បើយើងខ្ញុំជម្រាបថាមានខ្មែរអាចផលិតក្តារងឿកម្រាស់១តឹកពីឫស្សីបាន តើមិត្តអ្នកស្តាប់យល់យ៉ាងណាដែរ? ក្តារងឿឫស្សីនេះមិនមែនគ្រែឫស្សីធម្មតា ដែលគេតែងតែដំឡើងនៅក្រោមដើមក្រខុប ឬដើមអំពិលបារាំងមុខផ្ទះសម្រាប់អង្គុយលេងនោះទេ តែជាក្តារងឿដែលខាត់រលោងស្រិល ហើយដែលក្តារងឿនេះលោក សួស សារ៉ន សិប្បករអ្នកផលិតបន្ទះឫស្សីតម្បាញមុនគេបង្អស់នៅកម្ពុជា អះអាងថា លោកអាចផលិតជូនបានតាមបំណងអតិថិជន មិនថាចង់ក្រាស់ចង់ស្តើងប៉ុណ្ណា ចង់បានក្រឡាបែបណាក៏អាចធ្វើជូនបាន។
លោក សួស សារ៉ន អ្នកស្រុកពាមរ ខេត្តព្រៃវែង នៅម្តុំអ្នកលឿងមកខាងជើង ជានាយការិយាល័យអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងទេសចរណ៍ ប្រាប់យើងខ្ញុំថាអ្វីដែលលោកប្រតិដ្ឋឡើងនោះមិនមាននរណាធ្វើដូច ៖ «របស់ដែលខ្ញុំបង្កើតហ្នឹងវាជារឿងថ្មីបំផុតមួយ ដែលគេកំពុងតែនិយាយថាមិនធ្វើតាមគេ។ បើយើងឃើញចិន ឬក៏ថៃ ជប៉ុន អីគេធ្វើហើយ យើងធ្វើតាមគេរបស់ហ្នឹងវាយកចម្លងពីគេវិញ»។
លោក សារ៉ន ប្រើពេលទំនេរឲ្យមានប្រយោជន៍ដោយគិតគូរប្រតិដ្ឋបន្ទះឈើធ្វើពីឫស្សីគ្រប់មុខមិនថាតូច ឬធំ ត្រង់ ឬវៀច ៖ «ព្រោះឫស្សីបានសម្គាល់ឃើញថាមានដើមធំបំផុតប៉ុនដើមចេកក៏មានដែរ ឫស្សីធឺធំបំផុត ហើយនិងឫស្សីល្អិតបំផុតប៉ុនចង្កឹះ ប៉ុនធូបអាហ្នឹងក៏ឫស្សីដែរ ប្រភេទរុក្ខជាតិឫស្សីដែរ ដែលខ្ញុំសូមរាប់រៀបជូន។ តែប្រភេទប៉ុនចង្កឹះហ្នឹង ប៉ុនធូបហ្នឹង គេមិនសូវប្រើទេ គឺឃើញត្រឹមតែយកចងជាអម្បោសបោសថ្នល់នៅក្រុងភ្នំពេញយើង អ្នកបបោសថ្នល់គេយកឫស្សីប្រភេទហ្នឹង ចងបាច់ៗទៅគេយកបបោសថ្នល់ គេអត់មានយកធ្វើរបៀបខ្ញុំហ្នឹងទេ។ តែខ្ញុំគឺថាសុំប្រមូលយកវាទាំងអស់ហ្នឹងបូករួមជាមួយអាធំអាតូចហ្នឹងកាត់វាយកទៅប្រើប្រាស់បានទាំងអស់»។
តើវិធីធ្វើកម្រាលក្តារដោយឫស្សីរបស់លោក សួស សារ៉ន ដែលកំពុងជិតចូលនិវត្តន៍ហើយនេះមានលក្ខណៈពិសេសយ៉ាងណា? លោកប្រាប់ថាលោកយកបំពង់ឫស្សីមកកាត់ជាកង់ៗដូចកាត់អំពៅសាង ៖ «របៀបធ្វើលក្ខណៈពិសេសដូចខ្ញុំហ្នឹង គឺថាកាត់ជាកង់ដូចថ្នាំងអំពៅអ៊ីចឹង ដូចកាត់អំពៅសាងអ៊ីចឹង ព្រោះអីអត់មានច្រៀកអីទេគឺកាត់ទាំងអស់។ អ៊ីចឹងបានថាឫស្សី បើកាត់តាមរបៀបខ្ញុំគឺបានទាំងអស់ ទាំងឫស្សីវៀចទាំងឫស្សីត្រង់ទាំងអស់ហ្នឹង ហើយយកទៅផ្សំគ្នាបានទាំងដើមតូចទាំងដើមធំយកទៅច្របាច់បញ្ចូលជាមួយគ្នា តែមិនមែនកិនទេ គឺសាច់ឫស្សីហ្នឹងនៅមើលទៅឃើញឫស្សីកង់តូចឫស្សីកង់ធំអី មើលទៅនៅទាំងអស់អត់មានកិនទេ បើសិនជាកិនបញ្ចូលជាមួយគ្នាហ្នឹង បានន័យថាយើងធ្វើកុំផ្លាកេតាមបច្ចេកទេសគេ»។
បន្ទាប់មកលោក សារ៉ន តម្រៀបថ្នាំងឫស្សីដែលអារជាកង់ៗនោះនៅលើកម្រាលសំណាញ់ឫស្សី ៖ «វិធីតម្រៀបវាដូចរបៀបប្រព័ន្ធនៃការត្បាញអ៊ីចឹងដែរបើតាមមើល កាន់គ្រប់សរសៃសូត្របើគេត្បាញគ្រប់សរសៃអំបោះអ៊ីចឹង។ ប៉ុន្តែរបៀបដូចខ្ញុំនេះគឺតម្រៀបគ្រប់កង់ថ្នាំងឫស្សីយើងកាត់កង់ៗហើយហ្នឹង តម្រៀបវាទៅម្ដងមួយៗនៅលើកម្រាលមួយដែលកម្រាលហ្នឹងខ្ញុំបានធ្វើជាឫស្សីដែរ កម្រាលបាតខាងក្រោមធ្វើជាឫស្សីទាំងអស់ហ្នឹង ដល់ហើយវានៅក្ដាំងលើបន្ទះសំណាញ់របស់យើង ដែលធ្វើពីឫស្សីដែរហ្នឹង ក្ដារហ្នឹងវាក្ដាំងនៅលើគ្នាជាប់នៅក្រឡាថ្នាំងឫស្សីយ៉ាងម៉េចគឺអ៊ីចឹង»។
ផលិតផលដែលបានពីការតម្រៀបនេះអាចធ្វើជាក្រឡាបែបណាក៏បាន ដែលជាសិល្បៈហត្ថកម្ម ធ្វើដោយដៃ បស្ចឹមប្រទេសគេនិយមណាស់ ៖ «មើលទៅឃើញជាក្រឡាៗអ៊ីចឹង ហាក់ដូចជាហូលដែលត្បាញមានក្រឡាអ៊ីចឹង ដល់ស្អាតទៅយើងមើលទៅដូចក្រឡាហូល ដែលយើងត្បាញហូលអ៊ីចឹង ហើយចង់រៀបវាទៅជាក្បាច់ស្អីផ្សេងៗគ្នាក៏បានដែរ ព្រោះអីអានេះវានៅដុំរបស់វា ចំណិតដុំឈើរបស់វាចង់យើងយកវាទៅតម្រៀបជាក្រឡាស្អីក៏បានអាហ្នឹងធ្វើដោយដៃ»។
លោកនាយការិយាល័យអភិវឌ្ឍន៍ធនធានមនុស្សអធិប្បាយថា លោកប្រើជ័រទឹកផង ជ័រវិទ្យាសាស្ត្រប្រភេទស៊ូពែរគ្លូផង ជាតួយឹតយោងថ្នាំងឫស្សីឲ្យក្តាំងជាប់គ្នា ៖ «សារធាតុរបស់វាគឺអាចយកបាន ទី១យើងអាចយកជ័របិទទូកបុរាណយើង ជ័រឈើស្រុកខ្មែរយើងជ័របិទទូកហ្នឹងជម្រើសទី១។ ជម្រើសទី២ទៀត ជ័រវិទ្យាសាស្រ្ដឥឡូវនេះ សម័យឥឡូវគេមានជ័រគីមីវិទ្យាសាស្រ្ដសម្រាប់លក់ ប៉ុន្តែរបស់ទាំង២ហ្នឹងអាចមានតម្លៃវាប្រហាក់ប្រហែលគ្នាហ្នឹង។ តម្លៃជ័រទូកក៏តម្លៃប្រហែលហ្នឹង តម្លៃជ័រគីមីវិទ្យាសាស្រ្ដក៏តម្លៃប្រហែលគ្នាហ្នឹង។ អ៊ីចឹងបានថាពីរហ្នឹងតម្លៃប្រើប្រាស់បានដូចគ្នា ប៉ុន្តែជ័រគីមីវាអាចជាប់ជាង»។
ដើម្បីឲ្យងាយយល់ពីវិធីត្បាញថ្នាំងឫស្សី លោក សួស សារ៉ន អធិប្បាយថាឫស្សីមានរង្វង់មិនស្មើគ្នាទេដូច្នេះត្រូវរើសយករង្វង់តូចទៅញាត់ក្នុងរង្វង់ធំបន្តៗគ្នារហូតដល់ពេញជិតជាសាច់ឈើ។ ដោយការត្បាញកម្រាលឫស្សីប្រភេទនេះ ត្រូវប្រើពេលវេលានិងពលកម្មច្រើនដូចត្បាញហូល ត្បាញសូត្រដែរនោះ លោក សារ៉ន នៅពុំទាន់បានវាយតម្លៃផលិតផលសិប្បកម្មរបស់លោកថាគួរលក់ក្នុងតម្លៃប៉ុន្មាននៅឡើយទេ។
លោកមានប្រសាសន៍ថា ៖ «ធ្វើម៉ាស៊ីនពាក់កណ្ដាល ធ្វើដោយដៃកម្លាំងមនុស្សហ្នឹងពាក់កណ្ដាល អ៊ីចឹងបានថាដល់តម្លៃវិញខ្ញុំកំពុងតែពិចារណា។ ពិចារណាថាឫស្សីស្រុកខ្មែរយើងវាមិនជាថ្លៃទេ តែដល់ពេលតែប្រើប្រាស់ភ្លើងស្រុកខាងយើងនេះ ភ្លើងជួនវាថ្លៃជួនវាថោកតាមតំបន់ដែរ ឯកម្លាំងពលកម្មនៅខាងស្រុកខ្មែរយើងវាតាមហ្នឹងដែរ ដូច្នេះការវាយតម្លៃយ៉ាងម៉េចៗនៅក្នុងការពិចារណានៅឡើយ។ តែគ្រាន់តែខ្ញុំយល់ថាគុណភាពឫស្សីយើង បើធ្វើទៅកើតអានេះមិនជាចាញ់ឈើប្រភេទប្រណីតប្រមាណទេ អ៊ីចឹងបានជាសមថាឲ្យវាបានតម្លៃណាសមរម្យបន្តិចផងដែរ។ ព្រោះអីឫស្សីជាប្រភេទរបស់ល្អដែរ បើថាធ្វើបានដូចអ៊ីចឹងទៅ រលោងមើលទៅសឹងថាហ៊ានឲ្យពិន្ទុដោយខ្លួនឯង អាហ្នឹងមើលទៅមិនចាញ់បេង មិនចាញ់នាងនួនពេកទេ ព្រោះឫស្សីរលោងល្អណាស់ដល់ត្រូវថ្នាំ ដល់ត្រូវម៉ូទ័រខាត់ម៉ាស៊ីនទៅ វារលោងល្អមែនទែន។ អ៊ីចឹងបានថាតម្លៃថ្លៃថ្នូរ បើតាមការរៀបរាប់ទោះយ៉ាងណាក៏មិនថ្លៃដូចបេង នាងនួន ពេកដែរ វាមិនដល់ថ្លៃហ្នុងទេ»។
ចំពោះបងប្អូនដែលប្រាថ្នាចង់ឃើញក្តារងឿឫស្សី កម្រាលផ្ទះធ្វើពីឫស្សី និងស្នាដៃផ្សេងៗទៀតរបស់លោក សួស សារ៉ន អាចអញ្ជើញទៅមើលបាននៅឯផ្ទះលោកខាងជើងអ្នកលឿង៕
