កសិករមួយចំនួននៅតែបន្តព្រោះ និងស្ទូងស្រូវលើដីស្រែដែលខូចគុណភាព ឬខ្សោះជីជាតិ ហើយប្រើជីគីមីជំនួសជីធម្មជាតិជារៀងរាល់ឆ្នាំ ដើម្បីបំប៉នដើមស្រូវ ឬរក្សាទិន្នផលស្រូវ។ សកម្មភាពនេះ ត្រូវបានអ្នកជំនាញកសិកម្មប្រាប់ឲ្យកាត់បន្ថយ ហើយងាកមកប្រើជីធម្មជាតិដែលផ្ដល់ជីជាតិល្អបានយូរ ប៉ុន្តែបើកសិករនៅតែមានទន្លាប់ប្រើជីគីមីក្នុងកម្រិតមិនសមស្របទៀតនោះ នឹងធ្វើឲ្យដីខូច។
ដីខ្សោះជីជាតិ ឬដីខូច គឺសំដៅលើដីដែលរឹង មិនអាចរក្សាសំណើមបានយូរ ហើយដំណាំដែលដាំដុះនៅលើដីនោះមិនសូវល្អ និងមិនផ្ដល់ទិន្នផលច្រើនឡើយ បើមិនប្រើជីគីមីបន្ថែមនៅពេលដាំដុះម្ដងៗ។
ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ជា សុផុន ឲ្យដឹងថា ដីខូចបណ្ដាលមកពីកសិករមិនបានផ្ដល់ជីគ្រប់គ្រាន់ដល់ដីដែលបង្កបង្កើនផលរាល់ឆ្នាំនោះ។ ម្យ៉ាងវិញទៀត កសិករមានទម្លាប់ប្រើជីគីមីច្រើនជាងជីធម្មជាតិ ព្រោះជីគីមីបញ្ចេញសារធាតុចិញ្ចឹមដល់ដើមស្រូវលឿន ប៉ុន្តែវាឆាប់អស់សារធាតុចិញ្ចឹមទៅវិញ ហើយដីស្រែនៅខូចដដែល៖ « ដីរឹងបង្ហាញថា ដីអត់មានជីជាតិ។ ឧទាហរណ៍ដីកណ្ដេងនៅពេលធ្លាក់ភ្លៀងដើមឆ្នាំ បើយើងចុះទៅក្នុងស្រែ ដីហ្នឹងមានលក្ខណៈរអិល យើងដើរតែមិនស្រួលរអិល ហើយបើយើងភ្ជួរវិញបោកនង្គ័ល »។
ការសឹករិចរិលឆាប់រហ័សនៃដីកសិកម្ម ក៏បណ្ដាលមកពីកត្តាប្រែប្រួលអាកាសធាតុ ការភ្ជួររាស់ដីមិនបានត្រឹមត្រូវ មិនទប់ភ្លឺស្រែដើម្បីរក្សាទឹក និងការមិនដាំដំណាំពពួកសណ្ដែកធ្វើជាគម្របដីក្រោយពេលប្រមូលផលស្រូវរួចម្ដងៗ។ កត្តាទាំងនេះ ធ្វើឲ្យដីកាន់តែហាប់ និងខ្សោះជីជាតិ ហើយឫសស្រូវចាក់មិនបានជ្រៅចូលក្នុងដី ពុំមានពពួកសត្វល្អិតក្នុងដី និងគ្មានអុកស៊ីសែន ទើបដំណាំមិនសូវល្អ។

លោក ជា សុផុន ណែនាំឲ្យកសិករកាត់បន្ថយការប្រើប្រាស់ជីគីមី ត្បិតការខ្សោះជីជាតិដីមិនបណ្ដាលមកពីកត្តាប្រើជីគីមីទាំងស្រុងនៅគ្រាដែលកសិករភាគច្រើន បានប្ដូរទម្លាប់ប្រមូលសំរាម ស្លឹកឈើ ឬអាចម៍គោក្របី ដើម្បីរក្សាទុកក្នុងរណ្ដៅសម្រាប់ដាក់ស្រែ។ លោកថា ជីធម្មជាតិចាក់ស្រែម្ដងអាចធ្វើឲ្យស្រូវល្អបានបីឆ្នាំ ហើយជីធម្មជាតិចាក់ក្នុងស្រែកាន់តែច្រើន កាន់តែល្អខុសប្លែកពីជីគីមី៖ « ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ជីលាមកគោ ឬលាមកសត្វទៅក្នុងស្រែមានការថយចុះច្រើន ដោយសារកសិករបានប្ដូរទម្លាប់ពីការភ្ជួររាស់ដីដោយកម្លាំងអូសទាញគោក្របីមកគ្រឿងយន្តវិញ។ អ៊ីចឹងគាត់អត់សូវយកចិត្ដទុកដាក់រក្សា ឬសន្សំជីធម្មជាតិទាំងហ្នឹងទេ។ អ៊ីចឹងធ្វើឲ្យបរិមាណជីដែលត្រូវយកទៅដាក់ស្រែមានតិចទៅៗ ដែលជាកត្តាមួយបាត់បង់ជីធម្មជាតិក្នុងដី »។
តើកសិករគួរធ្វើបែបណា ដើម្បីកែប្រែដីដែលខ្សោះជីជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មកជាដីមានជីជាតិវិញ?
អ្នកជំនាញថា ដំណាំស្រូវត្រូវការដីដែលអាចស្រូបយកទឹកយ៉ាងច្រើនតាមរយៈឫស ហើយឫសត្រូវការអុកស៊ីសែនដកដង្ហើមគ្រប់គ្រាន់នៅក្នុងស្រទាប់ដី។ ដើម្បីផ្ដល់ទឹក និងខ្យល់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ឫសស្រូវ កសិករត្រូវផ្ដល់ជីជាតិគ្រប់គ្រាន់ ឬសមស្របទៅតាមលក្ខណៈរូបដែលអាចធ្វើឲ្យទឹកជ្រាបចូលក្នុងស្រទាប់ដី រក្សាសំណើមបានយូរ និងអាចឲ្យខ្យល់ចេញចូល ជាដើម។
ត្រង់ចំណុចនេះ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ជា សុផុន ណែនាំថា កសិករត្រូវទប់ភ្លឺស្រែឲ្យបានជាប់ ការពារកុំឲ្យទឹកហូរច្រោះជីជាតិចេញពីស្រែ ត្រូវភ្ជួររាស់ឲ្យបានបីដងមុននឹងស្ទូងស្រូវ ដើម្បីឲ្យដីម៉ដ្ឋល្អ ទឹករត់ក្នុងស្រែស្មើ ដើម្បីងាយស្រួលដល់ការបញ្ចូលទឹក ឬបាចជីបន្ថែម និងប្រើជីធម្មជាតិឲ្យបានច្រើន៖« ខ្ញុំចង់បញ្ជាក់ថា នៅក្នុងអាចម៍គោក្របីនេះមានលក្ខណៈល្អច្រើន ដោយសារវាមានអតិសុខុមប្រាណច្រើន ធ្វើឲ្យមានចលនានៅក្នុងដី ធ្វើឲ្យដីធូរ វាខុសពីជីគីមីដែលវាមានភាពរលាយរបស់វាយឺតជាងជីគីមី។ ដល់អ៊ីចឹងអាការខូចគុណភាពដីវាមិនងាយទេ កាលណាយើងប្រើជីធម្មជាតិដល់កម្រិត មានន័យថាដីយើងកាន់តែធូរ »។
លោក ជា សុផុន បន្ថែមថា ក្នុងករណីដែលកសិករប្រើជីគីមី គឺត្រូវប្រើក្នុងកម្រិតមួយសមស្រប និងត្រឹមត្រូវទៅតាមការណែនាំ មិនដូច្នោះទេ នឹងធ្វើឲ្យដីកាន់តែខូចលំបាកនឹងកែប្រែឡើងវិញ៖ « ការប្រើប្រាស់ជីគីមី ជារឿងសំខាន់។ រឿងទីមួយ តម្រូវការរបស់ដំណាំ ពេលវេលា និងបរិមាណឲ្យបានសមស្រប។ បើយើងអត់បានយល់ដឹងពីតម្រូវការរបស់ដំណាំ ឬពេលវេលានៃការប្រើប្រាស់ជី គេអាចនិយាយថា ធ្វើឲ្យដីអត់បានជី ដីអត់មានអាហារគ្រប់គ្រាន់ ធ្វើឲ្យដំណាំអត់មានអីចាប់យកពីក្នុងដី។ អ៊ីចឹងធ្វើឲ្យដីហ្នឹងមានលក្ខណៈរឹងទៅ »។
អ្នកជំនាញកសិកម្មលើកទឹកចិត្តឲ្យកសិករ ភ្ជួរលុបគល់ជញ្ជ្រាំងក្រោយប្រមូលផល ដាំបន្លែ និងពពួកសណ្ដែកលើដីដែលខូចនោះ បន្ថែមដីដំបូក ដីល្បាប់បាតត្រពាំង ដើម្បីបង្កើតអាសូត (Nitrogen)និងខ្យល់ក្នុងដី ទើបធ្វើឲ្យដីមានជីជាតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
