នាទីកសិកម្មថ្ងៃនេះ សូមជូនភាគបញ្ចប់នៃការដាក់បង្គងចិញ្ចឹមឃ្មុំ តាមរយៈការអធិប្បាយរបស់លោក ពាង ឆុញ អ្នកជំនាញខាងការចិញ្ចឹមឃ្មុំដោយដាក់បង្គងនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឃ្មុំព្រៃសព្វថ្ងៃមិនសំបូរដូចសម័យដែលខ្មែរមានព្រៃគ្របដណ្តប់ក្រាស់ក្រែលមុនសម័យអភិវឌ្ឍន៍ ដែលរដ្ឋាភិបាលបានផ្តល់សម្បទានឲ្យក្រុមហ៊ុនបរទេសដល់ទៅ២៤ ឲ្យចូលមកកាប់ព្រៃយកឈើមូលជាង ១លានម៉ែត្រគូបក្នុង១ឆ្នាំៗ កាលពីទសវត្សរ៍ឆ្នាំ ១៩៩០។ ទោះជាយ៉ាងនេះក្តី ខ្មែរនៅអាចចិញ្ចឹមឃ្មុំបានខ្លះៗនៅឡើយ។ គេអាចដាក់បង្គងឲ្យឃ្មុំព្រៃ មកទំបាន ៤០-៥០ភាគរយដែរ។
លោក ពាង ឆុញ នៃភូមិត្បែងខាងជើង រំឭកពីដំណាក់កាលនីមួយៗ នៃការចិញ្ចឹមឃ្មុំដោយដាក់បង្គងដូច្នេះ ៖ «ទី១ បើពលរដ្ឋចង់ចិញ្ចឹមឃ្មុំខ្លួនឯង ឲ្យកាប់បង្គង។ ដើរមើលតាមព្រៃទាបៗ.... ព្រៃដែលគេកាប់ឆ្ការរួចពីរឆ្នាំដែលវាលាស់មក គេដើរមើលព្រៃណាដែលវាខ្ពស់បន្តិច ឬក៏មានស្បាតពីមុខ»។
ចំពោះសំណួរថា តើតំបន់ណាខ្លះនៅកម្ពុជា ដែលអាចអនុវត្តការដាក់បង្គងនេះបាន?
លោក ពាង ឆុញ មានប្រសាសន៍ ៖ «ដែលខ្ញុំធ្លាប់ដើរទៅខេត្តគេខេត្តឯង ខ្ញុំដើរឃើញព្រៃដាក់បង្គងទំបាន ខេត្តកំពង់ធំ និងខេត្តកោះកុង... ជួរត្រង់ណោះឯងខ្ញុំធ្លាប់ទៅ ខ្ញុំបង្រៀនគេដាក់ទំឡើងគេប្រមូលផលបានរាប់ពាន់លីត្រ ខាងកោះកុង ខ្ញុំធ្លាប់ទៅ។ ខាងខេត្តបន្ទាយមានជ័យ ខាងបន្ទាយឆ្មារ ខ្ញុំធ្លាប់ទៅ ដាក់អត់មានទំទេ។ នៅនោះព្រៃស្រោង ព្រៃរបោះ វាស្រឡះ ព្រៃឈើខ្ពស់ៗ ដាក់អត់ទំបានទេ មានតែខេត្តសៀមរាបយើងនេះឯង ឃើញព្រៃដាក់បង្គងបានទំ»។
តំបន់ណាទៀតដែលដាក់ហើយឃ្មុំមិនសូវមកទំ? លោក ពាង ឆុញ បានឲ្យដឹងដូច្នេះ ៖ «ខាងព្រះវិហារ ឯណោះក៏ដាក់អត់ទំដែរ ព្រៃវាស្រោង របោះៗ ស្រោងៗ ដាក់អត់ទំទេ។ បើថាដាក់ទំមានតែព្រំប្រទល់កំពង់ធំ-ព្រះវិហារ មកខាងកំពង់ធំទេបានអាចដាក់ទំ»។
ដំណាក់កាលទី២ គឺការរកដើមឈើដើម្បីកាប់យកបង្គងមកដាក់ឲ្យឃ្មុំទំ ៖ «កាប់ឈើណាដែលរលីងៗ ដើមផ្អុង ដើមតាសេក ដើមកកោះ... ប៉ុន្តែវាចូលចិត្តខ្លាំងមែនទែនគឺដើមតាសេក និងដើមកកោះ គឺដាក់ឆាប់ទំណាស់។ បើកាប់បង្គងបានប្រវែង ៣ម៉ែត្រ ឬ ២ម៉ែត្រ កាប់បាន លាក់ខាងក្បាលវា ដាក់កម្ពស់ខាងមុខវា ២ម៉ែត្រកន្លះ ខាងក្រោយកម្ពស់មួយម៉ែត្រ ឲ្យវាអើតខាងមុខ ខាងក្បាលវា។ ឈើគេកាប់ដាក់បង្គងទំហំប៉ុនកំភួនជើង យើងថាត្រឹមមួយតឹក វាតូច ឬមួយធំពេក យើងអាចលើកលីម្នាក់ឯងស្រួល កុំឲ្យធំពេក»។
តើបង្គងនីមួយៗ អាចដាក់ឲ្យឃ្មុំទំបានប៉ុន្មានដង? លោក ពាង ឆុញ ប្រាប់ទៀតថា ៖ «ឲ្យតែបង្គងដាក់បានទំម្ដងហើយ យើងទុកបាន ៣ឆ្នាំ វាទំទាំងបីឆ្នាំហ្នឹង ទាល់តែបង្គងហ្នឹងបាក់បានផ្លាស់ថ្មីទៀត»។
រីឯដំណាក់កាលទី៣ គឺយកស្លឹកឈើមកគ្របពីលើបង្គង ៖ «កាប់ស្លឹកឈើមកគ្របពីលើវាឲ្យជិតពន្លឺ ធ្វើបង្អួចខាងកំណល់ដែលយើងបោះដាក់ចម្ពាម ធ្វើបង្អួចវាឲ្យវាចេញចូលទំ ទុកឲ្យមេវាចេញចូលយកផ្កា ចេញចូលៗឲ្យស្រឡះស្រួល កុំឲ្យវាជិត តែជិតវាចេញ... អត់ងាយទំទេតែជិតពីមុខ»។
លុះដល់ឃ្មុំមកទំធ្វើសម្បុកនិងដល់ពេលយកទឹកឃ្មុំហើយ លោក ពាង ឆុញ មានប្រសាសន៍ថា លោកមិនប្រើវិធីដុតឃ្មុំ ឬបាញ់ថ្នាំដូចអ្នកខ្លះអនុវត្តទេ ៖ «ខ្ញុំអុជភ្លើងបាន យកស្លឹកឈើរុំ កាច់ដើមឈើតូចៗ បាន ខ្ញុំអុជឆេះអាហ្នឹងទៅខ្ញុំយកស្លឹកឈើរុំ ខ្ញុំហែកធ្វើបង្ហុយ ផ្លុំភ្លើងនោះឲ្យមានផ្សែងទៅ ឃ្មុំវាអត់ទិចទេ ក្លាច វាហើរ។ យកតែក្បាលទឹករួចខ្ញុំចេញមក»។
កាលណាវាត្រូវផ្សែងហើយ ឃ្មុំនឹងពុលផ្សែងមិនទិចមនុស្សទេ ៖ «ខ្ញុំអត់ដែលមានពាក់ម៉ាស់ ពាក់មួកទេ ខ្ញុំស្លៀកតែខោខ្លីអត់អាវក៏មាន។ វាមានទិចដែរបន្តិចបន្តួចមួយមេពីរមេ ប៉ុន្តែខ្ញុំយកអត់មានអុជមានអីទេ»។
លោក ពាង ឆុញ មានប្រសាសន៍ឲ្យដឹងថា ត្រូវចៀរយកតែក្បាលទឹក ទុកសំណុសឲ្យកូនខ្ចីធំធាត់ក្លាយជាឃ្មុំធំ រួចសឹមយកម្តងទៀត លើកនេះយកទាំងក្បាលទឹកយកទាំងសំណុសឃ្មុំ ៖ «ដល់រយៈពេលមួយខែ វាធ្វើក្បាលទឹកទៀត ខ្ញុំយកទៀតបង្ហើយ។ យកហ្នឹងមើលផង មើលរយៈពេលកូនខ្ចី យើងអារក្បាលទឹក យើងទុកបាន វាអាចនៅបានធ្វើក្បាលទឹកទៀត...»។
ចំពោះវិធីសម្គាល់ថាតើទឹកឃ្មុំដែលមានលក់នៅលើទីផ្សារជាទឹកឃ្មុំព្រៃបរិសុទ្ធ ឬលាយទឹក លាយស្ករ? លោក ពាង ឆុញ ប្រាប់ដូច្នេះ ៖ «ទឹកឃ្មុំសុទ្ធទម្លាក់ទៅក្រដាសអត់សើមក្រដាសទេ ទម្លាក់ទៅលើក្ដារក៏អត់សើមក្ដារ... វាអត់ជ្រាបចូលទៅក្ដារបានទេ ទាល់តែយូរមួយថ្ងៃបានជ្រាប ហ្នឹងទឹកឃ្មុំសុទ្ធ។ បើទឹកឃ្មុំលាយទឹក ទឹកឃ្មុំលាយស្ករ ទឹកឃ្មុំលាយទឹកវាជូរ ទឹកឃ្មុំលាយស្ករផ្លាស្សេទឹកកកទៅ តែ ១៥នាទីវាកកកន្លះៗដប ហ្នឹងទឹកឃ្មុំលាយស្ករ»។
បើសិនជាមិត្តអ្នកស្តាប់ប្រាថ្នាចង់ជ្រាបបន្ថែមអំពីបច្ចេកទេសចិញ្ចឹមឃ្មុំដោយដាក់បង្គងនេះ តើអាចធ្វើទំនាក់ទំនងជាមួយនរណា? លោក ពាង ឆុញ ប្រាប់ដូច្នេះ ៖ «ទាក់ទងតាមរដ្ឋបាលព្រៃឈើខេត្តសៀមរាប។ លេខទូរស័ព្ទខ្ញុំ ០៩២ ៤៥៥ ២៦៧»៕
