បច្ចេកទេស​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ​ត្រពាំង​និង​បឹង​ធម្មជាតិ

0:00 / 0:00

បង្កង​ជា​សត្វ​មាន​តម្លៃ​ខ្ពស់​ជាង​វារី​សត្វ​ដទៃ ហើយ​វា​ក៏​ជា​សត្វ​កម្រ​នឹង​ចាប់​បាន​ពី​ធម្មជាតិ​ដែរ។ ដើម្បី​ឲ្យ​បង្កង​សម្បូរ​លក់​នៅ​ក្នុង​ទីផ្សារ ក្រសួង​កសិកម្ម បាន​បណ្តុះបណ្តាល​កសិករ​ឲ្យ​ចេះ​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ ក្នុង​ត្រពាំង ក្នុង​បឹង​ធម្មជាតិ ជាដើម។

លោក វ៉ាន់ ប៉ូរ រស់នៅ​ភូមិ​អូរផុត ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​បង្ហាញ​អំពី​វិធី​ចិញ្ចឹម​បង្កង​នៅ​ក្នុង​ស្រះ និង​ចិញ្ចឹម​បង្កង​ជា​អាជីវកម្ម។ លោក​ថា បង្កង​ចិញ្ចឹម​ក្នុង​រយៈពេល ៦ ទៅ ៨​ខែ គេ​នឹង​អាច​ប្រមូល​ផល​បង្កង​លក់​បាន​ហើយ៖ «ដើម្បី​ចិញ្ចឹម​បង្កង​នេះ​ឲ្យ​បាន​ជោគជ័យ ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច ៣​យ៉ាង...»

លោក​អះអាង​ថា ដោយសារ​តែ​បង្កង​ចាប់​ពី​ធម្មជាតិ​កាន់​តែ​ខ្សត់ ទើប​ការ​ចិញ្ចឹម​បង្កង​បាន​កើត​ឡើង​ច្រើន ចាប់​ពី​ឆ្នាំ​២០០៧ មក​នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៖ «ព្រោះ​បង្កង​នេះ​នៅ​ក្នុង​ស្រុក​យើង​វា​កាន់​តែ​អន់​ថយ​ទៅ កាន់​តែ​បាត់​ទៅ​ពី ១​ឆ្នាំ​ទៅ ១​ឆ្នាំ...»

លោក​ឲ្យ​ដឹង​ថា ដើម្បី​ចិញ្ចឹម​បង្កង​បាន​ជោគជ័យ ត្រូវ​ចិញ្ចឹម​វា​នៅ​ក្នុង​ស្រះ​គ្រួសារ​សិន ព្រោះ​ការ​ចិញ្ចឹម​នោះ​មាន​ទ្រង់ទ្រាយ​តូច មិន​ចំណាយ​ដើម​ទុន​ច្រើន ហើយ​អាច​ទទួល​ទិន្នផល​គួរសម គឺ​ចាប់​ពី ២០០​គីឡូក្រាម​ឡើង​ទៅ​ក្នុង​ដី​ទំហំ ១​ហិកតារ។ លោក​ថា ការ​ចិញ្ចឹម​បង្កង​ក្នុង​ស្រះ​គ្រួសារ ត្រូវ​រៀបចំ​ស្រះ​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​សិន៖ «ស្រះ​ត្រូវ​មាន​រាង​ចតុកោណ មាន​ទំហំ​ពី ១.០០០​ម៉ែត្រ​ការ៉េ​ឡើង​ទៅ...»

លោក វ៉ាន់ ប៉ូរ ឲ្យ​ដឹង​ថា បង្កង​ចូល​ចិត្ត​រស់នៅ​ក្នុង​ផ្ទៃ​ទឹក​ធំ​ទូលាយ ស្ថិត​នៅ​ក្នុង​កម្រិត​អុកស៊ីហ្សែន​លើស​ពី ៥​មិល្លីក្រាម​ក្នុង​១​លីត្រ​ទឹក ព្រោះ​បង្កង​គេ​អាច​ចាប់​វា​បាន​ច្រើន​នៅ​តំបន់​ទឹកសាប និង​នៅ​តំបន់​ទឹក​ភ្លាវ ព្រោះ​វា​ចូល​ចិត្ត​រស់នៅ​ក្នុង​សីតុណ្ហភាព​ទឹក​ចន្លោះ​ពី ២៦ ទៅ ៣០​អង្សាសេ។

វិធី​រៀបចំ​ស្រះ​ទឹក​ចិញ្ចឹម​បង្កង

ជីក​ស្រះ​ជា​រាង​បួន​ជ្រុង​ស្មើ បាច​កំបោរ​ប្រមាណ​ជា ១០​គីឡូក្រាម​ទៅ​ក្នុង​ស្រះ ឲ្យ​វា​សម្លាប់​មេរោគ​ក្នុង​ដី​ជីក​ថ្មី រួច​ហាល​ដី​ឲ្យ​បាន​ជិត ១​អាទិត្យ ទើប​បញ្ចូល​ទឹក​ទៅ​ក្នុង​ស្រះ ដើម្បី​ឲ្យ​ជាតិ​កំបោរ​កាត់​ដី​ដែល​កករ​ល្អក់ ហើយ​វា​ប្រែ​ពណ៌​ទឹក​ល្អក់​ទៅ​ជា​ថ្លា។ វិធី​មួយ​ទៀត បើ​មាន​ស្រះ​ចាស់ ត្រូវ​ចាប់​យក​ចេញ​ឲ្យ​អស់​សត្វ​រស់នៅ​ក្នុង​ទឹក​ស្រះ​ពី​មុន ដើម្បី​សម្អាត​ស្រះ រួច​ចាំ​ដាក់​កូន​បង្កង​ចិញ្ចឹម។ នៅ​បាត​ស្រះ ត្រូវ​យក​មែក​ឈើ​ដែល​គ្មាន​បន្លា ឬ​មែក​ឫស្សី​ចង​ជា​បាច់ ដើម្បី​ធ្វើ​ជា​ជម្រក​បង្កង និង​សម្រាប់​វា​ចូល​សក។ ជុំវិញ​ស្រះ ត្រូវ​រាំង​ស្បៃ​កុំ​ឲ្យ​សត្វ​ដទៃ​លោត​ចូល​ទៅ​ក្នុង​ស្រះ​ចិញ្ចឹម​បង្កង ព្រោះ​វា​អាច​ចូល​ស៊ី​កូន​បង្កង​នៅ​ក្នុង​ស្រះ៖ «ដំបូង​យើង​ត្រូវ​បូម​ទឹក​ពង្រីង ចាប់​ត្រី​កាច​ចេញ​ឲ្យ​អស់ ស្ដារ​ភក់​ចេញ​ឲ្យ​អស់ ទុក​ល្បាប់​ភក់​ពី ១​តឹក មួយ​តឹក​ទៅ ១,៥០​តឹក ជា​ការ​ល្អ រួច​បាច​កំបោរ​ពី ៣,៥​គីឡូក្រាម​ក្នុង​ផ្ទៃ​ដី ១០០​ម៉ែត្រ​ការ៉េ ចំពោះ​ស្រះ​ចាស់។ ឯ​ស្រះ​ថ្មី​យើង​បាច​កំបោរ​ពី ៧ ទៅ ១០​គីឡូក្រាម ក្នុង​ផ្ទៃ ១០០​ម៉ែត្រ​ការ៉េ​ដូច​គ្នា រួច​ទុក​ចោល​រយៈពេល ៣​ថ្ងៃ ទើប​បូម​ទឹក​បញ្ចូល​ឲ្យ​មាន​ជម្រៅ​ពី ៣ ទៅ ៤​សង់ទីម៉ែត្រ»

វិធី​បង្កើត​ប្លង់តុង

នៅ​ពេល​រៀបចំ​ស្រះ​ទឹក​បាន​ហើយ ចាប់​ផ្ដើម​បាច​ទឹក​ជី​ដែល​បាន​ត្រាំ​ក្នុង​រណ្ដៅ ឬ​ពាង ទៅ​លើ​ផ្ទៃ​ទឹក​ស្រះ​នោះ​ឲ្យ​សព្វ​នៅ​វេលា​ម៉ោង ៨ ទៅ ៩​ព្រឹក ដើម្បី​បង្កើត​រុក្ខជាតិ​ប្លង់តុង និង​សត្វ​ប្លង់តុង​ក្នុង​ទឹក​សម្រាប់​ជា​ចំណី​បង្កង។ លោក​បន្ត​ថា ការ​ចិញ្ចឹម​បង្កង​ក្រៅ​ពី​ឲ្យ​ចំណី​ប្លង់តុង គឺ​មាន​ការ​ប្រែប្រួល​របស់​វា​ពី​តូច​ទៅ​ឆាប់​ធំ គឺ​កា​រសក និង​ការ​រក្សា​កម្រិត​អុកស៊ីហ្សែន​ក្នុង​ទឹក៖ «យើង​ដឹង​ហើយ​ថា បង្កង​ខុស​ពី​ត្រី ព្រោះ​បង្កង​ការ​លូតលាស់​ធំ​ទៅ​បាន​អាស្រ័យ​ទៅ​លើ​ការ​សក​របស់​វា។ កាល​ណា​សីតុណ្ហភាព​ទឹក​សមស្រប​ទៅ​នឹង​ការ​សក​របស់​វា គឺ​វា​សក។ អ៊ីចឹង​យើង​រក្សា​បូម​ទឹក​បញ្ចូល​ទៅ គឺ​វា​សក​ហើយ សមស្រប​ទៅ​នឹង​ចំណី​របស់​វា​ផង សីតុណ្ហភាព​ទឹក គឺ​កម្រិត​ពី ២៨​អស្សា​ឡើង​ទៅ គឺ​វា​សក។ ហើយ​ការ​សក​នេះ គឺ​កាល​ណា​សមស្រប គឺ​វា​សក កាលណា​វា​សក គឺ​វា​ពួន​ជ្រក​ទៅ​ក្នុង​ជម្រក​ដែល​យើង​ចង​បាច់​ធ្វើ​ជា​ឫស្សី​ដុំៗ ឲ្យ​វា​ស៊ក​ចូល​ទៅ​ក្នុង​ហ្នឹង​សក ព្រោះ​កាល​ណា​វា​សក វា​អត់​ហែល​ទៅ​ណា​រួច​ទេ​ក្នុង​រយៈពេល​ពី ៤ ទៅ ៦​ម៉ោង បាន​ខ្លួន​វា​រឹង​អាច​ហែល​ទៅ​ទៀត»

វិធី​លែង​កូន​បង្កង និង​ការ​ផ្តល់​ចំណី​បង្កង​ក្នុង​ស្រះ​គ្រួសារ

ក្រោយ​ពេល​ដែល​ទឹក​ស្រះ​ប្រែ​ពី​ល្អក់​ទៅ​ថ្លា​ក្រមៅ ដោយ​សម្បូរ​ប្លង់តុង ហើយ​គេ​អាច​យក​កូន​បង្កង​ទៅ​លែង​ក្នុង​នោះ​បាន។ ការ​លែង​កូន​បង្កង​ទៅ​ក្នុង​ស្រះ​គ្រួសារ គឺ​ត្រូវ​លែង​ក្នុង ១​ម៉ែត្រ​ការ៉េ​តែ ៣ ទៅ ៥​ក្បាល​ជា​មធ្យម ព្រោះ​ការ​ផ្តល់​ចំណី​ទៅ​បង្កង​ចិញ្ចឹម​ក្នុង​ស្រះ​គ្រួសារ​នោះ មិន​បង្ខំ​ឲ្យ​វា​ស៊ី​ចំណី​ឲ្យ​ឆាប់​ធំ​ធាត់​លឿន​នោះ​ទេ៖ «ការ​ផ្តល់​ចំណី​មាន ២​ប្រភេទ ចំណី​ធម្មជាតិ និង​ចំណី​បន្ថែម។ ចំណី​ធម្មជាតិ​បាន​មក​ពី​ការ​ដាក់​ជី​រុក្ខជាតិ​ប្លង់តុង និង​សត្វ​ប្លង់តុង នោះ​បាន​កូន​បង្កង​វា​ស៊ី វា​ទម្លាប់​ស៊ី​តាំង​ពី​យើង​ទើប​ភ្ញាស់​វា​មក​ម្ល៉េះ។ កាល​ណា​ទើប​នឹង​ញាស់​គេ​ឲ្យ​ស៊ី​អាមួ័យណា និង​អាតេម៉ីញ៉ា ជា​កូន​សត្វ​តូចៗ​ល្អិត​នៅ​ក្នុង​ទឹក​ហ្នឹង ឯ​ចំណី​បន្ថែម​មាន​ចំណី​កែច្នៃ និង​ចំណី​ស្រស់ ចំណី​គ្រាន់​មាន​លក់​នៅ​ទីផ្សារ​ក៏​ចំណី​បង្កង​សម្រាប់​គេ​ចិញ្ចឹម​ដែរ។ ចំណែក​ចំណី​កែច្នៃ មាន​សណ្តែកសៀង កន្ទក់​ម៉ត់ ម្សៅមី ម្សៅ​ត្រី ម្សៅ​ឆ្អឹង ម្សៅ​គ ម្សៅ​ព្រីម៉ិច និង​ខ្លាញ់​ដូង យើង​ដាក់​កូរ​ជាមួយ​គ្នា​ចម្អិន​ទៅ នេះ​ជា​ចំណី​បង្កង»

លោក​ឲ្យ​ដឹង​ថា បង្កង​ស៊ី​ចំណី​ច្រើន​ប្រភេទ​ក្រៅ​ពី​ចំណី​កែច្នៃ ចំណី​ផ្សំ​លក់​ទីផ្សារ​បង្កង​ក៏​វា​ស៊ី​ចំណី​ស្រស់​ដែរ។ ចំណី​ស្រស់​ដូចជា កំពឹស ក្តាម ខ្យង ដែល​ឆ្កឹះ​យក​តែ​សាច់​វា ចិញ្ច្រាំ​ដាក់​ក្នុង​កញ្ច្រែង ចង​ពន្លិច​ក្នុង​ទឹក​ឲ្យ​វា​ស៊ី៖ «ឯ​ចំណី​ស្រស់​ងាយ​ធ្វើ​ឲ្យ​គុណភាព​ទឹក​ស្រះ​ល្អក់​ដែរ អ៊ីចឹង​កុំ​ឲ្យ​ស៊ី​ច្រើន​ហួស​ពេក។ របៀប​ដាក់​ផ្តល់​ចំណី យើង​ត្រូវ​ធ្វើ​កន្ត្រង​ចំនួន​៤ ដាក់​នៅ​តាម​ជ្រុង​ស្រះ។ ឯ​កន្ត្រង​នីមួយៗ​ត្រូវ​មាន​ទំហំ ១​ម៉ែត្រ​ការ៉េ ដោយ​យើង​ដាក់​ឲ្យ​ផុត​ពី​បាត​ស្រះ​ចំនួន ១​តឹក យើង​ដាក់​មាន​ខ្សែ​វា ចង​ជា​បង្គោល​ក៏​បាន​ដែរ តែ​ឲ្យ​ផុត​ពី​បាត​ស្រះ​ចំនួន ១​តឹក នឹង​អា​ស៊ុម​ចំណី​ហ្នឹង។ ហើយ​ចំណី​គ្រាប់​ត្រូវ​បាច​ឲ្យ​សព្វ​ពេញ​ផ្ទៃ​ស្រះ និង​ត្រូវ​ដាក់​ចំណី​បន្ថែម​នៅ​ក្នុង​កន្ត្រង​ចំណី​ប្រហែល ១% នៃ​បរិមាណ​ចំណី​សរុប»

លោក វ៉ាន់ ប៉ូរ ឲ្យ​ដឹង​ថា បង្កង​ចូល​ចិត្ត​ស៊ី​ចំណី​នៅ​ពេល​ជិត​ភ្លឺ និង​មេឃ​ជិត​ងងឹត។ ក្នុង​១​ថ្ងៃ បង្កង​ត្រូវ​ឲ្យ​ចំណី​វា​ស៊ី​២​ដង គឺ​ត្រូវ​ដាក់​ចំណី​នៅ​ម៉ោង ៥​ព្រឹក​ម្តង និង​ម៉ោង ៥​ល្ងាច​ម្តង។ នៅ​ពេល​ព្រឹក បង្កង​មិន​សូវ​ស៊ី​ចំណី​ច្រើន​ដូច​ពេល​ល្ងាច​ទេ។ នៅ​ពេល​ព្រឹក​ឲ្យ​ចំណី​បង្កង​ស៊ី​តែ ៣០% ទុក ៧០% ឲ្យ​វា​ស៊ី​នៅ​ពេល​យប់៖ «ដើម្បី​បង្កើន​សុខភាព​របស់​បង្កង​ឲ្យ​ចៀស​ផុត​ពី​ជំងឺ យើង​អាច​ប្រើ​ម្សៅ​វីតាមីនសេ​លាយ​ជាមួយ​ចំណី​ក៏​បាន​ដែរ។ ម្សៅ​វីតាមីនសេ​ហ្នឹង គឺ​គេ​កិន​លាយ​ជាមួយ​ចំណី ដូចជា​ចំណី​១​គីឡូ យើង​កិន​១​គ្រាប់ ២​គ្រាប់ ដាក់​លាយ​ទៅ​ក្នុង​ចំណី​ហ្នឹង​ទៅ ដើម្បី​ការពារ​សុខភាព​របស់​វា»

វិធី​ការពារ​បង្កង

លក្ខណៈ​សម្គាល់​បង្កង​នៅ​ពេល​វា​ឈឺ ឬ​វា​មាន​បញ្ហា ត្រូវ​ឧស្សាហ៍​មើល​វា​នៅ​ពេល​ព្រឹក បើ​សិន​ជា​បង្កង​ងើប​ហែល ឬ​ឡើង​មក​កក​ពេញ​ផ្ទៃ​ស្រះ​ខុស​ពី​ធម្មតា​នៅ​ពេល​ព្រឹក បញ្ជាក់​ថា​ទឹក​ស្រះ​វា​ខ្វះ​អុកស៊ីហ្សែន​ខ្លាំង។ ទឹក​ស្រះ​ខ្វះ​អុកស៊ីហ្សែន ភាគ​ច្រើន​ចាប់​ពី​ពាក់​កណ្ដាល​អាធ្រាត្រ​ទៅ​ជិត​ភ្លឺ គឺ​នៅ​ពេល​ទឹក​ស្ងប់​គ្មាន​ចលនា។ វិធី​ដោះស្រាយ​ឲ្យ​មាន​អុកស៊ីហ្សែន​ក្នុង​ទឹក ត្រូវ​បូម​ទឹក​បញ្ចូល​ក្នុង​ស្រះ​ថែម​ទៀត ឬ​បូម​ទឹក​ក្នុង​ស្រះ​នោះ​ឲ្យ​វា​ធ្វើ​ចលនា ដើម្បី​ឲ្យ​ទឹក​វា​វិល ហើយ​ការ​វិល​នៃ​ទឹក​ចុះ​ឡើង​នោះ​ហើយ គឺ​វា​បង្កើត​ខ្យល់​អុកស៊ីហ្សែន។ វិធី​មួយ​ទៀត ពន្លឺ​ព្រះអាទិត្យ​ចាំង​មក​លើ​ផ្ទៃ​ទឹក ក៏​វា​បង្កើត​ជា​អុកស៊ីហ្សែន​ក្នុង​ទឹក​ដែរ ពេល​នោះ​បង្កង​វា​ហែល​ចូល​ស្រះ​វិញ បញ្ជាក់​ថា​ទឹក​ស្រះ​មាន​ខ្យល់​អុកស៊ីហ្សែន​ហើយ៖ «នៅ​រដូវ​ដែល​ខ្វះ​អុកស៊ីហ្សែន គឺ​នៅ​រដូវ​ត្រជាក់ ជាពិសេស គឺ​នៅ​រដូវ​ភ្លៀង​នៅ​រដូវ​វស្សា​អុកស៊ីហ្សែន​ចុះ បើ​នៅ​រដូវ​ក្តៅ​ដូច​នេះ អុកស៊ីហ្សែន​មិន​សូវ​ខ្វះ ហើយ​ជាពិសេស គឺ​ទឹក​ស្អាត ទឹក​ល្អ ទឹក​ស្អាត គឺ​សម្បូរ​អុកស៊ីហ្សែន ហើយ​ទឹក​ដែល​ស្ថិត​នៅ​វាល​ស្រឡះ បើ​សិន​ណា​មាន​ព្រៃ​ឈើ​ជុំវិញ​ច្រើន គឺ​ទឹក​នោះ​អត់​សូវ​មាន​អុកស៊ីហ្សែន​ទេ កាល​ណា​ខ្វះ​ពន្លឺ​ថ្ងៃ វា​ម្លប់​ច្រើន​ក៏​ទឹក​នោះ​ក៏​ខ្សោយ​អុកស៊ីហ្សែន​ដែរ»

លោក វ៉ាន់ ប៉ូរ ឲ្យ​ដឹង​ថា បង្កង​គេ​ចាប់​ផ្ដើម​ចិញ្ចឹម​នៅ​ក្នុង​ខែ​កុម្ភៈ និង​មីនា។ ការ​ចិញ្ចឹម​បង្កង​ចាប់​ពី​ខែ​លំហើយ​នោះ​ទៅ គឺ​អាច​ចាប់​វា​លក់​បាន​ទាន់​រដូវ​បិទ​នេសាទ ព្រោះ​បង្កង​ចិញ្ចឹម​តែ​ក្នុង​រយៈពេល​ជាង ៦​ខែ​ឡើង​ទៅ បើ​ឲ្យ​ចំណី​វា​ស៊ី​គ្រប់គ្រាន់​ក្នុង​១​គីឡូក្រាម មាន​បង្កង​តែ ៥ ទៅ ៨​ក្បាល ហើយ​នេះ​គឺ​ជា​ទម្ងន់​នៃ​បង្កង ដែល​ចិញ្ចឹម​តាម​ស្រះ​គ្រួសារ។ តែ​បើ​ចិញ្ចឹម​បង្កង​ជា​អាជីវកម្ម គេ​ឲ្យ​ចំណី​បំប៉ន​បន្ថែម បើ​ចាប់​គេ​ចាប់​បង្កង​លក់ គឺ​មាន​បង្កង​ក្នុង​១​គីឡូក្រាម តែ​បង្កង ៤ ទៅ ៥​ក្បាល​ទេ។ បច្ចុប្បន្ន បង្កង​ជួញ​ដូរ​ក្នុង​ទីផ្សារ​ក្នុង​១​គីឡូក្រាម តម្លៃ​ជា​មធ្យម​ចាប់​ពី ៣០​ដុល្លារ​ឡើង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។