អ្នក​ជំនាញ​ណែនាំ​ឲ្យ​កសិករ​ជីក​ស្រះ​ដើម្បី​ស្តុក​ទឹក​ទុក​ប្រើប្រាស់

ដោយ អ៊ុំ រង្សី
2015.12.27
អ៊ួន សុផល កសិករ​សេដាក ៦២០ កសិករ​អង្គការ​សេដាក និង​ជា​គ្រូ​ផ្សព្វផ្សាយ​កសិកម្ម​អាស៊ាន លោក អ៊ួន សុផល បង្ហាញ​ពី​ការ​ជីក​ស្រះ​សម្រាប់​ស្តុក​ទឹក​ទុក​ប្រើប្រាស់ នា​ភូមិ​ខ្ជាយ​ខាង​លិច ឃុំ​ដំណាក់សុក្រំ ស្រុក​ដងទង់ ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

កម្ពុជា អាច​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​រយៈពេល ៦​ខែ​ចាប់​ពី​ដើម​ខែ​កុម្ភៈ រហូត​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៦ ដោយសារ​បញ្ហា​រាំង​ស្ងួត។ នេះ បើ​យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ អ្នក​ជំនាញ​ខាង​ទឹក និង​កសិកម្ម បារម្ភ​ថា បញ្ហា​ខ្វះ​ទឹក​នឹង​ធ្វើ​ឲ្យ​រដូវ​កាល​ដាំ​ដុះ​ត្រូវ​ពន្យារ​ពេល ឬ​បង្អាក់​ពេលវេលា​សាបព្រោះ និង​ការ​លូតលាស់​របស់​ស្រូវ។

ទន្ទឹម​គ្នា​នេះ អ្នក​ជំនាញ​បាន​ណែនាំ​ថា ដើម្បី​ឲ្យ​ការ​ដាំដុះ​នៅ​តែ​អាច​ដំណើរ​ការ​មិន​រអាក់រអួល កសិករ​គួរ​ត្រូវ​ជីក​ស្រះ​ទឹក​ទុក​យ៉ាង​តិច​មួយ​ក្នុង​មួយ​គ្រួសារ។

តើ​ស្រះ​ទឹក​ផ្តល់​ផល​ចំណេញ​អ្វី​ខ្លះ​ទៀត​ដល់​កសិករ?

អ្នក​ជំនាញ​កសិកម្ម និង​ជំនាញ​ខាង​ទឹក​យល់​ថា ការ​ធ្វើ​កសិកម្ម​ដែល​រំពឹង​ទឹក​ភ្លៀង ឬ​ហៅ​ថា​កសិកម្ម​ប្រវាស់​មេឃ​នោះ មិន​បាន​អំណោយ​ផល​ដល់​កសិករ​ដែល​មាន​ដី​ស្រែ​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នោះ​ឡើយ។

ខណៈ​អាកាសធាតុ​ប្រែប្រួល ក្ដៅហែង រាំង​ស្ងួត និង​មិន​សូវ​មាន​ភ្លៀង​ធ្លាក់ អ្នក​ជំនាញ​ណែនាំ​ថា កសិករ​ត្រូវ​តែ​ធានា​ថា ក្នុង​កសិដ្ឋាន​ត្រូវ​តែ​មាន​ស្រះ​ទឹក និង​លើក​ភ្លឺ​ស្រែ​ខ្ពស់ៗ​សម្រាប់​ទប់​ទឹក​ទុក ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ការ​ដាំដុះ​ស្រូវ​វស្សា​ឆ្នាំ​ក្រោយ។

ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករ​ថា កម្ពុជា អាច​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​រយៈពេល ៦​ខែ ចាប់​ពី​ដើម​ខែ​កុម្ភៈ រហូត​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៦ ដោយសារ​បញ្ហា​រាំង​ស្ងួត។ ការ​ព្យាករ​នេះ ក្រសួង​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។

ការ​ព្យាករ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បង្ហាញ​ថា បញ្ហា​រាំង​ស្ងួត​នេះ ដោយសារ​កម្ពុជា ទទួល​រង​នូវ​បាតុភូត​អេលនីណូ (El Nino) ដែល​អាច​នឹង​បង្ក​ឲ្យ​រដូវ​វស្សា​មក​ដល់​យឺត ហើយ​ដើម​រដូវ​វស្សា​នឹង​មាន​ភ្លៀង​ធ្លាក់​តិច មាន​បាតុភូត​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​កើត​ឡើង​ច្រើន​ជាដើម ប៉ុន្តែ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​វិញ ដោយសារ​មាន​បាតុភូត​ថ្មី​ឡានីណូ (La Nina) មាន​ឥទ្ធិពល​មក​លើ​កម្ពុជា។

ដោយ​មើល​ឃើញ​បញ្ហា​នេះ ប្រធាន​សហគមន៍​កសិករ​អភិវឌ្ឍន៍​កែច្នៃ​បន្លែ​សរីរាង្គ និង​ជា​ប្រធាន​កសិករ​ឆ្នើម​របស់​អង្គការ​សេដាក (CEDAC) លោក ស៊ឹម រ៉ុម បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ជា​រៀង​រាល់​ឆ្នាំ កសិករ​ជាច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទឹក​សម្រាប់​ដាំ​ដុះ​ស្រូវ​វស្សា។ លោក​ថា បញ្ហា​ខ្វះ​ទឹក​ធ្វើ​ឲ្យ​រដូវ​កាល​ដាំ​ដុះ​ត្រូវ​ពន្យារ​ពេល ឬ​បង្អាក់​ពេលវេលា​សាបព្រោះ និង​ការ​លូតលាស់​របស់​ស្រូវ។ លោក​បន្ត​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កម្ដៅ​ថ្ងៃ​ក្តៅ​ខុស​ពី​ធម្មតា ធ្វើ​ឲ្យ​ដី​ស្រែ​កាន់​តែ​ស្ងួត​ទឹក បើ​កសិករ​មិន​ចេះ​បែង​ចែក​ដី​ជា​ផ្នែក​តូចៗ​ទេ ទឹក​ក្នុង​ស្រែ​មិន​អាច​បែង​ចែក​បាន​គ្រប់គ្រាន់​ក្នុង​ដី​ទំហំ​ធំ​នោះ​ឡើយ។ មូលហេតុ​នេះ លោក​ជំរុញ​ឲ្យ​កសិករ​គួរ​នាំ​គ្នា​ជីក​ស្រះ​ក្នុង​ស្រែ ឬ​នៅ​ក្បែរ​ផ្ទះ ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម ធានា​សន្តិសុខ​ស្បៀង​សម្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន៖ «មិន​ចាំបាច់​តែ​ឆ្នាំ​ហ្នឹង ឬ​ឆ្នាំ​ក្រោយ ដែល​ត្រូវ​ជួប​ប្រទះ​ការ​រាំង​ស្ងួត​នោះ ធម្មតា​ការ​ប្រកប​មុខ​របរ​កសិកម្ម តែង​តែ​គិតគូរ​ខ្លាំង​បំផុត​ពី​ការ​ស្តុក​ទឹក ដើម្បី​ធ្វើ​ការងារ​កសិកម្ម ដើម្បី​ត្រៀម​ទប់ទល់​នឹង​ឧបសគ្គ​ទាំងឡាយ ពិសេស​នៅ​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត​ម្តងៗ កសិករ​ត្រូវ​តែ​ជីក​ស្រះ​ទឹក​ទុក​យ៉ាង​តិច​ឲ្យ​បាន​មួយ ដើម្បី​ជួយ​កសិករ​បាន​ខ្លះ»

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ បាន​ណែនាំ​ថា ដើម្បី​ជីក​ស្រះ​ដើម្បី​រក្សា​ទឹក​ទុក​បាន​យូរ កសិករ​ត្រូវ​ជីក​ស្រះ​ទឹក​ទុក​យ៉ាង​តិច​បំផុត​មាន​ជម្រៅ​ចាប់​ពី ៣​ម៉ែត្រ​ឡើង​ទៅ ដែល​មាន​បណ្តោយ ១២​ម៉ែត្រ និង​ទទឹង ១០​ម៉ែត្រ ឬ​លើស​ពី​នេះ។ លោក​ថា កសិករ​គួរ​ជ្រើសរើស​ដី​ជីក​ស្រះ​នៅ​ក្បែរ​ផ្ទះ ឬ​ដី​ស្រែ​ណា​មួយ ដើម្បី​ងាយ​គ្រប់គ្រង​ទឹក។

លោក​បញ្ជាក់​ថា បើ​កសិករ​មាន​ស្រះ​ទឹក​គ្រប់​គ្រួសារ វា​ជួយ​បាន​ច្រើន​ដល់​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម និង​បំពេញ​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ផង​ដែរ៖ «ស្រះ​គួរ​តែ​ជីក​ជម្រៅ​ចាប់​ពី ៣​ម៉ែត្រ​ឡើង​ទៅ ហើយ​ស្រះ​ទឹក​ហ្នឹង​គួរ​តែ​នៅ​ក្បែរ​ផ្ទះ ដើម្បី​ងាយ​ស្រួយ​ឲ្យ​ងាយ​បញ្ចូល​ទឹក ដូចជា​ពី​ទ ពី​សំយាប​ផ្ទះ នៅ​ពេល​មាន​ភ្លៀង​ម្តងៗ ជួយ​ផ្សែផ្សំ​គ្នា​ខ្លះ យ៉ាង​ហោច​ណាស់​យើង​អាច​ជួយ​សង្គ្រោះ​សំណាប​នៅ​ពេល​រដូវ​រាំង​ស្ងួត​បាន​ដែរ»

បន្ថែម​លើ​នោះ នាយក​មជ្ឈមណ្ឌល​សេវាកម្ម​ធារាសាស្ត្រ លោក សេង សុភ័ក ឲ្យ​ដឹង​ថា ផល​ប្រយោជន៍​នៃ​ការ​ជីក​ស្រះ​នាំ​ឲ្យ​កសិករ​ចំណេញ​ទឹក​ប្រើប្រាស់​ផង សត្វ​ចិញ្ចឹម​មាន​ប្រយោជន៍​កើត​ច្រើន​ផង ពិសេស​ទៅ​ទៀត​នោះ កសិករ​ក៏​អាច​ដាំ​បន្លែ​ក្នុង​ស្រះ​ដែល​ជីក​នោះ​បាន​ដែរ។ លោក​ថា ក្រៅ​ពី​ជីក​ស្រះ​ក្នុង​ស្រែ កសិករ​អាច​ជីក​ប្រព័ន្ធ​ប្រឡាយ​ទឹក​តូច​ព័ទ្ធ​ជុំវិញ​ដី​ស្រែ​របស់​ខ្លួន បង្ការ​ការ​ខ្វះ​ទឹក​ជា​យថាហេតុ។ អ្នក​ជំនាញ​ខាង​ទឹក​រូប​នេះ ក៏​បាន​ណែនាំ​ដែរ​ថា ក្រៅ​ពី​ជីក​ស្រះ​ទុក កសិករ​ក៏​ចេះ​សន្សំ​សំចៃ​ទឹក ត្រូវ​មាន​អាង​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ និង​ប្រើប្រាស់​លើ​ផល​ដំណាំ​កសិកម្ម​ផង​ដែរ តែ​កសិករ​ក៏​ត្រូវ​គិត​ពី​បរិមាណ​ពូជ​ស្រូវ​ដែល​នឹង​ត្រូវ​វិនិយោគ​បន្ថែម​ទៀត​នៅ​រដូវ​ខ្វះ​ទឹក ដើម្បី​កុំ​ឲ្យ​ចំណាយ​ច្រើន​លើ​ពូជ ឬ​ជី​កសិកម្ម​កាន់​តែ​ច្រើន៖ «កសិករ ឬ​អាជ្ញាធរ គួរ​តែ​សហការ​គ្នា​ទប់​ទំនប់​ទឹក​ទុក ជីក​ស្រះ ស្ដារ​ប្រឡាយ ដើម្បី​កុំ​ឲ្យ​ទឹក​ហ្នឹង​ចេះ​តែ​ហូរ​អស់ ចឹង​ហើយ​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​ច្បាស់ កុំ​ឲ្យ​វា​ធ្លាយ ព្រោះ​កន្លង​មក​យើង​តែងតែ​បណ្តែតបណ្តោយ​ទឹក​ឲ្យ​ហូរ​ចោល»

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៤ របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាង​គេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​នេះ។ ករណី​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ ជាដើម។ ជាង​នេះ​ទៀត បើ​តាម​តួលេខ​ព្យាករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​រវាង​ពី​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ការ​ប្រែប្រួល​អាកាសធាតុ នឹង​អាច​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​បន្ថែម​ប្រមាណ​ជាង ២៥​ម៉ឺន​នាក់ (២៥០.០០០​នាក់) ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ​ជិត ៤​ម៉ឺន​នាក់ (៣៨.០០០​នាក់) ស្លាប់​ដោយសារ​កម្ដៅ​ខ្លាំង ជិត ៥​ម៉ឺន​នាក់ (៤៨.០០០​នាក់) ដោយ​ការ​រាករូស ៦​ម៉ឺន​នាក់​ដោយ​រោគ​គ្រុនចាញ់ និង​ជិត ១០​ម៉ឺន​នាក់ (៩៥.០០០​នាក់) ជា​កុមារ​ដោយសារ​កង្វះ​ចំណី​អាហារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពី​បញ្ហា​រាំង​ស្ងួត ដោយសារ​កម្ពុជា ទទួល​រង​នូវ​បាតុភូត​អេលនីណូ (El Nino) បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៤ ធ្នូ។ ប៉ុន្តែ លោក ចាន់ យុត្ថា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ឥទ្ធិពល​នៃ​បាតុភូត​អេលនីណូ (El Nino) កើត​មាន​ឡើង​ដោយសារ​តែ​ការ​កើន​ឡើង​សីតុណ្ហភាព​អតិបរមា​លើ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង និង​នៅ​លើ​ផ្ទៃ​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច ដែល​វា​បាន​ជះ​ឥទ្ធិពល​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ក្របខ័ណ្ឌ​តំបន់ មិន​មែន​តែ​ប្រទេស​កម្ពុជា នោះ​ទេ។ លោក​បញ្ជាក់​ថា ចាប់​ពី​ចុង​ខែ​មេសា ដល់​ចុង​ខែ​មិថុនា រាល់​ឆ្នាំ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ដោយសារ​ឥទ្ធិពល​ប្រព័ន្ធ​ខ្យល់​មូសុង​និរតី ប៉ុន្តែ​ក្រោយ​ទទួល​ឥទ្ធិពល​នៃ​បាតុភូត​អេលនីណូ (El Nino) ខាង​មុខ​នេះ ឥទ្ធិពល​អេលនីណូ (El Nino) នោះ​បាន​គ្រប​ដណ្ដប់​ទៅ​លើ​ប្រព័ន្ធ​ខ្យល់​មូសុង​និរតី ធ្វើ​ឲ្យ​កម្រិត​ទឹក​ភ្លៀង​ធ្លាក់​តិចតួច​បំផុត។ ហេតុ​នេះ កម្ពុជា នឹង​ប្រឈម​បញ្ហា​កង្វះ​ខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ នៅ​តាម​តំបន់​មួយ​ចំនួន ហើយ​រហូត​ដល់​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០១៦ ទើប​បាតុភូត​នេះ​ត្រឡប់​មក​ប្រសើរ​ឡើង​វិញ។

ទន្ទឹម​គ្នា​នេះ សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ធ្នូ ក៏​បាន​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ពិសេស​ប្រជា​កសិករ គួរ​មាន​វិធានការ​ថែ​រក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ រហូត​ដល់​មាន​ភ្លៀង​ធ្លាក់ ព្រោះ​ថា កសិករ​ដែល​ធ្វើ​ស្រូវ​ប្រាំង​នៅ​ឆ្នាំ​២០១៥-២០១៦ គឺ​អាច​ធ្វើ​បាន​តែ​មួយ​ដង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។