ក្រសួង​កសិកម្ម​បង្កើត​ក្រុម​ការងារ​តាមដាន​ដោះស្រាយ​បញ្ហា​ផលិតកម្ម​កសិកម្ម​និង​រក​ទីផ្សារ

ដោយ អ៊ុំ រង្សី
2016.09.07
បន្លែ​សរីរាង្គ ២០១៦ ៨៥៥ ចម្ការ​ពោត​របស់​ចម្ការ​បន្លែ​ធម្មជាតិ​សរីរាង្គ (Eco Agri Farm) នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​តាមដាន និង​ដោះស្រាយ​បញ្ហា​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទីផ្សារ​កសិផល​ដែល​មាន​សមាសភាព​ចំនួន ១៩​រូប។ ក្រសួង​កសិកម្ម ថា​ក្រុម​ការងារ​នេះ​នឹង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​គោល​នយោបាយ​ទីផ្សារ ដើម្បី​ជំរុញ​ឲ្យ​កសិករ​ផលិត​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​កសិផល​ខ្ពស់។

សេចក្ដី​ជូន​ដំណឹង​របស់​លោក វេង សាខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាង​ថា ក្រុម​ការងារ​នេះ​មាន​តួនាទី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទីផ្សារ​កសិផល ដើម្បី​លើក​ទឹក​ចិត្ត​កសិករ និង​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ក្រៅ​ប្រទេស។

សេចក្តី​ជូន​ដំណឹង​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឲ្យ​ដឹង​ទៀត​ថា ក្រុម​ការងារ​តាមដាន និង​ដោះស្រាយ​បញ្ហា​លើ​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទីផ្សារ​កសិផល​ដែល​មាន​សមាសភាព​ចំនួន ១៩​រូប ដែល​សុទ្ធតែ​ជា​ថ្នាក់​ដឹកនាំ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​របស់​ក្រសួង​កសិកម្ម។ ក្រុម​នេះ មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គោល​នយោបាយ​សំខាន់ៗ​របស់​ក្រសួង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឆ្លើយ​តប ព្រម​ទាំង​ដោះស្រាយ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​បញ្ហា​ទីផ្សារ​ថែម​ទៀត​ផង។

នៅ​ក្នុង​សេចក្តី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​តាមដាន និង​ដោះស្រាយ​បញ្ហា​លើ​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទីផ្សារ​កសិផល រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ទាំង ១៩​រូប​នេះ ត្រូវ​មាន​ភារកិច្ច​ដូចជា តាមដាន​ការងារ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​គុណភាព និង​សុវត្ថិភាព​កសិផល ជំរុញ​កំណើន​ផលិតភាព​កសិកម្ម​តាម​រយៈ​ការ​អនុវត្ត​កសិកម្ម​ល្អ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត តាមដាន​ការ​ត្រួត​ពិនិត្យ​គុណភាព និង​សុវត្ថិភាព​ធាតុ​ចូល​កសិកម្ម រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​ឲ្យ​កសិករ​ចេះ​ធ្វើ​ការ​វិភាគ តាម​រយៈ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម ការ​បង្កើន​ចំណូល​ដល់​កសិករ និង​តម្លៃ​បន្ថែម​លើ​កសិផល តាមដាន និង​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​នូវ​បញ្ហា​ប្រឈម​លើ​ផលិតកម្ម​កសិកម្ម និង​ទីផ្សារ​កសិផល ពិសេស​ត្រូវ​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្នុង​ករណី​ចាំបាច់។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក៏​បាន​ណែនាំ​ឲ្យ​គ្រប់​សមាជិក​ទាំងអស់​នៃ​ក្រុម​ការងារ​នេះ ត្រូវ​អនុវត្ត​ភារកិច្ច​តាម​ការ​ចាត់​តាំង និង​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន ហើយ​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​សេចក្តី​សម្រេច​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ។

ការ​ចេញ​សេចក្តី​សម្រេច​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កសិករ និង​សង្គម​ស៊ីវិល បាន​បង្ហាញ​ក្តី​បារម្ភ​ពី​លទ្ធភាព​ទទួល​បាន​ទីផ្សារ​លក់​កសិផល​កសិកម្ម​នៅ​តែ​ជា​ឧបសគ្គ​បន្ត​ប្រឈម​ដល់​ជីវភាព​កសិករ ដែល​អាច​នឹង​បង្ក​ជា​ក្តី​បារម្ភ​ដល់​កង្វះ​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

ទន្ទឹម​គ្នា​នេះ កសិករ​ក៏​បាន​អះអាង​ថា បញ្ហា​ខ្វះ​ទីផ្សារ​នេះ​បាន​ធ្វើ​ឲ្យ​កសិករ ពិសេស​កសិករ​ខ្នាត​តូច​ជាច្រើន បង្ខំ​ចិត្ត​បោះបង់​ការងារ​កសិកម្ម រួច​នាំ​គ្នា​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ មិន​តែ​ប៉ុណ្ណោះ ដោយសារ​ខ្វះ​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​បាន​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ក្លាយ​ជា​កូន​បំណុល​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ជាង​នេះ​ទៀត ទោះ​បី​ជា​កសិផល​កសិកម្ម ដូចជា ពោត សណ្ដែក ដំឡូង ស្រូវ និង​ទិន្នផល​កសិកម្ម​ផ្សេង​ទៀត​ជាដើម​របស់​កសិករ​លក់​មិន​ចេញ។

ទាក់ទិន​នឹង​ចំណាត់​ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម នៅ​ពេល​នេះ​ដែរ អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន គាំទ្រ​ចំពោះ​ការ​បង្កើត​ក្រុម​ការងារ​តាមដាន និង​ដោះស្រាយ​បញ្ហា​លើ​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទីផ្សារ​កសិផល​កសិកម្ម បើ​ទោះ​ជា​ក្រុម​ការងារ​នេះ​យឺតយ៉ាវ​បន្តិច​ក្តី។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផលិតកម្ម​កសិកម្ម និង​ខ្វះ​ទីផ្សារ​លក់​កសិផល​កម្ពុជា មក​ពី​កង្វះ​គោល​នយោបាយ​លើក​ទឹក​ចិត្ត​កសិករ ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ ថវិកា​ជាតិ​ចំណាយ​មិន​ចំ​គោលដៅ និង​មិន​មាន​ការ​បែង​ចែក​អំណាច​ដល់​ថ្នាក់​មូលដ្ឋាន ជាដើម។

ប៉ុន្តែ​យ៉ាង​ណា​លោក​ចង់​ឃើញ​ក្រុម​ការងារ​នេះ អនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព មិន​មែន​គ្រាន់​តែ​បង្កើត​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ​ទេ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​តែ​លើក​ទឹក​ចិត្ត​កសិករ ពិសេស​អ្នក​ផលិត ពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​មើល​ថវិកា​ជាតិ ពិសេស​ដំឡើង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៧ ខាង​មុខ ហើយ​បញ្ជូន​ធនធាន​មនុស្ស ពិសេស​មន្ត្រី​កសិកម្ម​ទៅ​បណ្តុះបណ្តាល​កសិករ​ឲ្យ​ចេះ​ផលិត»

កាល​ពី​ពេល​កន្លង​ទៅ រដ្ឋមន្ត្រី​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ក៏​ធ្លាប់​បាន​ថ្លែង​ថា លោក​មាន​ការ​ឈឺ​ចាប់​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប នៅ​ពេល​ឃើញ​កម្ពុជា នាំ​ចូល​ផលិតផល​បន្លែ​ត្រី​សាច់​រាប់​តោន​ពី​ប្រទេស​ជិត​ខាង​ជា​រៀង​រាល់​ថ្ងៃ គ្រា​ដែល​កម្ពុជា មាន​ទឹក​មាន​ដី និង​មាន​ធនធាន​មនុស្ស​ជាច្រើន​អាច​បង្កបង្កើនផល ចិញ្ចឹម​សត្វ និង​ចិញ្ចឹម​ត្រី ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​បាន​ដោយ​ខ្លួន​នោះ។

ក្នុង​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក លោក វេង សាខុន ក៏​បាន​ប្រកាស​ប្រឹងប្រែង​ផ្តល់​នូវ​បច្ចេកទេស​ដាំ​ដុះ​ខ្ពស់​ដល់​ប្រជា​កសិករ​ខ្មែរ ព្រម​ទាំង​ស្វែងរក​ប្រភព​ទុន​ពី​ម្ចាស់​ជំនួយ ជួយ​បង្កើន​លទ្ធភាព​ក្នុង​ការ​ដាំ​ដុះ។ ជាង​នេះ​ទៀត ដើម្បី​បង្កើន​ផលិតផល​បន្លែ​ផ្លែ​ផ្កា​របស់​ប្រជា​កសិករ​ខ្មែរ លោក វេង សាខុន បាន​បញ្ជាក់​ថា លោក​បាន​ណែនាំ​ដល់​មន្ត្រី​ឲ្យ​ចុះ​ជួយ​ពង្រីក​ការ​ដាំ​ដុះ​របស់​ប្រជាពលរដ្ឋ​ពី​សួន​បន្លែ។ ចំណែក​ឯ​ការងារ​ស្វះ​ស្វែងរក​ទីផ្សារ​ដើម្បី​កសិផល​របស់​ខ្មែរ លោក​នឹង​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​ប្រសើរ​ឡើង។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​កសិកម្ម​យល់​ថា ការ​បង្កើត​ក្រុម​ការងារ​នេះ នឹង​គ្មាន​ប្រសិទ្ធភាព ប្រសិន​បើ​បង្កើត​ឡើង​គ្រាន់​តែ​ល្អ​មើល ឬ​គ្មាន​យន្តការ​ច្បាស់លាស់។ ជាង​នេះ​ទៀត អ្នក​ជំនាញ​កសិកម្ម​បាន​ផ្តល់​អនុសាសន៍​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ថា ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឲ្យ​រីក​ចម្រើន ពិសេស​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិផល​ជូន​កសិករ​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​រាល់​ឧបសគ្គ​ក្នុង​វិស័យ​កសិកម្ម សំខាន់​គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ ដែល​ជា​កត្តា​រាំង​ស្ទះ​ចម្បង​ដល់​ដំណើរ​ការ​ផលិតកម្ម​កម្ពុជា។ ជាង​នេះ​ទៀត រដ្ឋាភិបាល​គួរ​តែ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​បណ្តុះបណ្តាល និង​ដឹក​នាំ​កសិករ​ដល់​មូលដ្ឋាន​ផ្ទាល់​ឲ្យ​ចេះ​សហការ​គ្នា និង​ចេះ​ផលិត​ទាន់​តម្រូវ​ការ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។