បច្ចេកទេស​ដាក់​ជី​ធម្មជាតិ​លើ​ដី​ស្រែ​ឲ្យ​មាន​ប្រសិទ្ធភាព

ដោយ ជិន ជេដ្ឋា
2017-06-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កសិករ​នៅ​​ភូមិ​ល្បើក ឃុំ​នគរភាស ស្រុក​​អង្គរជុំ ខេត្ត​សៀមរាប ច្រូតស្រូវ​រដូវ​វស្សា កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
កសិករ​នៅ​​ភូមិ​ល្បើក ឃុំ​នគរភាស ស្រុក​​អង្គរជុំ ខេត្ត​សៀមរាប ច្រូតស្រូវ​រដូវ​វស្សា កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ជី​ធម្មជាតិ គឺ​សំដៅ​ដល់​អាចម៍​គោ​ក្របី ស្លឹក​ឈើ និង​កាក​សំណល់​ផ្សេង​ទៀត​ដែល​កសិករ​ប្រមូល​ទុក​ចាក់​ស្រែ​នៅ​រៀង​រាល់​ដើម​រដូវ​វស្សា។ តើ​កសិករ​ត្រូវ​ប្រើ​ជី​ដូចម្ដេច ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម?

ដំណាំ​គ្រប់​ប្រភេទ​ដែល​ធ្វើ​នៅ​លើ​ផ្ទៃដី​ដដែលៗ ត្រូវ​បន្ថែម​ជី​ធម្មជាតិ ឬ​ជី​គីមី​ជា​ប្រចាំ​ដែរ ដើម្បី​រក្សា​ទិន្នផល ឬ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​ល្អ។ បច្ចុប្បន្ន បរិមាណ​ជី​ធម្មជាតិ​ដែល​កសិករ​ប្រមូល​យក​ទៅ​ចាក់​ក្នុង​ស្រែ​មាន​តិចតួច ដោយ​កសិករ​និយម​ប្រើ​ជី​គីមី​ជំនួស​វិញ។ បរិបទ​នេះ ដោយសារ​កសិករ​ប្ដូរ​ទម្លាប់​ពី​ការ​ចិញ្ចឹម​គោ​ក្របី​យក​អាចម៍​ចាក់​ស្រែ និង​ធ្វើ​ជា​កម្លាំង​អូស​ទាញ មក​ប្រើ​គោយន្ត​ជំនួស​វិញ។

មន្ត្រី​ជំនាញ​កសិកម្ម លើក​ទឹក​ចិត្ត​ឲ្យ​កសិករ​ប្រើ​ជី​ធម្មជាតិ ដើម្បី​កែលំអ​ដី ឬ​បំប៉ន​ដំណាំ ខណៈ​កសិករ​ខ្លះ​នៅ​ប្រកាន់​ខ្ជាប់​ការ​ប្រើប្រាស់​ជី​ធម្មជាតិ​ដាក់​ស្រែ​របស់​ពួក​គេ​រាល់​ឆ្នាំ ប៉ុន្តែ​ដាក់​មិន​បាន​ត្រឹមត្រូវ។

ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ជា សុផុន មាន​ប្រសាសន៍​ថា កសិករ​មាន​ទម្លាប់​យក​ជី​អាចម៍​គោ​ក្របី និង​ស្លឹក​ឈើ​ដែល​គាត់​ប្រមូល​ទុក​ក្នុង​រណ្ដៅ​ជី​សម្រាប់​ដាក់​ស្រែ​ប្រចាំ​ឆ្នាំ​នោះ ទៅ​ចាក់​ក្នុង​ស្រែ​តាំង​អំឡុង​ខែ​មេសា ឬ​ក្រោយ​នេះ​បន្តិច។ លោក​ថា ទម្លាប់​ប្រើ​ជី​បែប​នេះ គឺ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ឡើយ៖ «ការ​ដាក់​ជី​ក្នុង​ស្រែ​នៅ​មុន ឬ​ក្រោយ​ចូល​ឆ្នាំ ឬ​ពេល​ទំនេរ គឺ​ទី​១ គាត់​គិត​ថា​ពេល​គាត់​ទំនេរ ហើយ​ទី​២ ទៀត ពេល​ភ្លៀង​ខ្លាច​ជាប់​ផុង​រទេះ ឬ​ពិបាក​យក​ជី​ទៅ​ដាក់​ក្នុង​ស្រែ។ នេះ​ជា​កត្តា​សត្យានុម័ត​មួយ​ដែល​យើង​មិន​អាច​ទប់ស្កាត់​បាន​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ចង់​ឲ្យ​កសិករ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​ខ្លះ ដូច​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ជី​ជា​មុំ​ចង្ក្រាន ហើយ​កាប់​ដី​ស្រទាប់​លើ​មក​គ្រប​ជី​ហ្នឹង​ឲ្យ​ជិត»

ក្នុង​ករណី​ដែល​កសិករ​នៅ​មាន​ទម្លាប់​ចាក់​ជី​អាចម៍​គោ​ក្របី​នៅ​ពេល​ក្ដៅ​ហួតហែង ត្រូវ​ជីក​អាចម៍​ដី​ស្រទាប់​លើ​ទៅ​គ្រប​ជី​ដែល​បាន​ចាក់​ក្នុង​ស្រែ​នោះ ដើម្បី​កុំ​ឲ្យ​អាសូត​ដែល​មាន​ក្នុង​ជី​នោះ ត្រូវ​ក្ដៅ​ហើរ​អស់។ ទោះ​ជា​យ៉ាង​ណា កសិករ​គួរ​កើប​ជី​ពី​ផ្ទះ​ទៅ​ចាក់​ស្រែ​មុន​ពេល​ភ្ជួរ​ដាស់​ដី​លើក​ទី​១ ត្រឹម​រយៈពេល ១​ថ្ងៃ ឬ ២​ថ្ងៃ​យ៉ាង​យូរ ព្រោះ​មិន​ចាំបាច់​ហត់​ជីក​ដី​លុប និង​មិន​បារម្ភ​ខ្លាច​បាត់​គុណភាព​ជី​នោះ​ទេ។

លោក ជា សុផុន ណែនាំ​ឲ្យ​កសិករ​បែងចែក​ផ្ទៃដី​ស្ទូង​ស្រូវ​ជា​បី​ផ្នែក ឬ​កំណត់​តាម​ទំហំ​ដី​ជាក់ស្ដែង​ឲ្យ​សម​ល្មម​នឹង​បរិមាណ​ជី​ដែល​មាន​ប្រចាំ​ឆ្នាំ ដើម្បី​ធានា​ថា រយៈពេល​បី​ឆ្នាំ​ម្ដង កសិករ​មាន​ជី​ធម្មជាតិ​ចាក់​លើ​ដី​នោះ​ម្ដង​ទៀត។ ធ្វើ​ដូច្នេះ គឺ​ងាយ​ស្រួល​ទាំង​ការ​ដាក់​ជី​ក្នុង​ស្រែ​បាន​សព្វ​ល្អ ហើយ​កសិករ​មាន​ពេល​ប្រមូល​ជី​គ្រប់​តម្រូវការ ដើម្បី​ចាក់​លើ​ដី​ដែល​បាន​កំណត់​តាម​ប្លង់​នីមួយៗ​នោះ៖ «ឆ្នាំ​ទី​៣ គាត់​ដាក់​នៅ​ផ្នែក​ទី​៣ ដល់​ឆ្នាំ​ទី​៤ គាត់​ត្រូវ​យក​មក​ដាក់​នៅ​ផ្នែក​ទី​១ វិញ។ នេះ​ជា​រយៈពេល​នៃ​ការ​ដាក់​ជី។ បាន​ន័យ​ថា ជី​ធម្មជាតិ​កាលណា​យើង​ដាក់​គ្រប់គ្រាន់ ទើប​វា​អស់​ប្រសិទ្ធភាព»

អាចម៍​គោ​ក្របី និង​សំរាម​ស្លឹក​ឈើ គឺ​ជា​ប្រភេទ​ជី​ធម្មជាតិ​ដែល​មាន​អតិសុខុមប្រាណ​ច្រើន​ជួយ​ឲ្យ​ដី​ធូរ មាន​អាសូត ហើយ​កម្រិត​រលាយ ឬ​អស់​ប្រសិទ្ធភាព​មាន​រយៈពេល​យូរ គឺ​អាច​រហូត​ដល់​បី​ឆ្នាំ។

ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម លោក ជា សុផុន បញ្ជាក់​ថា បើ​កសិករ​មាន​ជី​ធម្មជាតិ​ច្រើន ហើយ​ចាក់​សព្វ​ដី​ទៀងទាត់​រៀង​រាល់​បី​ឆ្នាំ​ម្ដង​ហើយ​នោះ សន្ទូង​របស់​ពួក​គេ​នឹង​លូតលាស់​ល្អ ដោយ​មិន​ចាំបាច់​ប្រើ​ជី​គីមី​បន្ថែម​ឡើយ ប៉ុន្តែ​ក្នុង​ករណី​ដី​ខូច ឬ​ខ្វះ​ជីជាតិ​ដោយ​ចាក់​ជី​ធម្មជាតិ​មិន​ទាន់​គ្រប់គ្រាន់​នោះ កសិករ​ត្រូវ​ប្រើ​ជី​គីមី​បន្ថែម ដើម្បី​បង្កើន​ការ​លូតលាស់​ដំណាំ​សិន៖ «ប្រើ​ជី​ជំនួយ ធ្វើ​ឲ្យ​ការ​លូតលាស់​កាន់​តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង បើ​សិន​ជា​គាត់​បាន​ប្រើ​សម​ស្រប​តាម​ការ​ណែនាំ តាម​កម្រិត​ណែនាំ តាម​ប្រភេទ​ជី តាម​ពេលវេលា បាន​ន័យ​ថា​ធ្វើ​ឲ្យ​ការ​លូតលាស់​ដែល​យើង​ផ្សំ​ជាមួយ​ជី​ធម្មជាតិ ប្រសើរ​ជាង​យើង​ប្រើ​ជី​ធម្មជាតិ​សុទ្ធ»

ចំពោះ​ដី​ស្រែ​នៅ​ក្បែរ​ប្រភព​ទឹក កសិករ​គួរ​ភ្ជួរ​លុប​គល់​ជញ្ជ្រាំង​រួច​ដាំ​បន្លែ​ល្ពៅ និង​ព្រោះ​សណ្ដែកបាយ ជាដើម ដើម្បី​រក្សា​គុណភាព​ដី និង​បន្ថែម​ជី​ជាតិ​លើ​ដី​នោះ ដោយសារ​កាក​សំណល់​បន្លែ ឬ​ដើម​សណ្ដែក ជា​ប្រភព​ជី​ធម្មជាតិ​មួយ​ផ្នែក​ផ្ដល់​ឲ្យ​ដី​កសិកម្ម។ បើ​បាន​អនុវត្ត​របៀប​នេះ​រាល់​ឆ្នាំ កសិករ​ទទួល​បាន​ផល​ប្រយោជន៍​ពីរ គឺ​បាន​ផល​ដំណាំ​ផង និង​មាន​ជី​ក្នុង​ដី​ហើយ​ស្រាប់​សម្រាប់​រដូវ​បន្ទាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល