បច្ចេកទេស​ដាំ​ស្វាយ​កែវល្មៀត (ភាគ​២)

នាទី​កសិកម្ម​ថ្ងៃ​នេះ​សូម​បន្ត​ជូន​វិធីសាស្ត្រ​ដាំ​ដំណាំ​ស្វាយ​ដែល​ភាគ​នេះ លោក សាន សុវិទ្យ នឹង​រៀប​រាប់​អំពី​ការ​ស្រោច​ទឹក​និង​អំពី​ស្វាយ​ដែល​ផ្តល់​ផ្លែ​បាន​ច្រើន​ដង​ក្នុង​មួយ​រដូវ ។

0:00 / 0:00

កាលពី​សប្តាហ៍​កន្លងទៅ​នាទី​កសិកម្ម​បាន​លើក​យក​វិធី​ដាំ​ស្វាយ​កែវល្មៀត​មក​ជម្រាប យោង​តាម​បទពិសោធន៍​របស់​លោក ម៉ឺត ម៉ិល កសិករ​ម្ចាស់​ចម្ការ​ស្វាយ​នៅ​ភូមិ​ព្រែកប៉ាង ឃុំ​កោះខែល ស្រុក​ស្អាង ខេត្ត​កណ្តាល និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​កោះខែល ។

មាន​មិត្ត​អ្នក​ស្តាប់​ខ្លះ​ចង់​ជ្រាប​ពី​ការ​ស្រោច​ទឹក​កូន​ស្វាយ ថា​តើ​ត្រូវ​ស្រោច​ច្រើន​ឬ​តិច មួយ​ថ្ងៃ​ប៉ុន្មាន​ដង ? ៖ «មួយ​ថ្ងៃ​ស្រោច​តែ​ម្ដង​បាន​ហើយ ឲ្យ​តែ​ស្រោច​វា​ជោក​តែម្ដង​ហើយ ២-៣ថ្ងៃ​ទៀត​ចាំ​ស្រោច​ទៀត»

បាទ​លោក ម៉ឹត ម៉ិល បញ្ជាក់​ថា​បើ​ស្រោច​ជោកជាំ​ហើយ ២​-​៣​ថ្ងៃ​ស្រោច​ម្តង​ក៏​បាន ។

សូម​ជម្រាប​ថា​តាម​ក្បួន​ដាំ​ស្វាយ​ខ្លះ គេ​ឲ្យ​ស្រោច​ទឹក​ឲ្យ​មាន​ត្រឹម​សំណើម​ល្មម​សម្រាប់​កូន​ស្វាយ​ដែល​បណ្តុះ​ក្នុង​ស្បោង​ឬ​ថង់​ប៉្លាស្ទិក ដើម្បី​ឲ្យ​ទឹក​ក្នុង​ស្បោង​ឆាប់​ហួត​ដែល​នឹង​ធ្វើ​ឲ្យ​ដើម​កូន​ស្វាយ​រឹង​លឿន​ជាង​ការ​ស្រោច​ទាល់តែ​ជោកជាំ ។ បើ​បណ្តុះ​ផ្ទាល់​ក្នុង​រង​បណ្តុះ​អស់​លោក​អ្នក​ចាំ​បាច់​ត្រូវ​ត្រួតពិនិត្យ​មើល​ជា​និច្ច​កុំ​ទុក​ឲ្យ​ដី​ស្ងួតហែង ។ កូន​ស្វាយ​ដែល​ដាក់​ដាំ​ក្នុង​ចម្ការ​ហើយ​ត្រូវ​មាន​ការ​ស្រោច​ទឹក​ជា​ប្រចាំ ព្រោះ​ស្វាយ​ដែល​ទើប​ដាំ​ថ្មីៗ ឫស​របស់​វា​នៅ​មិន​ទាន់​រឹងមាំ​តែ​​គួរ​ប្រយ័ត្ន​កុំ​ស្រោច​ឲ្យ​ជោក​ពេក ព្រោះ​ការ​នេះ​នឹង​ធ្វើ​ឲ្យ​កូន​ស្វាយ​ចាក់​ឫស​យឺត ។ ចាំ​ដល់​ស្វាយ​​ចាប់ផ្តើម​ចេញ​ស្លឹក​ថ្មី​មាន​ទាំង​ស្លឹក​ខ្ចី​-​ស្លឹក​ចាស់​ទើប​វា​ត្រូវការ​ទឹក​ច្រើន ។

ទោះជា​យ៉ាងណា​ក៏ដោយ​តាម​ការ​សង្កេត​របស់​លោក ម៉ឺត ម៉ឹល នៃ​ក្រុម​ប្រឹក្សា​ឃុំ​កោះខែល ស្វាយ​កែវល្មៀត ជា​ពូជ​ស្វាយ​ដែល​មិន​រលាំ​ទឹក អាច​ដាំ​បាន​តាម​ទី​ទំនាប ៖ «ស្វាយ​ហ្នឹង​អត់​ចេះ​រលាំ ខ្ញុំ​ដាំ​នៅ​លើ​ដី​ទួល​ទេ ដី​លើក ប៉ុន្តែ​មាន​ពេល​ខ្លះ​គេ​ដាំ​ដី​លិច​ទឹក លិច​ត្រឹម​ជង្គង់​អី ដល់​ពេល​អ៊ីចឹង​កុំ​ដើរ​កាត់​វា បើ​បង្គោល​បោះ​ឲ្យ​ត្រឹមត្រូវ​អត់អី​ទេ លិច​ត្រឹម​ជង្គង់ មិន​អី​ទេ អត់​រលាំ​ទេ»

កាលពី​សប្តាហ៍​កន្លងទៅ​លោក ម៉ឺត ម៉ឹល បាន​ជម្រាប​ថា​ស្វាយ​កែវល្មៀត​ល្អ អាច​ផ្តល់ផល​មួយ​ឆ្នាំ​បាន​២​ដង ៖ «ឥឡូវ​គេ​កំពុង​ពេញនិយម​កែវល្មៀត ព្រោះ​អាហ្នឹង​មួយ​រដូវ​បាន​ពីរដង តែ​ថ្លៃ​មិន​ប្រហែល​កែវចិន​ទេ ប៉ុន្តែ​លទ្ធផល​របស់​វា​បាន​ទទួល​ផល​ពីរដង ក្នុង​មួយ​ឆ្នាំ​វា​ផ្លែ​ជាង» ។

ក៏ប៉ុន្តែ​ការ​ចេញ​ផ្លែ​បាន​២​ដង​ក្នុង​១​ឆ្នាំ​នេះ​ពុំមែន​ជា​ធម្មជាតិ​ឬ​លក្ខណៈ​ពិសេស​អ្វី​របស់​ស្វាយល្មៀត​នេះ​ឡើយ ។

លោក ម៉ឹក ម៉ឺត ប្រាប់​ថា​ផ្លែ​២​ដង​ព្រោះ​ប្រើ​ថ្នាំ ៖ «ស្វាយ​ដាំ​ទៅ​ដែល​វា​ផ្លែ​ពីរ​ដង​ទៅ មិន​មែន​ថា​កំណើត​វា​ផ្លែ​អ៊ីចឹង​ទេ អានេះ​បាញ់​ថ្នាំ​វិទ្យាសាស្រ្ត​គេ គេ​ធ្វើ​វា​ឲ្យ​ផ្លែ​បាន​ពីរ​ដង​ក៏​ប៉ុន្តែ ការ​ផ្លែ​ច្រើន​ហ្នឹង​ឆាប់​ងាប់ ម៉េច​ក៏​អត់​ទាន់​មាន​ដឹង​ព្រោះ​អត់ទាន់​មាន​ឃើញ​ងាប់»

ស្តីពី​ការ​ដាំ​ស្វាយ​ហើយ​ចេញ​ផ្លែ​ច្រើន​ដង​ក្នុង​មួយ​ឆ្នាំ មាន​ពូជ​ស្វាយ​មួយ​ប្រភេទ​ដែល​បង្កាត់​ដោយ​អ្នកជំនាញ​ខាង​កសិកម្ម​ថៃ ឈ្មោះ​ថា ណាមដក​ម៉ាយ​ថៈវ៉ាយ​លេខ​៤ ដែល​ហៅ​កាត់​ខ្លីៗ​ថា​ស្វាយ​ណាមដកម៉ាយ ។ ស្វាយ​នេះ​អាច​ចេញ​ផ្កា​ហើយ​ជាប់​ផ្លែ​បាន​៣​ដង​ក្នុង​មួយឆ្នាំ ។

ក្នុង​រយៈពេល​ដែល​ដើម​វា​លូតលាស់​ពេញ​ទី​ហើយ​នោះ ស្វាយ​ណាមដកម៉ាយ មាន​ការ​លូតលាស់​ខុសប្លែក​ពី​ការ​លូតលាស់​របស់​ស្វាយ​ទូទៅ គឺ​ផ្កា​លើក​ទី​១​នៅ​ដើម​រដូវភ្លៀង គឺ​ផ្កា​ខុស​រដូវ ផ្កា​លើក​ទី​២ នៅ​ចុង​រដូវ​ភ្លៀង ហើយ​លើក​ទី​៣​នៅក្នុង​រដូវ​រងា​ដែល​ជា​ពេល​ចេញ​ផ្កា​ធម្មតា​របស់​ស្វាយ​ទូទៅ​ដែល​ចេញផ្កា​តែម្តង​គត់​ក្នុង​អំឡុងពេល​មួយ​ឆ្នាំ គឺ​នៅក្នុង​រដូវ​រងា​នេះ​ដោយ​នៅ​រដូវ​ភ្លៀង​ស្វាយ​ទូទៅ​តែងតែ​លូត​លាស់​ផ្នែក​មែកធាង​ត្រួយ​ស្លឹក ។ ក៏ប៉ុន្តែ​សម្រាប់​ស្វាយ​ណាមដកម៉ាយ ទន្ទឹម​នឹង​បែក​មែក​ធាង​ត្រួយ​ស្លឹក វា​ក៏​បែក​ទង​ផ្កា​ផង​ដែរ ។

សម្រាប់​ពូជ​ស្វាយ​ណាមដកម៉ាយ​ថៈវ៉ាយ​នេះ រយៈកាល​ផ្តល់​ផល​ដូចតទៅ​លើក​ទី​១ ៖ ស្វាយ​នេះ​ចេញ​ផ្កា​ក្នុង​រដូវ​រងា គឺ​ប្រមាណ​ខែ​ធ្នូ លុះ​ដល់​ខែ​មករា​ស្វាយ​ណាមដកម៉ាយ​នេះ​នឹង​ជាប់​ផ្លែ​បាន​ល្អ​បំផុត ។ លើក​ទី​២ ៖ ជា​ការ​ចេញ​ផ្កា​ខុស​រដូវកាល​ដែល​ថៃ​ហៅថា​ថៈវ៉ាយ នៅ​ខែ​កញ្ញា​ដល់​តុលា​លើក​ទី​៣ ជា​ការ​ចេញ​ផ្កា​ខុស​រដូវ​ម្តង​ទៀត នៅ​ដើម​ខែ​ឧសភា​ដល់​ខែ​មិថុនា ។ក្នុង​អំឡុងពេល​ចុង​ក្រោយ​នេះ ស្វាយ​ណាមដកម៉ាយ ផ្តល់​ផល​តិច​បំផុត ។

ខ្ញុំ​គិត​ថា​ពូជ​ស្វាយ​នេះ​ប្រហែល​ជា​អាច​រក​ទិញ​បាន​ពី​កសិករ​ខ្មែរ​នៅ​បាត់ដំបង និង​បន្ទាយមានជ័យ​តែ​សូម​អភ័យទោស​ដែល​ខ្ញុំ​មិនស្គាល់​អាសយដ្ឋាន​ចម្ការ​ដែល​មាន​លក់​កូន​ពូជ​ស្វាយ​ណាមដកម៉ាយ ថៈវ៉ាយ​លេខ​៤​នេះ ៕