របៀប​រៀបចំ​ដី​ស្រែ​ដើម្បី​ធ្វើ​ស្រូវ​រដូវ​វស្សា​ទទួល​បាន​ទិន្នផល​ខ្ពស់

ដោយ ជិន ជេដ្ឋា
2017-03-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កសិករ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ច្រូត​កាត់​ស្រូវ​វស្សា​ដែល​លិច​ទឹក​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
កសិករ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ច្រូត​កាត់​ស្រូវ​វស្សា​ដែល​លិច​ទឹក​ដោយសារ​ជំនន់​ទឹក​ភ្លៀង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ការ​រៀបចំ​ដី​ស្រែ ឬ​ចម្ការ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជា​រឿង​សំខាន់​ដំបូង​គេ​ដែល​ប្រជា​កសិករ​ត្រូវ​អនុវត្ត​ដើម្បី​ដី​មាន​ជីជាតិ និង​ទិន្នផល​ខ្ពស់​សម្រាប់​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ។

មន្ត្រី​ជំនាញ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម ព្រម​ទាំង​មន្ត្រី​ជំនាញ​គ្រឿងយន្ត​កសិកម្ម អំពាវនាវ​ឲ្យ​កសិករ​ពិនិត្យ​មើល​បញ្ហា​រៀបចំ​ដី​ស្រែ និង​រក្សា​គុណភាព​ដី​ក្រោយ​ពី​សង្កេត​ឃើញ​ថា កសិករ​មួយ​ចំនួន​នៅ​តែ​បន្ត​ធ្វើ​ស្រែ​ពឹង​មេឃ ខណៈ​ដី​ស្រែ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​គុណភាព​ដោយ​ការ​ប្រើប្រាស់​ជី​គីមី​ច្រើន​ពេក និង​មិន​បាន​បន្ថែម​ជី​ធម្មជាតិ​ក្នុង​ស្រែ​ដែល​ស្ទូង​រាល់​ឆ្នាំ​នោះ។

អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក លាង ដេត មាន​ប្រសាសន៍​ថា ជញ្ជ្រាំង​ស្រូវ គឺ​ជា​ប្រភព​ជី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​ឲ្យ​ដី​ស្រែ​ធូរ មាន​សំណើម និង​សន្ទូង​ធន់​នឹង​អាកាសធាតុ។ ដូច្នេះ កសិករ​គួរ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ក្រោយ​ប្រមូល​ផល​ស្រូវ​រួច​ភ្លាម ដោយ​មិន​ត្រូវ​ដុត​វា​ចោល ឬ​ទុក​ឲ្យ​វា​ហើរ​ប៉ើង​តាម​ខ្យល់​ចោល​នោះ​ទេ៖ «តាម​ការ​សង្កេត​កន្លង​មក​យើង​ឃើញ​ថា ថ្វីត្បិតតែ​ខាង​បច្ចេកទេស​បាន​ណែនាំ​ជូន​ដល់​កសិករ​ដែរ ប៉ុន្តែ​កសិករ​មិន​ទាន់​អនុវត្ត​បាន ព្រោះ​គាត់​គិត​ថា​គល់​ជញ្ជ្រាំង​នេះ​ជា​ចំណី​របស់​សត្វ​ពាហនៈ។ អ៊ីចឹង​គាត់​មិន​អាច​ភ្ជួរ​លុប​បាន​ទេ។ អ៊ីចឹង​ជា​ជំហាន​ដំបូង កសិករ​ត្រូវ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​ដើម្បី​គ្រប់គ្រង​ជីជាតិ​ដី​ឲ្យ​បាន​ល្អ»

ចូល​ដល់​ពេល​ភ្លៀង​ធ្លាក់​កក់​ខែ ឬ​នៅ​ខែ​ពិសាខ​ដើម​ឆ្នាំ នៃ​រដូវ​បង្កបង្កើនផល​ស្រូវ​វស្សា​ម្ដងៗ កសិករ​ត្រូវ​រៀបចំ​ទប់​ភ្លឺ​ស្រែ ភ្ជិត​រន្ធ​ក្ដាម និង​សត្វ​ចង្រៃ​ដែល​តែង​កាយ​ទម្លាយ​ភ្លឺ​ស្រែ ដើម្បី​រក្សា​ទឹកភ្លៀង​ក្នុង​ស្រែ។ ពេល​មាន​ទឹក​ក្នុង​ស្រែ កសិករ​ត្រូវ​ពិនិត្យ​ដី​អាចម៍​បំណះ​ដែល​ភ្ជួរ​ទុក​ចោល​កាល​ពី​ប្រមូល​ផល​រួច​ឆ្នាំ​មុន​នោះ ថា​តើ​វា​ជ្រាប​ទឹក​ចូល​ក្នុង​ដី​បាន​ជ្រៅ​ណា និង​រលួយ​គល់​ជញ្ជ្រាំង​ឬ​នៅ? ទើប​អនុវត្ត​ការ​ភ្ជួរ​ជា​ថ្មី។

អ្នក​ជំនាញ​កសិកម្ម លោក លាង ដេត ថា​នៅ​ដំណាក់កាល​នេះ កសិករ​ត្រូវ​អនុវត្ត​ការ​ភ្ជួរ​រាស់​ចំនួន​បី​លើក​ទៀត មុន​យក​សំណាប​មក​ស្ទូង។ កសិករ​ត្រូវ​ភ្ជួរ​ម្ដង​បណ្ដោយ ហើយ​លើក​ក្រោយៗ​ទៀត​ត្រូវ​ភ្ជួរ​ទទឹង​អាចម៍​បំណះ ដើម្បី​ឲ្យ​ដី​ច្របល់​ចូល​គ្នា​សព្វ​ល្អ និង​ងាយស្រួល​កៀរ​ពង្រាប​ទី​ស្ទូង។ បើ​ភ្ជួរ​បាន​ត្រឹមត្រូវ ស្មៅ​នឹង​ងាប់​អស់ កម្ចាត់​ពង​សត្វ​ល្អិត​ចង្រៃ និង​ធ្វើ​ឲ្យ​ដី​ផុស​ល្អ​មាន​ខ្យល់​ចេញ​ចូល​ដែល​អំណោយផល​ដល់​ការ​លូតលាស់​របស់​សន្ទូង និង​ធ្វើ​ឲ្យ​សន្ទូង​ធន់​នឹង​អាកាសធាតុ៖ «ជាទូទៅ កសិករ​ត្រូវ​តែ​ភ្ជួរ​ដី​ឲ្យ​បាន​សព្វ​ល្អ និង​មាន​ជម្រៅ​ពី ១៥ ទៅ ២០​សង់ទីម៉ែត្រ។ ការ​ភ្ជួរ​ដី​ត្រូវ​ធ្វើ​ឲ្យ​បាន​បី​ដង និង​កៀរ​ពង្រាប​ដី​ឲ្យ​បាន​ស្មើ​ល្អ ដើម្បី​ងាយស្រួល​នឹង​ការ​គ្រប់គ្រង​ទឹក សត្វ​ល្អិត និង​ការ​ប្រើប្រាស់​ជី។ អ៊ីចឹង​យើង​ត្រូវ​ភ្ជួរ​លើក​ទី​១ ផ្អាប់​រយៈពេល ៧​ថ្ងៃ បន្ទាប់​កសិករ​ត្រូវ​ភ្ជួរ​ដី​លើក​ទី​២ បន្ទាប់​ពី​ភ្ជួរ​លើក​ទី​១ រយៈពេល ៧​ថ្ងៃ ហើយ​ភ្ជួរ​លើក​ទី​៣ គឺ​យើង​ភ្ជួរ​រាស់​ដី​សម្រាប់​ស្ទូង ក្រោយ​ពី​ភ្ជួរ​លើក​ទី​២ រយៈពេល ៧​ថ្ងៃ។ សរុប​នៃ​ការ​ភ្ជួរ​ដី​ទាំង​បី​លើក​មាន​រយៈពេល ២១​ថ្ងៃ»

ចំណែក​អ្នក​ជំនាញ​គ្រឿងយន្ត​កសិកម្ម​វិញ​អះអាង​ថា កសិករ​មួយ​ចំនួន​មិន​អាច​អនុវត្ត​គោលការណ៍​ភ្ជួរ​ដី​ឲ្យ​បាន​ជម្រៅ​ពី ១៥ ទៅ ២០​សង់ទីម៉ែត្រ​នោះ​ទេ ជាពិសេស​សម្រាប់​កសិករ​ដែល​ប្រើ​កម្លាំង​អូស​ទាញ​ដោយ​គោ​ក្របី។ ការ​ភ្ជួរ​រាស់​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ធ្វើ​ឲ្យ​ដី​មិន​ផុស​ល្អ ស្ទូង​បាន​រាក់ សន្ទូង​មិន​លូតលាស់​ល្អ ហើយ​គុម្ព​ស្រូវ​ងាយ​ដួល​ខូច ពេល​មូរ​ដើម​ជិត​ចេញ ឬ​ពេល​ចេញ​ផ្លែ​រួច។

ប្រធាន​ការិយាល័យ​គ្រឿងយន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក គង់ រស់ ថា​សព្វថ្ងៃ កសិករ​ភាគច្រើន​បាន​ងាក​មក​ប្រើ​គោយន្ត​សម្រាប់​ភ្ជួរ​រាស់​ស្រែ​ជំនួស​នង្គ័ល​រនាស់​ដែល​អូស​ដោយ​កម្លាំង​គោ​ក្របី។ លោក​ថា វា​ជា​សញ្ញា​មួយ​ល្អ​ដែរ​សម្រាប់​ការ​រៀបចំ​ដី​កសិកម្ម ព្រោះ​គោយន្ត​មាន​ទម្ងន់​ធ្ងន់ កម្លាំង​ខ្លាំង​អាច​ភ្ជួរ​ដី​មុត​ជ្រៅ​ជាង​នង្គ័ល ដែល​កសិករ​ខ្មែរ​និយម​ប្រើ​តាំង​ពី​បុរាណ​មក​នោះ៖ «គោ​ក្របី​អាច​ភ្ជួរ​បាន​ជម្រៅ​ត្រឹម​តែ ១​តឹក ឬ ១​តឹក ២​ហ៊ុន​អី​បាន តែ​បើ​គោយន្ត ឬ​ត្រាក់ទ័រ​យើង​អាច​ភ្ជួរ​ជម្រៅ​លើស​រហូត​ដល់​ពីរ​តឹក​បាន ប៉ុន្តែ​ការ​ភ្ជួរ​បាន​រហូត​ដល់​ពីរ​តឹក​ហ្នឹង វា​សំខាន់​ទៅ​លើ​ស្ថានភាព​ដី​ទេ ព្រោះ​ថា​ដី​ខ្លះ​យើង​ភ្ជួរ​បាន​ដោយសារ​ស្រទាប់​ដី​ខាង​ក្រោម​វា​រឹង វា​អាច​ទ្រ​នូវ​ទម្ងន់​ត្រាក់ទ័រ ឬ​គោយន្ត​បាន ប៉ុន្តែ​ស្រទាប់​ដី​ខ្លះ​មាន​ភាព​ជ្រាយ​ខាង​ក្រោយ យើង​អត់​អាច​ភ្ជួរ​បាន​ទេ»

លោក​បន្ថែម​ថា ស្ថិតិ​គ្រឿងយន្ត​កសិកម្ម​ប្រចាំ​ឆ្នាំ​២០១៦ បាន​បង្ហាញ​ថា ចំនួន​គោយន្ត និង​ត្រាក់ទ័រ​កើន​ឡើង​ច្រើន។ សម្រាប់​ខេត្ត​កំពង់ឆ្នាំង ត្រាក់ទ័រ​ខ្នាត​មធ្យម​មាន​ចំនួន ១៥៣​គ្រឿង និង​គោយន្ត​មាន​ជាង ២​ម៉ឺន​គ្រឿង (២១.១៥៧​គ្រឿង)។ លោក​ណែនាំ​ថា បើ​ទោះ​បី​ជា​កសិករ​លែង​សូវ​មាន​គោ​ក្របី​ចិញ្ចឹម​សម្រាប់​យក​អាចម៍​ចាក់​ស្រែ និង​សម្រាប់​ភ្ជួរ​រាស់ ប៉ុន្តែ​កសិករ​អាច​សន្សំ​ជី​ធម្មជាតិ​ដូចជា ស្លឹក​ឈើ​ធ្វើ​ជា​ជី​ធម្មជាតិ​ជំនួស​ការ​ប្រើ​ជី​គីមី។

អ្នក​ជំនាញ​កសិកម្ម​ថា​ការ​ប្រើប្រាស់​ជី​គីមី​សម្រាប់​ដាក់​ស្រូវ ឬ​ដំណាំ​ផ្សេងៗ​មាន​ប្រសិទ្ធភាព​ល្អ​រយៈពេល​ខ្លី ហើយ​អាច​ធ្វើ​ឲ្យ​ដី​ក្ដាំង ឆាប់​ហួត​ទឹក និង​ខូច​គុណភាព​ដី​បន្តិច​ម្ដងៗ បើ​កសិករ​ប្រើ​វា​លើស​កំណត់។ វា​ជា​ការ​ល្អ​ដែល​កសិករ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី​គីមី ហើយ​ងាក​មក​ប្រើ​ជី​ធម្មជាតិ​ជំនួស​វិញ ដើម្បី​រក្សា​គុណភាព​ដី និង​មិន​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិភោគ​ផល​ដំណាំ​នោះ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន តែងតែ​លើក​ពាក្យ​ស្លោក​ថា «ផ្ទះ​ស្អាត ស្រែ​ល្អ» ដែល​ពាក្យ​នេះ​លោក​សំដៅ​ឲ្យ​ប្រជា​កសិករ​បោស​សម្អាត​បរិវេណ​ផ្ទះ​សម្បែង ឬ​ប្រមូល​ស្លឹក​ឈើ​នៅ​ក្នុង​ភូមិឋាន​ទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​ដឹក​ទៅ​ចាក់​ស្រែ​ធ្វើ​ជា​ជី​ធម្មជាតិ។ ការ​ប្រើ​ជី​ធម្មជាតិ ជួយ​រក្សា​គុណភាព​ដី ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ល្អ​បាន​យូរ ហើយ​ធន់​នឹង​អាកាសធាតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល