម្ម។ សហរដ្ឋអាមេរិកយល់ថា កសិករកម្ពុជា ភាគច្រើនពួកគេបានបន្តទម្លាប់ធ្វើស្រែចម្ការតាមប្រពៃណីបុរាណ ដោយប្រើប្រាស់កម្លាំងអូសទាញពីសត្វពាហនៈ និងពឹងផ្អែកទឹកភ្លៀងសម្រាប់ស្រោចស្រពដំណាំកសិកម្ម។ ទន្ទឹមគ្នានេះ កត្តាសេដ្ឋកិច្ចសំខាន់ទីពីរបន្ទាប់ពីផលដំណាំសម្រាប់ប្រជាជនកម្ពុជា នោះគឺការចិញ្ចឹមសត្វដែលប្រជាជនប្រមាណ ៩០% នៃកសិករប្រកបរបរនេះ។ ដើម្បីជំរុញឲ្យជីវភាពកសិករដែលប្រកបរបរចិញ្ចឹមសត្វនៅកម្ពុជា កាន់តែប្រសើរឡើង សហភាពអឺរ៉ុប បានផ្តល់មូលនិធិជិត ៧លានដុល្លារលើគម្រោងអភិវឌ្ឍន៍បសុសត្វនៅកម្ពុជា។
សម្រាប់គម្រោងអភិវឌ្ឍន៍បសុសត្វនៅកម្ពុជា ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប នេះ ផ្ដោតសំខាន់លើការផ្តល់វគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារសត្វភូមិជាង ២.០០០នាក់ក្នុងឆ្នាំ២០១៦ នេះ ហើយត្រូវអនុវត្តក្នុងខេត្តចំនួន៦ ក្នុងនោះមានខេត្តពោធិ៍សាត់ ព្រៃវែង តាកែវ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ គម្រោងនេះមានរយៈពេលជិត ២ឆ្នាំ ចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ តទៅ។ អង្គការ ភីផល អ៊ីន នីត (People in Need) និងអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែនជាអ្នកទទួលអនុវត្តសកម្មភាពដោយផ្ទាល់លើការបណ្តុះបណ្តាលភ្នាក់ងារពេទ្យសត្វនេះ។
សហភាពអឺរ៉ុប និងសង្គមស៊ីវិលដែលទទួលអនុវត្តសកម្មភាពលើគម្រោងនេះ រំពឹងថា កសិករចិញ្ចឹមសត្វប្រមាណជាង ៥ម៉ឺនគ្រួសារ នឹងទទួលបានផលប្រយោជន៍ពីការគាំទ្រគម្រោងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
