ជោគជ័យ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​អង្គការ​នៅ​ខេត្ត​តាកែវ

2008-08-24

កសិករ​ខ្មែរ​ដែល​ភាគច្រើន​លើសលប់​បាន​ឆ្លង​កាត់​សេចក្តី​លំបាក​វេទនា​ពី​សង្គ្រាម​ច្រើន​ទសវត្សរ៍​នោះ មាន​មួយ​ចំនួន​បាន​ទទួល​ការជួយ​អនុគ្រោះ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម​និង​បសុសត្វ ។ ក្នុង​នាទី​កសិកម្ម​ថ្ងៃនេះ លោក សាន សុវិទ្យ សូម​ណែនាំ​អំពី​ជោគជ័យ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​អង្គការ​សិលអាហ្រ្គិដ និង​ហីហ្វ័រ​​នៅ​​ខេត្តតាកែវ ។

«ខ្ញុំ​អត់​មាន​ទេ​មុន​ដំបូង ទៅ​រៀន​តស៊ូ​ជិះ​កង់​សុទ្ធ និយាយ​ពី​ប្រវត្តិ​ខ្ញុំ ។ ឥឡូវ​ជីវភាព​ខ្ញុំ​ធូរធារ​មាន​បាន​ម៉ូតូ ០៧ មួយ ហើយ​មាន​ម៉ាស៊ីន​បូម​ទឹក មាន​ទូរទស្សន៍ មាន​ម៉ាញ៉េ​អី មាន​គ្រប់» ៖ នេះ​គឺ​សំឡេង​លោក ទុយ បូ មេ​គ្រួសារ​កសិករ​មួយ​រូប​នៅ​ភូមិ​ក្រោម ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ ដែល​បាន​ចូល​ជា​សមាជិក​សហគមន៍​អភិវឌ្ឍន៍​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ការចិញ្ចឹម​សត្វ និង​កសិកម្ម ហៅ​កាត់​ថា សិលអាហ្គ្រិដ (CelAgrid) សហការ​ជាមួយ​អង្គការ​ហីហ្វ័រ​អន្តរជាតិ។
ជីវិត​របស់​លោក ទុយ បូ និង​ភរិយា​អ្នកស្រី នេត្រ ថូ ព្រមទាំង​កូន​ៗ ៦​នាក់ បាន​ធូរធារ​ស្រួល​បួល​ជាង​មុន ព្រោះ​តែ​មាន​អន្តរាគមន៍​ពី​សិលអាហ្គ្រិដ និង​អង្គការ​ហីហ្វ័រ​នេះ ។
សហគមន៍​អភិវឌ្ឍន៍​ភូមិ​ក្រោម​ទើប​នឹង​បាន​ត្រូវ​បង្កើត​ឡើង​កាល​ពី​មិន​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ប៉ុណ្ណោះ ៖ «ក្នុង​សហគមន៍​របស់​ខ្ញុំ​ហ្នឹង ឆ្នាំ ២០០៦ ។ សហគមន៍​ខ្ញុំ​ដំណើរការ​ក្រោយ​គេ»
ក៏ប៉ុន្តែ​សមាជិក​សហគមន៍ ដែល​ក្នុង​ដំណាក់កាល​ដំបូង​មាន​គ្នា​ជាង ២០​គ្រួសារ មាន​កម្រិត​ជីវភាព​ប្រសើរ​ឡើង​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់ ។
ខ្ញុំ​បាន​សួរ​លោក ទុយ បូ ថា តើ​សហគមន៍​បាន​ទទួល​អ្វី​ខ្លះ​ពី​ការចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​សិលអាហ្គ្រិដ និង​អង្គការ​ហីហ្វ័រ លោក ទុយ បូ រៀបរាប់​ប្រាប់​ដូច្នេះ ៖ «ក្នុង​សហគមន៍​ហ្នឹង មុន​ដំបូង​បាន​ជ្រូក បន្ទាប់​មក​បាន​មាន់ ។ មុន​នឹង​បាន​ជ្រូក បាន​ពូជ​ដំណាំ ពូជ​ត្រី ហើយ​បាន​មាន់ អង្គការ​ជួយ​ជា​ថវិកា​ធ្វើ​ជា​ទ្រុង​មាន់ ព្រោះ​អី​ការពារ​ជំងឺ​ផ្ដាសាយបក្សី ។ ហើយ​ផ្ដល់​ជា​កូន​គោ ហើយ​ឥឡូវ​ថ្មី​ៗនេះ ជួយ​ជា​ទុន​ស្រូវ ថិវកា​ឲ្យ​ខ្ចី​ដោយ​អត់​យក​ថវិកា​ទេ»
ជា​លទ្ធផល​តើ​ខណៈនេះ​ផ្ទះ​លោក ទុយ បូ បាន​ទទួល​អ្វី​ខ្លះ​ទៅ ? លោក ទុយ បូ បាន​ប្រាប់​ដូច្នេះ ៖ «ឥឡូវ​នេះ​គោ​មាន ៦​ក្បាល ជ្រូក​មាន ២​ក្បាល ខ្ញុំ​លក់​ថ្ងៃ​មុន​អស់​ហើយ នៅ​សល់​២ ហើយ​មាន់​នៅ ប្រហែល​ជា ២០​ក្បាល ។ និយាយ​ពី​ជ្រូក កាល​កើត​មក​ខ្ញុំ​ផ្ទេរ​ទៅ​សហគមន៍​វិញ បាន​ជ្រូក​២ ។ ខ្ញុំ​នៅ​ជាប់​ចំណង​សង​សហគមន៍ ជ្រូក​២​ទៀត ហើយ​គោ​ទើប​ផើម ដល់​កូន ខ្ញុំ​ត្រូវ​ផ្ទេរ​បន្ត​ទៅ​ប្រជាជន ក្រោយ​ៗ​ទៀត ក្នុង​សហគមន៍​ហ្នឹង»
យោង​តាម​ការ​អធិប្បាយ​របស់​លោកទុយ បូ គេ​អាច​យល់​បាន​ថា គម្រោង​អភិវឌ្ឍន៍​នេះ​មាន​ដាក់ លក្ខខណ្ឌ​ដល់​សមាជិក។ តើ​លក្ខខណ្ឌ​នោះ​មាន​អ្វី​ខ្លះ? លោក ទុយ បូ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «លក្ខខណ្ឌ​គោ​ទី​១ ផ្ទេរ​ទៅ​ឲ្យ​សហគមន៍​របស់​យើង ដល់​គោ​ទី​២ យើង​ម្ចាស់​ទទួល​ទុន យើង​ត្រូវ​យក​កូន​គោ ហើយ​ដល់​កូន​ទី​៣ យើង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អង្គការ ។ អង្គការ​ហ្នឹង បន្ទាប់​ពី​បាន​កូន​គោ​ហ្នឹង​ហើយ យក​ទៅ​លក់ ឧទាហរណ៍​បាន ១​លាន​រៀល គាត់​យក ៦០​ម៉ឺន​រៀល ហើយ​ទុក ៤០​ម៉ឺន​រៀល ប្រគល់​មក​ឲ្យ​សហគមន៍​យើង សម្រាប់​ទុក​ដាក់​ជា​ប្រាក់​សន្សំ​ខ្លួន​ឯង»
សិលអាហ្គ្រិដ​ដែល​សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ផ្នែក​កសិកម្ម​នៅ​ច្រើន​ប្រទេស​ដូចជា​សកលវិទ្យាល័យ​ក្រុង​ខនកែន និង​ឈាងម៉ៃ​ប្រទេស​ថៃ សកលវិទ្យាល័យ​ក្រុងវ៉េ និង​កាន់ធើ​ព្រមទាំ​សកលវិទ្យាល័យ​កសិកម្ម និង​វនសាស្ត្រ ប្រទេស​យៀកណាម វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ផ្នែក​ព្រៃឈើ​និង​កសិកម្ម​ប្រទេស​លាវ សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​ប្រទេស​ស៊ុយអែដ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ការចិញ្ចឹមសត្វ​អន្តរជាតិ ។ល។ បាន​ទទួល​កិច្ចឧបត្ថម្ភ​ខាង​ផ្លូវ​ហិរញ្ញវត្ថុ​ពី​អង្គការ​សមាគម ក្រសួង ស្ថាប័ន​បរទេស និង​អន្តរជាតិ​មួយចំនួន​ធំ​ទៀត​ដែរ ។
គម្រោង​បង្កើត​សហគមន៍​អភិវឌ្ឍន៍ មិន​មែន​មាន​នៅ​តែ​ឃុំ​សន្លុង ខេត្ត​តាកែវ​នោះ​ទេ គឺ​មាន​គម្រោង​ដូចគ្នា​នេះ នៅ​ខេត្ត​កណ្តាល និង​ពោធិ៍សាត់ ហើយ​នឹង​បន្ត​ពង្រីក​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់ ។
ចំពោះ​សហគមន៍​ភូមិ​ក្រោម​ដែល​មាន​សភាពប្លែក​បន្តិច ព្រោះ​មាន​ចំនួន​សមាជិក​ច្រើន​ជាង​កម្រិត លោក ទុយ បូ ឲ្យ​ដឹង​ថា បាន​ទទួល​ជោគជ័យ​ច្រើន ៖ «មាន​ជោគជ័យ​ច្រើន ព្រោះ​ឥឡូវ​បាន​គោ​ហ្នឹង អង្គការ​ហីហ្វ័រ​កម្ពុជា ផ្ដល់​ឲ្យ​១២ ឥឡូវ​បាន ១៥​ហើយ ។ ហើយ​ជ្រូក កាល​ផ្ដល់​ឲ្យ​បាន​តែ ១០​គ្រួសារ ឥឡូវ​បាន​ជ្រូក​២០ ប៉ុន្តែ​ឈ្មោល​ៗ គេ​លក់​អស់ ។ ឥឡូវ​បាន​ផ្ដល់​ឲ្យ​បាន ៥​គ្រួសារ ចំនួន​ជ្រូក​១០ ហើយ បាន​កូន​ជ្រូក​ផ្ដល់​ឲ្យ ឥឡូវ​មាន​ផើម​បន្តបន្ទាប់​ទៀត»
ក្រៅ​ពី​នេះ សហគមន៍​ប្រភេទ​នេះ នៅ​មាន​គុណប្រយោជន៍​ដូច​ត​ទៅ ៖ «ទី​១ យើង​បាន​ពូជ​សត្វ​ដែល​អង្គការ​ផ្ដល់​ជូន​យើង​ហ្នឹង ទី​២ យើង​បាន​ជា​ប្រាក់​ក្រុម​ជួយ​ខ្លួន​ឯង ពេល​ដោះ​ទ័ល​កូន​ឈឺ​អី យើង​អាច​មក​ខ្ចី​ប្រាក់​ក្រុម​ជួយ​ខ្លួន​ឯង​ហ្នឹង ហើយ​បាន​បទពិសោធន៍​ពី​ចំណេះ​ដឹង ការចិញ្ចឹម​សត្វ»
ផ្ទាល់​ខ្លួន​លោក លោក ទុយ បូ បាន​ទទួល​ជីវភាព​ធូរធារ ហើយ​គុណភាព​ជីវិត​របស់​លោក​ក៍បាន​ល្អ​ប្រសើរ​ជាង​មុន ៖ «ពី​១៩៨៥ អី ខ្ញុំ​នៅ​វ័យ​ទាហាន កាលណោះ​ប្រទេស​នៅ​ប្រទាញប្រទង់​គ្នា ដល់​ពេល​ស្រុក​បាន​សុខ​សប្បាយ ចប់​ពី​ទាហាន​ទៅ មិន​ដឹង​រក​មុខ​ជំនាញ​អី ដោយសារ​មាន​កម្មវិធី​របស់​អង្គការ​ស្រុក​ទ្រាំង​ហ្នឹង បាន​ឲ្យ​ខ្ញុំ​ទៅ​រៀន ផ្ដល់​ចំណេះ​ដឹង​បាន​ចេះ​បន្តិចបន្តួច ហើយ​មាន​អង្គការ​សិលអាហ្រ្គិត បាន​ជួយ​ឧបត្ថម្ភ​មក ហៅ​ទៅ​រៀន​បណ្ដុះបណ្ដាល ផ្ដល់​ដើម​ទុន​សម្ភារៈ ថ្នាំ​ពេទ្យ​ថ្នាំ​អី​យក​មក​ជួយ ។ ខ្ញុំ​បាន​ជីវភាព​ធូរធារ​ច្រើន ហើយ​កាត់​បន្ថយ​អំពើ​ហិង្សា​ទៀត ។ កាល​មុន​ខ្ញុំ​ដូច​ថា​ចិត្ត​មួហ្មង ឥឡូវ​ដូច​ថា​បាន​ស្គាល់​ចំណេះ​ដឹង​ទៅ គឺ​អត់​សូវ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ»
សួរ​ថា​តើ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​ទើប​អាច​ចូល​ជា​សមាជិក​គម្រោង​អភិវឌ្ឍន៍​នេះ​បាន ?តើ​ចាំ​បាច់​ត្រូវ​ប្តូរ​សាសនា​ដែរ​ឬ​ទេ?
លោក ទុយ បូ ថា អង្គការ​ទាំង​ពីរ​គ្មាន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សាសនា ឬ​ផ្នែក​នយោបាយ​ណា​ឡើយ ៖ «អង្គការ​ហ្នឹង​គាត់​អត់​មាន​ប្រកាន់​ថា សាសនា​ព្រះពុទ្ធ សាសនា​អី គាត់​ជួយ​ទាំង​អស់ អង្គការ​ហីហ្វ័រ និង​អង្គការ​សិលអាហ្រ្គិត ឲ្យ​តែ​ជន​ជាតិ​ចិត្ត​ចង់​ចូល​រួម​គាត់​អត់​មាន​ប្រកាន់​សាសនា អត់​មាន​ប្រកាន់​បក្ស​ពួក ប្រកាន់​បក្ស​ណា​ៗ អត់​មាន​នយោបាយ​អី​ទេ»
ក្នុង​ចំណោម​គោលការណ៍​ទាំង​១២​របស់​អង្គការ​ហីហ្វ័រ លោក ទុយ បូ រំឭក​បាន​មាន​ប្រសាសន៍​ថា ៖ «ការផ្ទេរ​បន្ត ការទទួល​ខុសត្រូវ... ត្រូវការ​ចាំបាច់ ហើយ​ពង្រឹង​ស្មារតី និង​ផ្លូវ​ចិត្ត ការចូលរួម​យ៉ាង​ពេញលេញ ការកែលម្អ​បរិស្ថាន ការផ្ដល់​ចំណេះ​ដឹង»
ទោះជាយ៉ាងណាក្តី ក្រៅ​ពី​មាន​ជំនួយ​ពី​ខាងក្រៅ​ហើយ កសិករ​ខ្មែរ​ដូច​លោក ទុយ បូ អ្នក​ស្រុក​ទ្រាំង ខេត្ត​តាកែវ ក៏​ចាំ​បាច់​ត្រូវ​ជួយ​ខ្លួន​ឯង​ផង​ដែរ ដោយ​ការ​ប្រព្រឹត្ត​តាម​គន្លង​នៃ​គោលការណ៍​ទាំងឡាយ​ខាងលើនេះ និង​អនុវត្ត​ទ្រឹស្តី​រពឹសដៃ​ផ្ទៃឆ្អែត​ថែមទៀត​ផង ៕

អត្ថបទ​ដែល​ទាក់ទង

អង្គការ​ផ្នែក​កសិកម្ម​អាស៊ាន​និង​តំណាង​កសិករ​ខ្មែរ​ជួប​ប្រជុំ​គ្នា

ឆ្នាំ​២០០៨​នេះ​ផលិតផល​ស្រូវ​នឹង​មាន​បរិមាណ​គ្រប់គ្រាន់

កម្ពុជា​នឹង​ទទួល​បាន​ទិន្នផល​ស្រូវ ៧​លាន​តោន​សម្រាប់​ឆ្នាំ​២០០៨

ដំណាំ​ជាង​៤០០​ហិកតារ​នៅ​ស្រុក​ដំបែ ខេត្ត​កំពង់ចាម ត្រូវ​ទឹក​ភ្លៀង​ជន់​លិច

ប្រជា​នេសាទ​ត្អូញត្អែរ​អំពី​ទិន្នផល​ត្រី​ទឹក​សាប​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

វិធី​ថែរក្សា​ដំណាំ​ទៀប​និង​ស្វាយ​ខៀវសាវើយ​ឲ្យ​បាន​ផ្លែ​ធំ

វិធី​ចិញ្ចឹម​ជន្លេន​ក្រហម​សម្រាប់​ចិញ្ចឹម​មាន់

វិធី​ចិញ្ចឹម​មាន់​តាម​បែប​ធម្មជាតិ

កសិករ​ចិញ្ចឹម​មាន់​នៅ​ស្រុក​អង្គស្នួល​ត្អូញត្អែរ​អំពី​តម្លៃ​ចំណី​សត្វ​ឡើង​ថ្លៃ

វិធី​ចិញ្ចឹម​មាន់​ដោយ​ប្រើ​អ៊ី.អឹម