ទៀបជាផ្លែឈើដែលមានដើមកំណើតពីតំបន់ក្តៅនៃទ្វីបអាមេរិក ជាភាសាអង់គ្លេសគេហៅថា Sugar Apple ឬ Custard Apple។ ផ្លែឈើនេះមានរស់ជាតិផ្អែមឆ្ងាញ់ ហើយមានគុណប្រយោជន៍ផ្នែកឱសថខ្លះៗដែរ គឺគេប្រើទៀបជាថ្នាំបញ្ចុះទម្ងន់ ហើយជួយឲ្យត្រជាក់កទៀតផង។ ខ្ញុំលើកយកផ្លែទៀបមកជម្រាប ព្រោះទៀបអាចជាផ្លែឈើនាំចេញបានបើកសិករអាចរក្សាគុណភាពនិងទំហំរបស់វាឲ្យបានគត់មត់ គឺផ្លែធំ សាច់ច្រើន និងគ្រាប់តិច។
ស្តីពីវិធីរក្សាទំហំផ្លែទៀបឲ្យនៅតាមខ្នាតអន្តរជាតិមិនក្រិនតូចនោះ ខ្ញុំសុំអញ្ជើញសម្តីលោកកសិករកិត្តិយស នូវ កាស៊ី ស្តីពីបច្ចេកទេសងាយៗម្យ៉ាងមកជម្រាបមិត្តអ្នកស្តាប់។
លោកអតីតអ្នកនយោបាយដែលមានបទពិសោធន៍ច្រើនពីការដាំដុះ និងចិញ្ចឹមសត្វរូបនេះមានប្រសាសន៍ថា ៖ «ដំណាំទៀបនេះខ្ញុំបានសង្កេត ១០ឆ្នាំ ជាពិសេសដំណាំទៀបនៅតាមផ្លូវជាតិ ជិតកំពង់ចាម និងហួសកំពង់ចាមទៅម្ដុំជិតចម្ការកៅស៊ូជាដើម គឺបងប្អូនយើងមួយចំនួនដាំទៀប ហើយដាំជាលក្ខណៈទម្លាប់។ ឃើញគាត់ដាំល្អដោយសារដីល្អដែរ ប៉ុន្តែមួយឆ្នាំឃើញផ្លែទៀប ផ្លែកាន់តែច្រើន ប៉ុន្តែកាន់តែល្អិត ឆ្នាំក្រោយទៀត ផ្លែងច្រើនទៀត ប៉ុន្តែកាន់តែល្អិតថែមទៀត ដល់យូរៗទៅ ទៀបហ្នឹងលែងត្រូវខ្នាតអីទាំងអស់...»។
ការនេះធ្វើឲ្យកើតជាចម្ងល់ និងការស្វែងរកចម្លើយទៅនឹងចម្ងល់ទាំងនោះ ៖ «ដីល្អហើយ ដាំត្រូវតាមចន្លោះអីល្អហើយ ហើយគាត់ទៅត្រាយព្រៃអីល្អដែរហើយ ហេតុអីក៏នៅតែផ្លែល្អិត? ខ្ញុំឆ្ងល់ដែរ ហើយខ្ញុំបានសង្កេតរហូតដល់ពេលមួយ ទៅខេត្តមួយនៃប្រទេសខាងលិច គេដាំទៀបដែរ។ ទៅដល់ចំពេលដែលគេកំពុងតែកាប់មែកទៀបចោលអស់។ ខ្ញុំភ្ញាក់តែម្ដង ខ្ញុំក៏សួរគេថា អ្នកឯងកាត់មែកចោលអស់នៅសល់តែដើម និងប្រគាប ៣-៤ហ្នឹង អ្នកឯងធ្វើម៉េចបានផ្លែ? គាត់ថា មួយឆ្នាំហ្នឹង គាត់អត់ផ្លែមែន ប៉ុន្តែឆ្នាំក្រោយគាត់នឹងបានផ្លែ ហើយផ្លែធំៗខ្នាតអន្តរជាតិ គាត់អាចយកទៅលក់បានថ្លៃមួយជាពីរ មួយជាបី។ ហើយសម្ដីគេឆ្លើយធ្វើឲ្យខ្ញុំនឹកឃើញដល់ដើមទៀបនៅកំពង់ចាម ដែលមិនដែលកាត់មែកទាល់តែសោះ ទុកឲ្យមែកហ្នឹងចាស់ទៅៗ បែកកាន់តែច្រើនទៅ កាន់តែចង្អៀតទៅ បែកផ្លែគ្រប់ខ្នែងមែន ប៉ុន្តែប៉ុនកដៃ ប៉ុនកដៃកូនក្មេង មានខ្លះប៉ុនមេជើងអី តាំងបែកក្រឡាទុំហើយ»។
លោក នូវ កាស៊ី ស្នើឲ្យកសិករដាំទៀបយកវិធីដាំដោយកាត់មែកនេះមកសាកល្បងប្រើដោយធ្វើបន្តិចម្តងៗ ព្រោះនេះជាវិធីដាំដុះដែលមានប្រសិទ្ធភាព ដែលបានឆ្លងកាត់ការសាកល្បងហើយ ៖ «បើសិនបងប្អូនយើងនៅកំពង់ចាម លោកចង់ឲ្យទៀបលោកផ្លែធំៗខ្នាតអន្តរជាតិល្អ ខ្ញុំស្នើឲ្យសាកល្បងមួយជ្រុងចុះ ក្នុងចម្ការទៀបមួយចម្ការ លោកសាកល្បងតែ១ភាគ៣ទៅចុះ កាត់ត្រឹមប្រគាប ប៉ុន្តែកុំឲ្យស្មើប្រគាប ឲ្យលើប្រគាប ៣តឹក ប្រគាបដែលចែកជាពីរ បែកជាបីហ្នឹង សុំលោកកាប់លើហ្នឹង ៣តឹក។ កាត់ហើយសុំលោកយកខ្លាញ់គោទៅលាបភ្ជិតទៅ កុំឲ្យវាឆ្លងរោគ។ កាត់នៅពេលធាតុអាកាសត្រជាក់ ឬពេលល្ងាច។ ហើយមួយចំនួនដែលលោកកាត់ មួយឆ្នាំហ្នឹងអត់បានផ្លែមែន ទៀបដែលលោកមិនកាត់លោកបានផ្លែ ផ្លែល្អិតៗលក់មិនដាច់ហ្នឹង ប៉ុន្តែមួយចំនួនដែលលោកកាត់នេះ ឆ្នាំនេះលោកមិនបានផ្លែទេ ប៉ុន្តែវានឹងលាស់មែកបំពង់ថ្មី លោកអ្នកម្ចាស់មេត្តាថែគាត់ បើកន្លែងកាត់ហ្នឹងចេញបំពង់ថ្មី ៥-៦ច្រើនពេក សូមទុកយ៉ាងច្រើន៣ ហើយបើទុកតែ២ កាន់តែល្អ។ លាស់មកឃើញបំពង់ណាល្អៗ ២ឬ៣ ទុកទៅ បំពង់ណាដែលតូចៗ ៤-៥កន្លែងទៀត ក្ដិចវាចេញឲ្យស្អាតទៅ ហើយព្យាយាមក្ដិចវាកុំឲ្យដុះមកទៀត។ ថែបំពង់បីហ្នឹង ក្នុងមួយខ្នែងមានបំពង់៣ មួយមែកបំពង់៣ៗ បើលោកកាត់ដើមវានៅសល់មែក៤ លោកបានបំពង់ថ្មី១២។ ១២ហ្នឹងបើថែវាឲ្យធំ ក្នុងមួយបំពង់មិនមែនផ្លែមួយទេ មួយបំពង់អាចផ្លែ ២-៣ ដូច្នេះមួយដើមហ្នឹងលោកបានបំពង់ថ្មី ១២ ឬក៏អាចដល់ទៅ១៦ លោកបានដល់ទៅផ្លែ៤ ក្នុងមួយដើម លោកបានខ្នាតអន្តរជាតិដល់ទៅ៦០ផ្លែ»។
កសិករនឹងពុំខាតបង់អ្វីទេក្រៅពីបានផ្លែទៀបដែលធំខ្នាតអន្តរជាតិទុកបរិភោគ និងដោះដូរ ៖ «លោកយកទៅលក់បានថ្លៃជាងផ្លែល្អិតៗ មួយផ្លូនទៅទៀត ២-៣ផ្លូនទៅទៀត ហើយសាច់ក៏ល្អ សាច់ច្រើន គ្រាប់តូចឆ្ងាញ់។ ខ្ញុំបានសាកល្បងខ្លះទៅហើយ ហើយបានផល ហើយបើបងប្អូនមិនទុកចិត្តទេ សាកល្បងខ្លួនឯងមួយជ្រុង ១ភាគ៣លមើល។ ទៀបគេធ្វើអ៊ីចឹង!»។
វិធីដាំឈើហូបផ្លែដោយការក្រីក្រៀវមែកវានេះ អាចយកទៅអនុវត្តនឹងដំណាំស្វាយក៏បាន។
លោក នូវ កាស៊ី មានប្រសាសន៍អធិប្បាយដូច្នេះ ៖ «រីឯស្វាយក៏អ៊ីចឹងដែរ ជាពិសេសស្វាយខៀវសាវើយ ស្វាយថៃនេះ បើលោកមិនកាត់មែកវាចោលទេ វាអត់ផ្លែតែរហូតហ្នឹង។ ជាស្វាយមួយដែលពិបាកដាំ ប៉ុន្តែបើធ្វើកើតបានផលច្រើន ហើយលក់បានថ្លៃជាងគេ ព្រោះអីខ្ចី ផ្អែម ហើយឆ្ងុយ។ នៅប្រទេសខាងលិច គេធ្វើបានហើយ គេលក់ទៅដល់ផ្សារអន្តរជាតិ ហើយគេកាត់រាល់ឆ្នាំ មិនមែន៣ឆ្នាំម្ដងទេ គេកាត់រាល់ឆ្នាំ។ ស្វាយនេះចូលចិត្តលេងខ្លួន បានន័យថា បែកមែកច្រើន ស្លឹកទ្រុបទ្រុល ហើយយើងម្ចាស់ថាស្វាយខ្ញុំល្អណាស់។ មិនមែនទេ ផ្ទុយទៅវិញស្វាយហ្នឹងមិនល្អទេ កាលណាទុកឲ្យស្លឹកទ្រុបទ្រុល គាត់លេងតែស្លឹកហ្នឹងរហូត គាត់អត់ផ្កាទេ។ ផ្ទុយទៅវិញបើសិនជាកាត់គាត់ ហើយកាត់នេះ មិនមែនកាត់ធម្មតាទេ កាត់ខ្លាំងណាស់។ ស្វាយខៀវសាវើយ គឺកាត់យ៉ាងតិច ៤០% ចោល កាត់កុំស្ដាយ កុំអាណិត»។
វិធីនេះ លោក នូវ កាស៊ី បានសាកល្បងដោយខ្លួនឯងបានទទួលជោគជ័យល្អរួចហើយ ទើបហ៊ានយកមកផ្សព្វផ្សាយជូនបងប្អូនកសិករខ្មែរឲ្យបានជ្រាប ៖ «ខ្ញុំសាកល្បង ស្វាយខ្ញុំ ៦០០ដើម ពេញវ័យផ្លែ១ ផ្លែ២ មួយដើម អត់រួចថ្លៃថែទាំទេ ប៉ុន្តែពេលមួយនោះ មានអ្នកជំនាញម្នាក់គេមកមើល ថា លោកកុំអាណិតវា កាត់វា៤០% កាត់ចោលទៅ រួចបានយើងដាក់ជីបំប៉នខាងគល់ ដាក់ជីលាមកគោ។ ខ្ញុំធ្វើអ៊ីចឹងទៅ ឆ្នាំហ្នឹងគឺផ្លែពេញ ផ្កាពេញមែនទាំងអស់ ហើយជ្រុះអស់ពាក់កណ្ដាលទៅ ក្ដិចចោលខ្លះទៅ ទុកតែផ្កាល្អៗទៅ ហើយដល់មកផ្លែទៀត ក្ដឹបណាដែលវៀច ផ្លែក្ងិចក្ងក់អី ក្ដិចចោលទាំងអស់ ទុកតែអាមូលល្អៗ ប៉ុណ្ណឹងនៅសល់មួយដើមចង់ ៦០ផ្លែអី ហើយមួយដើម ៦០ផ្លែ ផ្លែប៉ុនៗកំភួនដៃ ធ្ងន់ណាស់...»៕
