លោក ប៊ុត រស្មីគង្គា ដែលមានដីចម្ការនៅឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រាថ្នាចង់ដាំដំណាំហូបផ្លែចម្រុះលើដី ៥ហិកតា បានសួរពីវិធីដាំដុះចម្រុះដើមស្វាយ ទាំងស្វាយខ្មែរទាំងស្វាយថៃ ដើមខ្នុរ ចេក ល្ហុង អំពៅ ដំឡូងមី និងដូង ។
ជាបឋមនេះខ្ញុំសូមលើកយកដំណាំស្វាយមកជម្រាប ៖ ស្ដីពីស្វាយ យោងតាមវចនានុក្រមខ្មែរ ស្វាយមានច្រើនប្រភេទស្ទើររាប់ឈ្មោះមិនអស់ មានដូចជាស្វាយកែវ ស្វាយខ្ទិះ ស្វាយពុំសែន ស្វាយក្បាលដំរី ស្វាយល្ហួត ស្វាយពងត្រង ស្វាយចេក ស្វាយទុរេន និងស្វាយអុករ៉ង ដែលជាស្វាយនាំចូលពីសៀម ។
លោក ម៉ឺត ម៉ិល កសិករម្ចាស់ចម្ការស្វាយនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល និងជាសមាជិកក្រុមប្រឹក្សាឃុំកោះខែលផងនោះ ប្រាប់ថាស្វាយពេញនិយមនៅកម្ពុជាសព្វថ្ងៃនេះ គឺស្វាយកែវចិន តែកសិករនិយមដាំកែវល្មៀតជាងដែលជាពូជក្នុងស្រុកមកពីល្វាឯម ហើយដែលលោកគិតថា កសិករចាប់ផ្តើមដាំបន្តៗគ្នាចាប់ពីឆ្នាំ ១៩៩៧ មក ។
លោក ម៉ឺត ម៉ិល បានឲ្យដឹងថា ៖ «ឥឡូវគេកំពុងពេញនិយមកែវល្មៀត ព្រោះអាហ្នឹងមួយរដូវបានពីរដង ។ ថ្លៃមិនប្រហែលកែវចិនទេ ប៉ុន្តែលទ្ធផលរបស់វាបានទទួលផលពីរដងក្នុងមួយឆ្នាំ វាផ្លែជាង បើគុណភាពវិញចាញ់កែវចិនទេ» ។
ស្វាយកែវល្មៀតនេះបើលក់ដើមដៃគេ កសិករអាចបោះដុំបានមួយគីឡូក្រាមដល់ទៅ ២០០០រៀល តែតម្លៃបោះដុំធម្មតា គឺមួយគីឡូក្រាមពី៨០០ ទៅ ១០០០រៀល ។
ស្តីពីការដាំស្វាយ លោក ម៉ឺត ម៉ិល អធិប្បាយថាគេដាំបានពីរវិធីយោងតាមប្រភេទរបស់ដី ៖ «ការដាំដុះវាទៅតាមប្រភេទរបស់ដីដែរ ។ កាលណាដីយើងដីគ្រោះ ដូចដីស្រុកស្រែអ៊ីចឹង គេហៅដីខ្សាច់អ៊ីចឹងទៅមិនសូវសំបូរជីជាតិអាហ្នឹងគេដាំ ៤ម៉ែត្រ ៤ជ្រុងអ៊ីចឹងទៅ ។ បើមកជួរមាត់ទន្លេយើងវិញ អាហ្នឹងគេដាំ ៥ម៉ែត្រ ៦ម៉ែត្រ អ៊ីចឹងទៅ មួយគុម្ពៗ ។ យើងដាំមិនពិបាកស្អីទេ គ្រាន់តែស្រាយកន្ទោងវាចេញ ជីកដីហ្នឹងជម្រៅវាដូចថា កន្លះម៉ែត្រ៤ជ្រុងអ៊ីចឹងទៅ ហើយបាតវាដាក់អាចម៍ប្រចៀវមួយត្រឡោកអ៊ីចឹងទៅ ហើយស្រាយស្បោងចេញដាក់វាចូលលុបដីស្រោចទឹកទៅបានហើយ» ។
លោក ម៉ឺត ម៉ិល ឲ្យដឹងថែមទៀតថា ដាំដីមិនសូវមានជីជាតិគេអាចដាំញឹកបាន ព្រោះដើមមិនសូវធំស្តុក តែបើដាំនៅដីមាត់ទន្លេដែលជាដីមានជីជាតិ ត្រូវដាំឲ្យរង្វើលដើម្បីឲ្យមានចន្លោះរវាងដើម ៖ «យើងនិយាយទៅប្រភេទដីនៅទន្លេយើងដីល្អ កាលណាវាញឹកយើងដាំ ៤ម៉ែត្រដូចស្រុកស្រែទៅអត់បានទេថ្លោស កាលណាថ្លោសមិនផ្លែទេអាហ្នឹង ត្រូវការធាតុអាកាសស្រលះ ខ្យល់ចេញចូលអ៊ីចឹងដែរ ហើយដល់វាញឹកស្អេកទៅវាមិនកើត ។ ហើយបើដីស្រុកស្រែមិនសូវសំបូរជីជាតិវាមិនអាចលាស់រហ័សដូចដីស្រុកទន្លេទេ ។ ស្វាយហ្នឹងកាលណាចាប់ផ្លែហើយមិនសូវជាលូតទៅមុខទេ ព្រោះផ្លែញឹកពេកមួយឆ្នាំ ២ដង រកពេលលាស់សឹងមិនឃើញ» ។
លក្ខណៈពិសេសមួយទៀតរបស់ស្វាយកែវល្មៀត គឺដាំតែ៣ឆ្នាំប៉ុណ្ណោះនឹងបានផ្លែហើយ។ ដាំពីគ្រាប់ឬពីកូនផ្សាំក៏មិនស៊ីពេលលើស៣ឆ្នាំដែរ ៖ «បើយើងបណ្ដុះភ្លាមដាំភ្លាមអាហ្នឹងក៏ ៣ឆ្នាំដែរ បើយើងបណ្ដុះថ្នាលហ្នឹងទុក មួយឆ្នាំកន្លះបានយើងយកទៅ ដើមវាក៏ធំដែរ ប៉ុនកដៃក្មងយកមកដាក់តែមួយឆ្នាំកន្លះផ្លែហើយ ។ អាហ្នឹងកំណត់ដែលខ្ញុំធ្លាប់ដាំមក ៣ឆ្នាំផ្លែហើយ» ។
ចំពោះបងប្អូនកសិករដែលចង់ប្តូរដីស្រែជាចម្ការស្វាយកែវល្មៀត គប្បីលើកដីជាពំនូកដើម្បីដាំ ថ្វីបើស្វាយនេះមិនងាប់ព្រោះទឹកជន់លិច ។
លោក ម៉ឺត ម៉ឹល ពន្យល់ពីហេតុផលដែលត្រូវលើកដីជាកំពូកៗនេះដូច្នេះ ៖ «គេដាំលើកដីកំពូកៗ ចៀសវាងកាលណាយើងដាំទៅ ទឹកលិចមកខ្យលមកវាអាចរលំ ដូច្នេះគេលើកឲ្យខ្ពស់ផុតពីទឹកទៅ ខ្យល់មកវាអត់អីទេ បើកាលណាយើងដាំលិចទឹកក៏វាអត់ងាប់ដែរ ប៉ុន្តែដល់ពេលខ្យល់មកវាអាចរលើងអាហ្នឹង រលើងងាប់ ។ អ៊ីចឹងបានយើងដល់ពេលលិចទឹកអ៊ីចឹងទៅ យើងបោះបង្គោលអីអ៊ីចឹងទៅ ចងឲ្យជាប់ថាកុំដើរកាត់ដំណាំលិចទឹក ដើរកាត់របស់ហ្នឹងមិនងាប់មែន ប៉ុន្តែដល់យើងដើរកាត់ចុះដើរកាត់ឡើងក្នុងពេលលិចទឹកងាប់ វាអាចអ៊ីចឹងដែរ» ។
ចំពោះបងប្អូនកសិករដែលចង់ដាំស្វាយពីគ្រាប់ គឺយកគ្រាប់ទៅដាំតែម្តងនោះ លោក ម៉ឺត ម៉ឹល មានប្រសាសន៍ថា វាជាការពិបាកដាំ ៖ «ពិបាកអ៊ីចេះ កាលណាយើងរៀបដីយើងរូចហើយស្រេច យកគ្រាប់ទៅដាំតាមជួរមួយដែលយើងកំណត់ ឧទាហរណ៍ថា ដីស្រុកទន្លេយើង ៥-៦ម៉ែត្រពីមួយទៅមួយអ៊ីចឹង ហើយយើងយកគ្រាប់ទៅដាក់តែម្ដងវាពិបាកស្រោចទឹកយូរ បើយើងធ្វើស្បោងវាច្រកទៅយើងស្រោចតែម្ដុំហ្នឹងតែម្ដង វាងាយអ៊ីចឹងទេ» ។
តទៅនេះ លោក ម៉ឺត ម៉ឹល អធិប្បាយពីវិធីបណ្តុះគ្រាប់ស្វាយកែវល្មៀត ៖ «យើងយកគ្រាប់ស្វាយហ្នឹង ដែលយើងត្រូវទុកពូជហ្នឹង យើងញ៉ាំហើយភ្លាមអ៊ីចឹង អត់ទុកយូរទេ កាលណាទុកយូរបណ្តាលឲ្យគ្រាប់ហ្នឹងស្អុយ ហូបភ្លាមយើងយកមកវះយកសំបកក្រៅរឹងៗហ្នឹងចេញទៅ វានៅសល់បណ្ដូលវានោះ យើងយកមកដល់ដាក់ឧទាហរណ៍ យើងធ្វើកន្ទោងស្បោងប្លាស្ទិក ញាត់ដីឲ្យពេញហើយ យើងយកគ្រាប់ដែលយើងបកហើយហ្នឹងដាក់ពីលើអ៊ីចឹងទៅ ហើយរោយដីថែមបន្តិចទៀត ស្រោចទឹកទៅ ទុកវាម្ដុំ ។ នេះបើកាលណាយើងចង់ល្អ ដូចស្រុកខ្ញុំមិនបាច់ដាក់ជីទេ ដាក់តែដីល្បាប់ហ្នឹងល្អពេកហើយ បើថាដីយើងអន់ទេ យើងដាក់ក៏លាយជាមួយអាចម៍គោអីអ៊ីចឹង ប្រហែលជា ១០ថ្ងៃដុះហើយ» ។
លោកក្រុមប្រឹក្សាឃុំកោះខែល ប្រាប់ពីលក្ខណៈខុសប្លែកពីស្វាយដទៃរបស់ពូជស្វាយកែវល្មៀត ដែលគ្រាប់មួយគ្រាប់បណ្តុះបានកូនស្វាយច្រើនដើម ៖ «វាអត់គ្រាប់យើងពិបាករកវាថ្លៃ យើងបកមកយកវាមកដាក់លើដីអ៊ីចឹងទៅ ធ្វើថ្នាលវាហើយបាចដីសង្កត់ពីលើទៅទុកឲ្យដុះ ដល់ពេលដុះវាមិនដូចស្វាយដទៃទេ កាលណាដុះ ដុះ ៥-៦ឯណោះ 4-5-6 ហើយយើងឆ្កឹះដល់វាដុះបានមួយចំអាមអ៊ីចឹងយើងចាប់ឆ្កឹះដើម ឆ្កឹះថ្នមៗយកឫស ដោយឡែកៗយកដាំទៅ អាហ្នឹងពេលយើងក្រ ដល់ពេលយើងសំបូរអត់ធ្វើអ៊ីចឹងទេ ដាក់ក្នុងកន្ទោងហើយបើដុះច្រើនកាត់ចោលទុកមួយៗ» ៕
